ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល ២០២១-២០២២​ក្នុង​ខេត្តបាត់ដំបង ជិត ១០​ម៉ឺន​នាក់​

ថ្ងៃច័ន្ទ 3 មករា 2022, 9:30

​ខេត្តបាត់ដំបង​! រយៈពេល​០២​ថ្ងៃ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុង​និង​ក្រៅ​តំបន់​ចូល​មកលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តបាត់ដំបង​ឆ្លង​ឆ្នាំ សកល​២០២១-២០២២​មាន​រហូត​ជិត ១០​ម៉ឺន​នាក់​។​

 

​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២​នេះ​ថា​÷ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ ២០២១-២០២២ រយ​:​ពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២​កន្លងមកនេះ​ខេត្តបាត់ដំបង​បានទទួល​ស្វាគមន៍​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ ( ដែលមាន​ស្រាប់ ) សរុប​ចំនួន ៨៥,៥០៩​នាក់ ក្នុងនោះ​ភ្ញៀវ​មួយចំនួន​បាន​ចូល​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​រមណីយដ្ឋាន​ទេសចរ រួច​វិល​ត្រឡប់មក​សម្រាក​នៅក្នុង​ទីប្រជុំជន​ខេត្ត​វិញ និង​ភ្ញៀវ​ខ្លះទៀត​បាន​បោះតង់​សម្រាក​ឆ្លង​រាត្រី​ឆ្នាំ​ថ្មី​នៅ​នឹង​គោលដៅ​ទេសចរ​តែម្តង​។​

 

​លោក​បន្តថា ក្នុង​រង្វង់​ភ្ញៀវទេសចរ​ទាំង ៨៥,៥០៩​នាក់​ខាងលើ​ភាគច្រើន​ជា​មនុស្សពេញវ័យ​មានការ​កើនឡើង​ចំនួន ៣៦២.០៨% បើ​ប្រៀបធៀប​ទៅនឹង​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២០- ២០២១ ហើយ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង បាន​សម្រុក​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​នានា និង​ពេល​រាត្រី​ភ្ញៀវ​បាន​ចូល​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង មណ្ឌល​កម្សាន្ត​នៅក្នុង​ក្រុង​ដោយមាន​ភ្ញៀវ​ពេញៗ​ទាំងអស់​។​

 

​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា បាន​បញ្ជាក់ថា បើទោះបី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​បិទ​បញ្ចប់​ក៏ដោយ តែ​ស្ថានភាព​ពី​ការឆ្លង​និង​ចម្លង​មេរោគ​កូ​វីដ​១៩ នៅតែ​ជា​បញ្ហា​ប្រឈម និង​ក្តីកង្វល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ដែល​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​រួមគ្នា​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ឲ្យ​បាន​ម៉ឺងម៉ាត់ មិនត្រូវ​ធ្វេសប្រហែស​ខណៈពេលដែល​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​(OMICRON)​កំពុងតែ​ឆ្លង​រីក​រាលដាល​នៅតាម​បណ្តា​ប្រទេស​មួយចំនួន ជា​បន្តបន្ទាប់​ហើយ​កម្ពុជា​យើង​ក៏មាន​អ្នកជំងឺ​នេះ​មួយចំនួន​ផងដែរ​(​ប្រភេទ​នាំចូល​)៕​

ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល ២០២១-២០២២​ក្នុង​ខេត្តបាត់ដំបង ជិត ១០​ម៉ឺន​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម