Smart Hearing Borey Mongkol1 ZORUS

រដ្ឋមន្ត្រី​ការងារ ៖ រណសិរ្ស​២​ធ្នូ ក្រៅពី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ បាន​ជួយ​ស្តារ កសាង​សង្គមជាតិ​ឲ្យ​ប្រែ​មុខមាត់​ថ្មី​

ថ្ងៃពុធ 1 ធ្នូ 2021, 19:39

​រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​បាន​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ឲ្យ​ចាក​ចេញពី​មហន្តរាយ​នៃ​របប​អាវខ្មៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា ឲ្យ​មានការ​កែប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ រហូត​ទទួលបាន​សុខសន្តិភាព ឯកភាព​ជាតិ និង​ការអភិវឌ្ឍ ដូច​សព្វថ្ងៃនេះ​។ ទន្ទឹម​និង​ការចាប់បដិសន្ធិ រណសិរ្ស​២​ធ្នូ សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា មានឈ្មោះ​ដើម​ហៅថា “ សហជីព​កម្មករ​សង្គ្រោះ​ជាតិ​កម្ពុជា ” បាន​បង្កើតឡើង​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ គឺ​ព្រម​គ្នា​ជាមួយ​រណៈ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ប្រមូលផ្តុំ​កម្លាំង​ប្រជាពលរដ្ឋ នៅតាម​ជាយក្រុង​ដែល​ទើប​និង​រំដោះ​រួច ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណា​ធានា​នូវ​ជីវភាព​រស់នៅ​បាន​ដោយ​បង្កបង្កើនផល​កសិកម្ម​។​

 

​នេះ​ជា​ប្រសាសន៍​លើកឡើង របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ប្រធាន​គណៈកម្មាធិការ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធី​សំណេះសំណាល​ខួប​អនុស្សា​រី​យ៍​លើក​ទី​៤៣ ទិវា​កំណើត រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១ ដោយមាន​អ្នកចូលរួម​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ប្រមាណ​ជាង​៣០០​នាក់​។

 

​ឯកឧត្តម​បណ្ឌិត​មានប្រសាសន៍ថា ស្មារតី ២​ធ្នូ ១៩៧៨ ដែលជា​រណសិរ្ស នៃ​កម្លាំង​មហាជន​អ្នកស្នេហាជាតិ​គ្រប់​និន្នាការ​នយោបាយ ដឹកនាំ​បង្កើត​ដោយ​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហាពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឥស្សរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរំដោះ​ប្រទេសជាតិ ចេញពី​របប​ប្រល័យពូជសាសន៍​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ផ្តើមចេញពី​វីរភាព​ដ៏​អង់អាច​ក្លាហាន​នេះ ទើប​រណសិរ្ស​ទាំងមូល អាច​ទទួលបាន​ជ័យជម្នះ ព្រមទាំង​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​បុព្វហេតុ​សាមគ្គីភាព ឯកភាព ការកសាង ការស្តារ ការការពារ និង​អភិវឌ្ឍ​ប្រទេសជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​យើង​ចាត់ទុកថា​ជា​បុព្វការី ពុំ​អាច​បំភ្លេចបាន សម​នឹង​ពាក្យស្លោក​ថា “ មាន​ថ្ងៃ​២​ធ្នូ ទើប​មាន​ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​មានជីវិត​យើងទាំងអស់គ្នា និង​មាន​អ្វី​ទាំងអស់​ដូច​សព្វថ្ងៃនេះ​”​។

 

​ឯកឧត្តម​បណ្ឌិត បានផ្តល់​អនុសាសន៍ ដល់​អង្គការ​សហជីព​ត្រូវ​ចងចាំ​ថា សហជីព​នៅ​កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨​។ ដូចនេះ ត្រូវមាន​ក្រុមការងារ​រៀបចំ​ចងក្រង​នូវ​ប្រវត្តិ​នេះ ទុកជា​ឯកសារ ដើម្បី​ប្រើប្រាស់​ទុកជា​ប្រយោជន៍​ដល់​សហជីព​ជំនាន់​ក្រោយ បាន​ស្រាវជ្រាវ​សិក្សា​ស្វែងយល់ ដើម្បី​ទុកជា​ឧ​ត្ត​ម​ប្រយោជន៍​រួម​របស់​ជាតិ​។ ទន្ទឹមនេះ ត្រូវបង្កើត​មូលនិធិ​សហជីព ២​ធ្នូ ៧៨ ដើម្បី​ចូលរួមចំណែក ក្នុង​ការជួយ​ដល់​អតីត​អ្នក​សហជីព និង​អ្នក​សហជីព​បច្ចុប្បន្ន ដែល​ចាស់ជរា និង​ជួប​ទុក្ខលំបាក​ផ្សេងៗ និង​អាចជួយ​ដល់​សកម្មជន​សហជីព និង​កម្មករនិយោជិត​ដែល​បាន​ជួប​នូវ​បញ្ហាលំបាក​ផ្សេងៗ​។ ឯកឧត្តម​បាន​សំដែង​នូវ​ការដឹងគុណ ចំពោះ​អតីត​សហការី​សហជីព​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ធ្វើឱ្យ​ប្រទេសជាតិ ទទួលបាន​សន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើសុំ​ឱ្យ​បងប្អូន​សហជីព​ទាំងអស់ បន្ត​ចូលរួមចំណែក ក្នុង​សកម្មភាព​សង្គម​នានា ជាពិសេស​ការចូលរួម​ការពារ​សិទ្ធ និង​អត្ថប្រយោជន៍​ជូន​បងប្អូន​កម្មករនិយោជិត តាមរយៈ​ការចូលរួម​ជំរុញ និង​តាមដាន​ការអនុវត្ត​អនុសាសន៍​គន្លឹះ​ទាំង​១០​ចំណុច របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ ក្នុងអំឡុងពេល​ជួប​សំណេះសំណាល​ចំនួន​៧៧​លើក​កន្លងមក ជាមួយ​បងប្អូន​កម្មរ​និយោជិត ជាង​មួយ​លាន​នាក់ សំដៅ​ពង្រឹង​សុដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ  លើក​កំពស់​លក្ខខណ្ឌ​ការងារ ការពារ​សិទ្ធិ​ការងារ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​កម្មករនិយោជិត​យើង​៕​

រដ្ឋមន្ត្រី​ការងារ ៖ រណសិរ្ស​២​ធ្នូ ក្រៅពី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ បាន​ជួយ​ស្តារ កសាង​សង្គមជាតិ​ឲ្យ​ប្រែ​មុខមាត់​ថ្មី​
រដ្ឋមន្ត្រី​ការងារ ៖ រណសិរ្ស​២​ធ្នូ ក្រៅពី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ បាន​ជួយ​ស្តារ កសាង​សង្គមជាតិ​ឲ្យ​ប្រែ​មុខមាត់​ថ្មី​
រដ្ឋមន្ត្រី​ការងារ ៖ រណសិរ្ស​២​ធ្នូ ក្រៅពី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ បាន​ជួយ​ស្តារ កសាង​សង្គមជាតិ​ឲ្យ​ប្រែ​មុខមាត់​ថ្មី​

PLB Banner on article detail

អត្ថបទពេញនិយម