សាប៊ូ Liby

ពលរដ្ឋងាយរងគ្រោះចំនួន ៦១០គ្រួសារ ក្នុងស្រុកចំនួន០៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

ថ្ងៃសៅរ៍ 7 ឧសភា 2022, 7:35

ខេត្តបាត់ដំបង! នៅថ្ងៃ ៦ ខែឧសភា  ឆ្នាំ២០២២នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខានិងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាតមកពី១៣៤ភូមិ នៃស្រុកចំនួន៣ រួមមាន ស្រុករតនមណ្ឌល ស្រុកសំឡូត និងស្រុកកំរៀង សរុបចំនួន ៦១០គ្រួសារ ។

 

ពិធីនេះដែរបានរៀបចំធ្វើឡើងនៅទីតាំងចំនួន៣កន្លែងផ្សេងគ្នារួមមាន៖ ទីតាំងទី១ នៅសាលាស្រុកកំរៀង ស្ថិតក្នុងស្រុកកំរៀងចំនួន២០០គ្រួសារ ,ទីតាំងទី២ នៅសាលាឃុំមានជ័យ ក្នុងស្រុកសំឡូត ចំនួន ២១០គ្រួសារ , និងទីតាំងទី៣ នៅបរិវេណវត្តស្តៅ ស្ថិតក្នុងស្រុករតនមណ្ឌល មានចំនួន២០០គ្រួសារ ។

 

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ បានសម្តែងនូវក្តីសប្បាយរីករាយ និងពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ និងគ្រួសារជនជាតិភាគតិចព្នងដែលងាយរងគ្រោះទាំងអស់ នៅតំបន់ដាច់ស្រយាលនេះប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។ 

 

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា ញញឹមដាក់គ្នា ស្រឡាញ់គ្នាដូចបងប្អូន ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងចេះថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកឱ្យបានគង់វង្ស ។

 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។ 

 

ឯកឧត្តមបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ទី២បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយ សូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។

 

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី០១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ០១កេស,ទឺកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងជែល០១ដបផងដែរ ។

ពលរដ្ឋងាយរងគ្រោះចំនួន ៦១០គ្រួសារ ក្នុងស្រុកចំនួន០៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
ពលរដ្ឋងាយរងគ្រោះចំនួន ៦១០គ្រួសារ ក្នុងស្រុកចំនួន០៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
ពលរដ្ឋងាយរងគ្រោះចំនួន ៦១០គ្រួសារ ក្នុងស្រុកចំនួន០៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
ពលរដ្ឋងាយរងគ្រោះចំនួន ៦១០គ្រួសារ ក្នុងស្រុកចំនួន០៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
ពលរដ្ឋងាយរងគ្រោះចំនួន ៦១០គ្រួសារ ក្នុងស្រុកចំនួន០៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
ពលរដ្ឋងាយរងគ្រោះចំនួន ៦១០គ្រួសារ ក្នុងស្រុកចំនួន០៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

PLB Banner on article detail