សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន នាំយក​អាវ​រងា​ជា​អំណោយ​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ និង​ប្រជា​ការពារ ៨៤៧​គ្រួសារ​

ថ្ងៃអាទិត្យ 26 ធ្នូ 2021, 14:47

​ប៉ៃលិន​៖ ថ្ងៃទី​២៦ ខែធ្នូ  ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​សមាជិក​កិត្តិយស​សាខា​, ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា អនុសាខា យុវជន​កាកបាទក្រហម​ខេត្ត និង​យុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ក៏ដូចជា​បាន​នាំយក​អាវ​រងា  និង​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ដល់​ចាស់ជរា ប្រជាពលរដ្ឋ​ដែល មាន​ជីវភាព​ខ្វះខាត​ដោយ សារ​វិបត្តិ​កូ​វីដ​-១៩ និង​ប្រជា​ករពារ​ភូមិ ចំនួន  ៨៤៧​គ្រួសារ នៅក្នុង​ឃុំ​ទាំង​បួន  នៃ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

 

 លោកជំទាវ បាន ស្រីមុំ បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃលែង​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ប្រធាន ជា​មាតា​មនុស្សធម៌​កម្ពុជា តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង​ឧ​ប​ទ្ទេ​ហេតុ​ផ្សេងៗ នៅ​ទូទាំងប្រទេស​គ្រប់ពេលវេលា ដោយ មិនមាន​ការរើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ នយោបាយ​អ្វី​ឡើយ ជាពិសេស​មិន​បណ្តោយឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ មិនបាន​ដឹង និង​មិនបាន​ជួយ​ដោះស្រាយ​នោះឡើយ ។ ជាក់ស្តែង​នៅក្នុង​រដូវរងា​នេះ សម្តេច​ទាំង​ទ្វេរ​បានប្រគល់​អាវ​រងា និង​ថវិកា​មួយចំនួន ជូន​ដល់​លោកតា លោកយាយ ជនពិការ និង​ប្រជា​ការពារ​ភូមិ ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត​ចូលរួមចំណែក​ការពារ​សន្តិសុខ សណ្តាប់​ក្នុងភូមិ ។​

 

​លោកជំទាវ​បន្តថា  កន្លងមក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ជម្រុញ​គ្រប់​សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យ​អនុវត្តន៍​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​០៧​ប្រការ​របស់​ចលនា​កាកបាទក្រហមកម្ពុជា ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​បានផ្តល់​ជា​សម្ភារៈ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ដល់ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ឧ​ប​ទ្ទេវ​ហេតុ ផ្សេងៗ​ដូចជា​៖ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​មាន​ជីវភាព ខ្វះខាត គ្រួសារ​ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ មេរោគ អេដស៍ ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​សព​ខ្វះខាត ជាដើម ជាពិសេស​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ក៏ដូចជា​មេរោគ​បំប្លែង​ថ្មី  អូ​មី​ក្រុង  ហើយ​ជាក់ស្តែង​នាពេលនេះ បើទោះបីជា​អំណោយ​ស្បៀង​ទាំងនេះ​មិនបាន​បំពេញ​តាម​តំរូវការ​របស់​បងប្អូន​ពិតមែន តែ​ក៏​អាច​ដោះស្រាយបាន​មួយកំរិត​ផងដែរ ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វីដ​-១៩​នេះ​។​

 

​លោកជំទាវ ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព ដោយ​ត្រូវ​រក្សា​អនាម័យ​ក្នុង​ការរស់នៅ​ជាប្រចាំ ដូចជា​៖ លាងដៃ​នឹង​សាប៊ូ ហូប​ទឹក​ឆ្អិន និង​ស​ម្រា​ន​ក្នុង​មុង​ជានិច្ច ដើម្បី​ចៀសវាង​ការកើតមាន​ជំងឺ​តម្កាត់​ផ្សេងៗ ជាពិសេស​ជំងឺ​កូ​វីដ​-១៩ ដែល​យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់ ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ បំ​លែង​ថ្មី​(​អូ​មី​ក្រុង​) នៅក្នុង​សហគមន៍ ហើយ​ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ការពារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣​ការពារ ៣​កុំ ក្នុងនោះ​បើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ករណី​សង្ស័យ សូម​ប្រ​ញ៉ាប់​ប្រញាល់ រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ជំនាញ ធ្វើការ​ពិនិត្យ​សុខភាព ឬ​ធ្វើ​សំណាក និង​ទទួល​ការព្យាបាល​បាន​ទាន់ពេលវេលា​។​

 

​សូមបញ្ជាក់ថា ចាស់ជរា  ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង ប្រជា​ការពារ ទាំង​៤​ឃុំ គឺ​ឃុំ​សាលា​ក្រៅ ឃុំ​អូរអណ្តូង ឃុំ​ស្ទឹង​កាច់ និង​ឃុំ​ស្ទឹងត្រង់  ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អាវ​រងា​១ ភួយ​១ ក្រមា​១ ជែ​ល​លាងដៃ​(​កន្លះ​លីត្រ​) ២​ដប ,​ម៉ាស់ ៥​បន្ទះ និង​ថវិកា​ចំនួន ៥០០០០​រៀល​៕​

សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន នាំយក​អាវ​រងា​ជា​អំណោយ​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ និង​ប្រជា​ការពារ ៨៤៧​គ្រួសារ​
សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន នាំយក​អាវ​រងា​ជា​អំណោយ​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ និង​ប្រជា​ការពារ ៨៤៧​គ្រួសារ​
សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន នាំយក​អាវ​រងា​ជា​អំណោយ​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ និង​ប្រជា​ការពារ ៨៤៧​គ្រួសារ​
សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន នាំយក​អាវ​រងា​ជា​អំណោយ​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ និង​ប្រជា​ការពារ ៨៤៧​គ្រួសារ​

PLB Banner on article detail