ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុនមកពីប្រទេសចិនមួយដែលមានឈ្មោះថា Yunnan បានសម្តែងបំណងចង់ធ្វើការវិនិយោគទៅលើប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមើលឃើញថា ក្រុងព្រះសីហនុនាពេលបច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan បានមានប្រសាសន៍ថា ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន គឺទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
លោកថា ក្រុមហ៊ុនរបស់លោកបានមកសិក្សាខ្លះៗនូវប្រព័ន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ ហើយប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ធ្វើការពិនិត្យ ។
យ៉ាងណាក៏ដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែលោកស្នើឲ្យក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើមានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយះពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត ។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានស្នើរឲ្យក្រុមហ៊ុនសិក្សាឲ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនិរតី៕