ខេត្តបាត់ដំបង! លោក ឈុន ខែម ប្រជាកសិកររស់នៅភូមិសង្ហារ ឃុំស្តៅ ស្រុករតន:មណ្ឌល បានប្រាប់ឲ្យដឹងនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២នេះថា បច្ចុប្បន្នលោក ជាមួយនឹងកូនកំពុងបន្តលើមុខរបរចិញ្ចឹមសត្វឃ្មុំយកទឹកដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែពេលនេះត្រូវជួបប្រឈមបញ្ហាឃ្មុំងាប់ច្រើនធ្វើឲ្យទិន្នផលថយចុះ។
លោកបន្តថា បទពិសោធន៍ក្នុងមុខរបរចិញ្ចឹមឃ្មុំរយ:ពេលបីឆ្នាំកន្លងមកនេះបានធ្វើឲ្យលោក និងកូនមានលទ្ធភាពពង្រីកមេឃ្មុំចិញ្ចឹមកើនឡើងជាបន្តបន្ទាប់ផ្តើមពីមេឃ្មុំចំនួន ១០ធុង កើនឡើងរហូតដល់ចំនួន ១០០ធុង តែឥឡូវនេះដែរក៏កំពុងជួបនូវផលប៉ះពាល់សត្វឃ្មុំងាប់ច្រើនខ្លាំងណាស់ដែរដោយសារតែគេបាញ់ថ្នាំពុលសម្លាប់សត្វល្អិតនៅតាមដំណាំតាង៉ែន ឳឡឹក ឬដំណាំដាំយកផ្កាផ្សេងៗដែលគេដាំដុះនៅក្បែរទីតាំងចិញ្ចឹមឃ្មុំក្នុងរង្វង់ពី ១ ទៅ២គីឡូម៉ែត្រ។
ការពង្រីកធុងចិញ្ចឹមមេសត្វឃ្មុំកើនឡើងនេះខុសពីពូជសត្វដ៏ទៃ ដោយអ្នកចិញ្ចឹមឃ្មុំត្រូវចេះពិនិត្យមើល និងស្គាល់ស្តេចឃ្មុំទើបគេចាប់ស្តេចឃ្មុំនោះបំបែកទៅដាក់ក្នុងធុងមួយផ្សេងទៀតទើបកូនចៅ និងបរិវារសត្វឃ្មុំហើរទៅតាមស្តេចឃ្មុំ ដោយយើងអនុវត្តរបៀបខាងលើនេះទៅតាមចំនួនជាក់ស្តែងនៃធុងផ្ទុកសត្វឃ្មុំនីមួយៗ ហើយរវាងទឹកឃ្មុំចិញ្ចឹមនិងទឹកឃ្មុំដែលរស់នៅតាមដើមឈើបែបធម្មជាតិ មានគុណភាពប្រហាក់ប្រហែលគ្នា គ្រាន់តែថាមេឃ្មុំដែលរស់នៅតាមដើមឈើមានលទ្ធភាពប៉ឺតផ្កាបានច្រើនមុខជាងឃ្មុំចិញ្ចឹមព្រោះវាហើរបានឆ្ងាយជាង។
លោក ឈុន ខែម បានលើកឡើងទៀតថា÷ សត្វឃ្មុំផ្តល់ផលច្រើន ឬតិចអាស្រ័យទៅលើរដូវ បើរដូវដើមគរ ឬដើមកៅស៊ូចេញផ្កាគឺទទួលបានផលច្រើន ដែលក្នុងរយ:ពេល ១៥ថ្ងៃ ឃ្មុំ ១០០ធុង ( សម្បុក ) ហុចផលទឹកឃ្មុំបានប្រមាណជា ១៥០លីត្រ រីឯតម្លៃបោះដុំលក់បាន ១០ដុល្លាក្នុង ០១គីឡូក្រាម ។