អ្នកជំនាញ​បង្កើន​ការអភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍ ភ្នំ​ជំរក​សត្វ​ឆ្វាំង​

ថ្ងៃពុធ 27 មេសា 2022, 9:58

​ស្ទឹងត្រែង​៖ ទីតាំង​តំបន់ភ្នំ​ជម្រក​សត្វ​ឆ្វាំង​នៅក្នុង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ត្រូវបាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សហការ​ជាមួយ​អង្គការ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​អនុផល​ព្រៃឈើ​ហៅ​កាត់​ថា NTFP EP ធ្វើជា​ដែ​គូ រួមគ្នា​រៀបចំ​អភិវឌ្ឍន៍​ឱ្យក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​មាន​ស្តង់ដារ ដើម្បី​បម្រើឱ្យ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្ត​។​

 

​ក្នុង​កិច្ច​ចុះ​ពិនិត្យ​សក្តានុពល​ទេសចរណ៍​នៅ​តំបន់ភ្នំ​ជម្រក​សត្វ​ឆ្វាំង នៅ​ថ្ងៃទី​២៦​មេសា​ឆ្នាំ​២០២២ លោក​អ៊​ន់​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​សហគមន៍​នៅ​មូលដ្ឋាន​នេះ ត្រូវ​ជួយ​បន្ត​អភិរក្ស សក្តានុពល​ដែល​យើង​មាន​ស្រាប់ ឱ្យនៅ​គង់វង្ស ដូចជា​ដើមឈើ​ធំៗ ទីតាំង​ល្អាង​ថ្ម​ពី​ធម្មជាតិ សម្រាប់​រៀបចំ​ឱ្យ​កាន់តែ​មាន​ភាព​បៃតង​ស្អាត​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​។​

 

​លោក​បញ្ជាក់ថា ចាប់ពី​នៅ​ឆ្នាំ​២០១៨​មក​មន្ទីរ​ទេសចរណ៍​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា រៀបចំ​ភ្នំ​ជម្រក​សត្វ​នេះ​បានជា​សហគមន៍​រមណី​យ​ដ្ឋា​ន​អេកូ​ទេសចរណ៍​រួចហើយ ដែលមាន​សមាជិក​ចូលរួម​ប្រមាណ​ជាង​២០ គ្រួសារ​។​

 

​លោក​បន្តថា យើង​នៅ​ត្រូវការ​អ្នក​ជួយ​បន្តទៀត​ព្រោះ​សក្តានុពល​ធម្មជាតិ​ដែលមាន​ស្រាប់ អាច​រៀបចំ​អភិវឌ្ឍ​បន្ថែម ឱ្យ​ដើរ​ទន្ទឹមគ្នា​និង​ការអភិរក្ស ដើម្បី​បង្ក​លទ្ធភាព​ឱ្យ​ប្រជា​សហគមន៍​នាំគ្នា​ការពារ​ធនធានធម្មជាតិ​ផង និង​រកបាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ផង​។​

 

​លោក ស៊ឹម​ប៊ុនធឿន ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​អនុផល​ព្រៃឈើ​ហៅ​កាត់​ថា NTFP EP បាន​ចាត់ទុកថា​សក្តានុពល​នៅ​តំបន់ភ្នំ​នេះ​អាច​រៀបចំ​ធ្វើឱ្យ​ភ្ញៀវ​ពេញ​ចិត្តបាន​ព្រោះ​អ្វីៗ​នៅមាន​ស្ថានភាព​ដើម​ដែលជា​ធនធាន​បំរើឱ្យ​វិស័យ​ទេសចរណ៍​បានល្អ​ប្រសើរ​ហើយ​អង្គការ​ដៃគូ​គាំទ្រ​ផ្នែក​ថវិកា​ទៅតាម​ជំហានៗ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍ​និង​សហប្រតិបត្តិការ​ស្វី​ស​និង​ស៊ុយអែត​ដើម្បី​បើក​កិច្ច​សហការគ្នា​ធ្វើឡើង​ក្នុង​រយៈពេល​២​ឆ្នាំ​បន្តទៀត​។​

 

​លោក​បន្តថា កិច្ចការងារ​នេះ​សូម​ឯកភាព​ជាមួយ​មន្ទីរ​ទេស​ចរណ៍​និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​សហការ​​ក្នុងការ​រៀបចំ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ភ្នំ​ជម្រក​សត្វ​នេះ​ឱ្យបាន​ឆាប់​ទៅតាម​ស្តង់ដារ​នៃ​គម្រោង​ប្លង់​មេ​របស់​មន្ទីរ​ទេសចរ​ណ៍ ដែលមាន​ស្រាប់ រៀបចំ​ជា​ល្អាង​ប្រចៀវ​.​ល្អាង​អូន​បង​.​ល្អាង​ភ្ចា​ប់​និស្ស័យ​.​ល្អាង​លោក​សឹង​.​ល្អាង​សត្វ​អ​ន្ស​ង​. ល្អាង​ឥសី​សំណាក់​ធ៌​ម​.​និង​ទីតាំង​បួងសួង​លោកតា​ភឹម​ជាដើម​។​

 

​លោក​ញាន​ផុន​ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់ថា​៖​ប្រជា​សហ គម​ន៍​ចង់​បានការ​អភិវឌ្ឃន៍​តំបន់​នេះ​យូរ​មកហើយ​តែ​ពុំមាន​លទ្ធភាព ពេលនេះ​បាន​មន្ទីរ​ទេសចរណ៍​និង​អង្គការ​ដៃគូ​មាន​ផែនការ​ជាក់លាក់​រៀបចំ​ប្រជា​សហគមន៍​រីករាយ​និង​ចូលរួម​ដើម្បី​សហការ​រៀប ចំ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ឱ្យមាន​ភាព​រីកចម្រើន​ទៅបាន​ឆាប់រហ័ស​។​

 

​សូមបញ្ជាក់ថា នៅក្នុង​ឃុំ​សំអាង​ក្រៅពី​ភ្នំ​ជម្រក​សត្វ មាន​ភ្នំ​ឈ្ងោក​និង​ភ្នំ​ក្ងោកមាស​ស្ថិតនៅ​ជិតគ្នា​នេះ ហើយ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ត្រូវការ​ដៃគូ​មក​វិនិយោគ​ធ្វើជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ព្រោះ​សក្តានុពល​ធម្មជាតិ​នៅ​ភ្នំ​នេះ​មាន​អំណោយផល​ទៅលើ​វិស័យ​ទេសចរណ៍​ស្រាប់​ទៅហើយ​នៅ​ខ្វះ​តែ​ផ្លូវ​ចូល​និង​ផ្លូវ​ឡើងទៅ​ទស្សនា​តែប៉ុណ្ណោះ​៕ ក្រសួង​ព័ត៌មាន​

អ្នកជំនាញ​បង្កើន​ការអភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍ ភ្នំ​ជំរក​សត្វ​ឆ្វាំង​
អ្នកជំនាញ​បង្កើន​ការអភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍ ភ្នំ​ជំរក​សត្វ​ឆ្វាំង​
អ្នកជំនាញ​បង្កើន​ការអភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍ ភ្នំ​ជំរក​សត្វ​ឆ្វាំង​
អ្នកជំនាញ​បង្កើន​ការអភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍ ភ្នំ​ជំរក​សត្វ​ឆ្វាំង​

PLB Banner on article detail

អត្ថបទពេញនិយម