ដកហូតកាំភ្លើងខ្លី ២ដើម ក្រោយឃាត់ខ្លួនមុខសញ្ញា២នាក់ ក្នុងករណីជួញដូរថ្នាំញៀន

ថ្ងៃអាទិត្យ 8 ឧសភា 2022, 7:22

ខេត្តបាត់ដំបង! កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលជំហានដំបូងនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហូត សាវី ភេទប្រុ ស អាយុ  ៣៦ឆ្នាំ រស់នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន០៨ថង់ ទម្ងន់២៣៣,៧២ក្រាម ទាំងសំបក,ទូរស័ព្ទដៃ០១គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង ,និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។

 

ឆ្លងតាមការស្រាវជ្រាវនិងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាជាបក្សពួកម្នាក់ទៀតឈ្មោះ សេង សុវណ្ណារ៉ា ហៅ ទូ ភេទប្រុស អាយុ  ៣៣ឆ្នាំ រស់នៅបណ្តោះអាសន្នក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយដកហូតវត្ថុតាង អាវុធខ្លី បាញ់គ្រាប់ជ័រ ប្រើហ្គាសចំនួន ០២ដើម  , ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

 

ចំពោះករណីនេះដែរ ជនសង្ស័យនិងវត្ថុតាត្រូវបាននគរបាលការិយាល័យជំ នាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដកហូតកាំភ្លើងខ្លី ២ដើម ក្រោយឃាត់ខ្លួនមុខសញ្ញា២នាក់ ក្នុងករណីជួញដូរថ្នាំញៀន

PLB Banner on article detail