មន្ត្រីជំនាញចុះបង្ក្រាបទីតាំងស្តុកនិងរក្សាទុកសត្វជ្រូកនាំចូលពីថៃនៅក្បែរមាត់អូរព្រំដែន

ថ្ងៃច័ន្ទ 17 មករា 2022, 20:30

ខេត្តបន្ទាយមានជ័យ៖ កម្លាំងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបទីតាំងស្តុក និងរក្សាទុកសត្វជ្រូករស់និងក្លាសេមួយកន្លែងស្ថិតនៅក្បែរអូរព្រំដែនកម្ពុជា-ថៃចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលសង្ស័យថាមានការនាំចូលពីប្រទេសថៃដោយខុសច្បាប់។

  លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២  ក្រោមកិច្ចសហការជាមួយមន្ត្រីមូលដ្ឋានសម្របសម្រួលលើនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។

  លោកប្រធានការិយាល័យបានឱ្យដឹងទៀតថា ដោយសង្ស័យពីករណីនាំចូលជ្រូកកណ្តុរពីប្រទេសថៃដោយខុសច្បាប់ យកមករក្សាទុកក្នុងរូបភាពកសិដ្ឋានចិញ្ចឹម កម្លាំងជំនាញសហការជាមួយមន្ត្រីមូលដ្ឋានបានចុះឆែកឆេរនិងសួរនាំរកឯកសារពាក់ពន្ធ័ ហើយក្រោយសមត្ថកិច្ចនិងកម្លាំងជំនាញចុះដល់ទីតាំងម្ចាស់បានធ្វើការវាយកំទេចទ្រុងដើម្បីឱ្យជ្រូករត់ចេញពីទ្រុងចូលព្រៃអស់ ហើយម្ចាស់ក៏បានគេចខ្លួនបាត់ផងដែរ។

លោកបន្តថា ម្ចាស់ទីតាំងខាងលើត្រូវបានគេស្គាល់ថាមានឈ្មោះ តាំ ជ័យ ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាអ្នកនាំចូលជ្រូកកណ្តុរពីប្រទេសថៃដោយខុសច្បាប់ ដែលស្នាក់នៅទីតាំងខាងលើ ហើយនៅថ្ងៃមន្ត្រីជំនាញចុះនេះដែរ រូបគេក៏បានរំដោះជ្រូកកណ្តុររស់ប្រមាណជា៧០ក្បាលអោយរត់ចូលព្រៃ ដោយនៅសេសសល់ជ្រូករស់ចំនួន០២ក្បាលប៉ុណ្ណោះត្រូវបានដកហូត រួមជាមួយជ្រូកធ្វើរួចចំនួន០៩ក្បាលផងដែរដែលជនសង្ស័យក្លាសេទុកក្នុងធុងទឹកកក។

លោកបន្តថានេះជារូបភាពថ្មីមួយទៀតដែលអ្នករកស៊ីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃធ្វើដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ ដោយដឹកជ្រូករស់មកដាក់ក្នុងទ្រុងកសិដ្ឋានជាលក្ខណៈចិញ្ចឹម ហើយលក់ចេញទៅទីផ្សារ ខណៈជ្រូកកណ្តុរកំពុងមានហាងឆេងល្អ និងពិបាកក្នុងការនាំចូល។

មន្ត្រីជំនាញចុះបង្ក្រាបទីតាំងស្តុកនិងរក្សាទុកសត្វជ្រូកនាំចូលពីថៃនៅក្បែរមាត់អូរព្រំដែន

PLB Banner on article detail

អត្ថបទពេញនិយម