(ត្បូងឃ្មុំ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង លោក ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តត្បូងឃ្មុំ ។
ពិធីប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ ដោយបានការចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា ថ្នាក់ដឹកនាំក្រុងស្រុក និងនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផ្សេងទៀត។
សូមបញ្ជាក់ថា យោងប្រកាសលេខ ២១៨ត.ត ០៨២២ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អត្តលេខ១៩៩៦០០៧ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បច្ចុប្បន្នជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អត្តលេខ០០២៥៧៣ ជាសមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន។
បន្ទាប់ពីពិធីប្រគល់ប្រកាសតែងតាំង និងត្រារួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត មានប្រសាសន៍ថា កន្លងមកនេះអង្គភាពកងរាជអាវុធហត្ថខេត្ត បានសហការល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការបង្ក្រាបបទល្មើសនានា ព្រមទាំងបានចូលរួមគ្រប់សកម្មភាពជាមួយថ្នាក់ដឹកនាំខេត្តផងដែរ។ ថ្នាក់លើពិតជាមានសុភវិនិច្ឆ័យខ្ពស់ណាស់ ដែលបានផ្ដល់តួនាទីតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាអ្នកនៅក្នុងមូលដ្ឋាននេះស្រាប់។ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា រ័ត្ន ចាន់ណា មានអតីតភាពយូរមកហើយ មានបទពិសោធន៍ច្រើនលើការគ្រប់គ្រង និងការអនុវត្តច្បាប់ ដូច្នេះស័ក្កិសមនឹងទទួលមុខតំណែងជាមេបញ្ជាការនៅពេលនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សូមឱ្យលោកវរៈសេនីយ៍ឯក មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បន្តវីរៈភាពដឹកនាំពីមេបញ្ជាការមុន រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានក្រមសីលធម៌ទៅលើការអនុវត្តច្បាប់ ដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។ គោលការណ៍របស់កងរាជអាវុធហត្ថ ការតែងតាំងមុខតំណែង គឺជ្រើសរើសមន្ត្រីនៅក្នុងមូលដ្ឋាន មិនយកពីក្រៅមកទេ ដើម្បីលើកទឹកចិត្តដល់អ្នកដែលបានខិតខំតស៊ូកន្លងមក។ ធ្វើជាមេគេត្រូវយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទឱ្យបានដិតដល់ ការអនុវត្តការងារ ការហូបចុក កន្លែងស្នាក់នៅ មធ្យោបាយប្រើប្រាស់ និងគិតអំពីបញ្ហាសុខភាពផងដែរ។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្ដេជ្ញា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ខិតខំកសាងអង្គភាព បន្តសហការជាមួយរដ្ឋអំណាច ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងកិច្ចប្រតិបត្តិការនានាឱ្យចំទិសដៅ បន្តគ្រប់គ្រងទុកដាក់ឱ្យបានត្រឹមត្រូវ នូវរាល់មូលដ្ឋានសម្ភារៈ និងគ្រឿងបំពាក់យោធបរិក្ខារ។ លើកកម្ពស់គុណភាពអប់រំ រៀនសូត្រ បង្កើនសមត្ថភាពចំណេះដឹង ចាប់តាំងពីថ្នាក់មេបញ្ជាការរហូតដល់យុទ្ធជន អំពីច្បាប់ បទបញ្ជា សារាចរណ៍ សេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តិនានា។ ប្រែក្លាយការរស់នៅរបស់កងទ័ពទាំងមូល ឱ្យក្លាយទៅជាផែនឯកភាព ក្នុងចលនាប្រលងប្រណាំង រស់នៅស្អាត និងហូបស្អាតប្រកបដោយអនាម័យខ្ពស់៕