ក្រុមហ៊ុន​ចិន​មួយ ចង់​វិនិយោគ​ចិញ្ចឹម​ត្រី​សមុទ្រ ក្នុង​បែ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស​

ថ្ងៃពុធ 12 មករា 2022, 8:57

​យោងតាម​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បានបង្ហាញ​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​ផែនការ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​រប​ស់​ក្រុមហ៊ុន​ជីន យូ តាំង (​ខេ​ម​បូ​ឌា​) ហ្វី​សឺ​រី ឯ​.​ក ដែល​ផែនការ​វិនិយោគ​នេះ គឺ​ពិតជា​សំខាន់​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ដល់​វិស័យ​ជលផល​នៅ​កម្ពុជា​។​

 

​ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​បញ្ជាក់ថា ផែនការ​វិនិយោគ​វារីវប្បកម្ម​សមុទ្រ ក៏បាន​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ទាំង​ផល​ត្រី​សមុទ្រ​ធម្មជាតិ និង​ផល​ត្រី​ចិញ្ចឹម​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​។ ការលើកឡើង​បែបនេះ​របស់​ឯកឧត្តម បាន​ធ្វើឡើង​ក្នុងឱកាស​ទទួល​ជួប​លោកស្រី ជេ​ស៊ីកា តំណាង​ក្រុមហ៊ុន ជីន យូ តាំង (​ខេ​ម​បូ​ឌា​) ហ្វី​សឺ​រី ឯ​.​ក នា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២​។​

 

​លោកស្រី​តំណាង​ក្រុមហ៊ុន ជីន យូ តាំង (​ខេ​ម​បូ​ឌា​) ហ្វី​សឺ​រី ឯ​.​ក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល ដែល​បាន​ផ្តល់ឱកាស និងគាំទ្រ​ចំពោះ​សំណើ​ផែនការ​វិនិយោគ​វារីវប្បកម្ម តាមបែប​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ​នៅ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស ដែល​ដំណាក់កាល​ទី​១ នៃ​ផែនការ​វិនិយោគ​នោះ គឺ​លើ​ផ្ទៃ​ទឹកសមុទ្រ​ចំនួន ១៩៨៤ ហិកតា​។​

 

​យ៉ាងណាក៏ដោយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​ដល់​ក្រុមហ៊ុន​បញ្ជូន​ឯកសារ​វាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​វិនិយោគ​វារីវប្បកម្ម​សមុទ្រ​នេះ មក​ក្រសួង និង​ជាពិសេស​ត្រូវធ្វើ​ការស្នើសុំ និង​មានការ​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមុនសិន ទើប​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​អាច​ចុះ​កិច្ចព្រមព្រៀង​លើ​ការអនុវត្ត​គម្រោង​នេះ​ជាមួយ​ក្រុមហ៊ុន​បាន​៕

ក្រុមហ៊ុន​ចិន​មួយ ចង់​វិនិយោគ​ចិញ្ចឹម​ត្រី​សមុទ្រ ក្នុង​បែ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស​
ក្រុមហ៊ុន​ចិន​មួយ ចង់​វិនិយោគ​ចិញ្ចឹម​ត្រី​សមុទ្រ ក្នុង​បែ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស​
ក្រុមហ៊ុន​ចិន​មួយ ចង់​វិនិយោគ​ចិញ្ចឹម​ត្រី​សមុទ្រ ក្នុង​បែ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស​
ក្រុមហ៊ុន​ចិន​មួយ ចង់​វិនិយោគ​ចិញ្ចឹម​ត្រី​សមុទ្រ ក្នុង​បែ​ជិត​តំបន់​កោះដែកគោល និង​កោះ​ថាស​

PLB Banner on article detail