ព្រោះតែការធ្វេសប្រហែសពីឪពុកម្តាយ កូនស្រីជាទីស្រឡាញ់ដើរធ្លាក់ចូលស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃពុធ 15 ធ្នូ 2021, 20:1

ខេត្តបាត់ដំបង! ក្មេងស្រីអាយុ១៦ខែម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលម្តាយរវល់ដាំស្ល និងឪពុកដេកយោលអង្រឹងនៅនឹងផ្ទះ។

 

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា ហេតុការណ៍ប្រទះឃើញក្មេងលង់ទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រុមទី៦ ភូមិតាហែន ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលសពក្មេងស្រីរងគ្រោះឈ្មោះ ឃិន ស្រីប្រាង អាយុ១៦ខែ ដែលមានម្តាយឈ្មោះ ហាយ បារាំង អាយុ ២៩ ឆ្នាំ និងឪពុកឈ្មោះ ប៊ី ឃិនមុខរបរធ្វើស្រែ អ្នកទាំងអស់គ្នារស់នៅភូម-ឃុំកើតហេតុខាងលើ ។

 

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ហាយ បារាំង ដែលត្រូវជាម្ដាយបង្កើតក្មេងរងគ្រោះបានអោយដឹងថា÷កាលពីវេលាម៉ោង ៨និង០០នាទីខ្លួនបានដាំបាយនៅនឹងផ្ទះរបស់ខ្លួន ចំណែកកូនស្រីឈ្មោះ ស្រីប្រាងបានរត់លេងនៅខាងមុខផ្ទះពេលនោះខ្លួនពុំបានចាប់អារម្មណ៍ទេក៏នៅបន្តដាំបាយនឹងធ្វើម្ហូបក្រោយមកខ្លួនក៏បានរកមើលកូនពុំឃើញហើយខ្លួននឹកស្មានថាកូនរបស់ខ្លួនដើរទៅលេងនៅផ្ទះយាយដែលនៅពីខាងត្បូងគ្នាចម្ងាយប្រហែល ១០ម៉ែត្រ ព្រោះកន្លងមកវាតែងតែទៅលេងនៅផ្ទះរបស់យាយ។

 

ស្ត្រីជាម្តាយបានបន្តថា  រហូតដល់ប្រហែលមួយម៉ោងពេលដែលខ្លួនបានដាំបាយធ្វើម្ហូបឆ្អិនក៏ដើរទៅរកកូននៅផ្ទះយាយ តែពុំឃើញហើយក៏បានស្រែកហៅប្ដីរបស់ខ្លួនឈ្មោះ ប៊ី ឃិន ដែលបានដេកអង្រឹងនៅក្បែរនោះឲ្យជួយរក ហើយប្ដីរបស់ខ្លួនក៏ងើបហើយរត់ទៅមើលនៅឯស្រះខាងក្រោយផ្ទះដែលមានចម្ងាយប្រហែល ១០ម៉ែត្រក៏ប្រទះឃើញកូនស្រីអណ្ដែតទឹកស្រះហើយក៏បានស្រង់ឡើងនាំគ្នាយកកូនទៅកាន់មណ្ឌលសុខភាព ឃុំឃ្លាំងមាសដើម្បីឲ្យគ្រូពេទ្យជួយពិនិត្យក្រោយមកគ្រូពេទ្យបានប្រាប់ថាកូនស្រីរបស់ខ្លួនបានស្លាប់ហើយខ្លួនទាំងពីរនាក់ប្ដីប្រពន្ធក៏បានយកសពកូនត្រឡប់មកផ្ទះវិញដើម្បីធ្វើបុណ្យ និងសូមអះអាងបញ្ជាក់ថាការស្លាប់របស់កូននាងខ្ញុំគឺដោយសារលង់ទឹកស្រះដោយខ្លួនឯងពិតប្រាកដមែនគឺពុំមានករណីអ្វីផ្សេងឡើយ។

 

ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញនិងក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានថាសពរបស់ក្មេងរងគ្រោះខាងលើគឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ព្រោះតែការធ្វេសប្រហែសពីឪពុកម្តាយ កូនស្រីជាទីស្រឡាញ់ដើរធ្លាក់ចូលស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម