រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ គាំទ្រ​អង្គការ ហេឡែន ខេ​ល​ល័​រ លើ​គម្រោង​លើកកម្ពស់​សុខភាព ​និង​អាហារូបត្ថម្ភ​តាម​បណ្តា​រោងចក្រ​

ថ្ងៃអង្គារ 30 វិច្ឆិកា 2021, 11:36

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបង្ហាញ​ពី​ជំហរ​គាំទ្រ​ចំពោះ​អង្គការ ហេឡែន ខេ​ល​ល័​រ ដែល​នឹងត្រូវ​អនុវត្ត​សាកល្បង​គម្រោង​លើកកម្ពស់​សុខភាព និង អាហារូបត្ថម្ភ នៅតាម​បណ្តា​រោងចក្រ​មួយចំនួន តាមរយៈ​ការ ស្នើ​ឲ្យ​មានការ​រៀបចំ​ជា​កិច្ចព្រមព្រៀង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង ជាមួយ​អង្គការ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ អនុវត្ត​ទៅ​ទទួលបាន​ប្រសិទ្ធភាព និង​ជោគជ័យ​រួម​។

 

​ការគាំទ្រ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើ​ឡើង​ក្នុងឱកាស​ឯកឧត្តម​អនុញ្ញាត​ឲ្យ​លោកស្រី Gwyneth Cotes នាយិកា​ប្រចាំ​ប្រទេស អង្គការ ហេឡែន ខេ​ល​ល័​រ អន្តរជាតិ ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  លើ​ការសាកល្បង​គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​នៅតាម​បណ្តា​រោងចក្រ​មួយចំនួន​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ អង្គការ​ហេឡែន ខេ​ល​ល័​រ ដែល​បាន​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​របស់ខ្លួន​តាំងពី​ឆ្នាំ​១៩៩២ ពិតជា​បានរួម​ចំណែក​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​។ កម្ពុជា បានចាត់ទុក​អង្គការក្រៅរដ្ឋាភិបាល ជា​ដៃគូ​សង្គម​មួយ ដែល​មិនអាច​ខ្វះ​បាន ហើយ​ភាពជា​ដៃគូ រវាង​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​នេះ ពិតជា​ជួយ​ជំរុញ​បន្ថែម​ដល់​និរន្ត​ភាព​សកម្មភាព​របស់​អង្គការ​ត​ទៅមុខទៀត​។

 

​ឯកឧត្តម​បណ្ឌិត ក៏បាន​លើកឡើង​ពី​វិបត្តិ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ ដល់​គ្រប់​វិស័យ ជាពិសេស​សម្រាប់​វិស័យ​ការងារ ជា​វិស័យ​មួយ​ជួប​នូវ​ការលំបាក​ផងដែរ ធ្វើ​ឲ្យ​កម្មករនិយោជិត​បាត់បង់​ការងារ និង​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ខិតខំ​ដោះស្រាយ​តាមរយៈ​វិធានការ​ឧបត្ថម្ភ​ជា​កញ្ចប់​។ ប៉ុន្តែ​រាជរដ្ឋាភិបាល បានជ្រើសរើស​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ជា​គន្លឹះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មាន​ភាពស៊ាំ​នៅក្នុង​សហគមន៍ ហើយ​អាច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​។

 

​ជាមួយគ្នា​នោះ លោកស្រី Gwyneth Cotes បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា អង្គការ ហេឡែន ខេ​ល​ល័​រ ជា​អង្គការ​មនុស្ស​ធ៌​ម​មិនមែន​រដ្ឋាភិបាល ដែល​បាន​កំពុង​អនុវត្ត​កម្មវិធី​លើកកម្ពស់​សុខភាព​សន្តិ​សុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និត ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។

 

​បច្ចុប្បន្ននេះ អង្គការ ហេឡែន ខេ​ល​ល័​រ កំពុង​រៀបចំ​ដំណើរការ​សាកល្បង​គម្រោង​លើកកម្ពស់ សុខភាព​និង​អាហារូបត្ថម្ភ ស្ត្រី និង​កុមារ​នៅតាម​បណ្តា​រោងចក្រ​មួយចំនួន តាមរយៈ​ការគាំទ្រ​ថវិកា​របស់​គម្រោង GIZ-MUSEFO ដើម្បី​រួមចំណែក​លើកកម្ពស់ សុខភាព ផលិតភាព និង​សេដ្ឋកិច្ចកម្ពុជា​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ជូន​ផងដែរ​ថា គម្រោង​នេះ គឺ​យើង​ធ្វើ​នៅតាម​រោងចក្រ មិនមែន​អនុវត្ត​នៅតាម​សហគមន៍​ទេ ដូច្នេះ​នៅ​ទីតាំង​រោងចក្រ គឺជា​ទីកន្លែង​អាជីវកម្ម​មួយ ដែលមាន​ការគ្រប់គ្រង​ពី​និយោជក មាន​ម៉ោង​ធ្វើការ​ច្បាស់លាស់ យើង​ត្រូវ​ប្រាកដថា មាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អជា​មួយ​អ្នកពាក់ព័ន្ធ ដូច្នេះ ឯកឧត្តម​បណ្ឌិត ស្នើ​ឲ្យ​មាន​កិច្ចសហការ​ផ្លូវការ ដោយមាន​អនុស្សារណៈ​រវាង​អង្គការ​ជាមួយ​ក្រសួង ដើម្បី​មាន​សកម្មភាព​សម្រាប់​យក​ទៅ​អនុវត្ត និង​មាន​គោលដៅ​ច្បាស់លាស់ ទទួលបាន​នូវ​លទ្ធផល​គាប់ប្រសើរ​៕​

រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ គាំទ្រ​អង្គការ ហេឡែន ខេ​ល​ល័​រ លើ​គម្រោង​លើកកម្ពស់​សុខភាព ​និង​អាហារូបត្ថម្ភ​តាម​បណ្តា​រោងចក្រ​
រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ គាំទ្រ​អង្គការ ហេឡែន ខេ​ល​ល័​រ លើ​គម្រោង​លើកកម្ពស់​សុខភាព ​និង​អាហារូបត្ថម្ភ​តាម​បណ្តា​រោងចក្រ​
រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ គាំទ្រ​អង្គការ ហេឡែន ខេ​ល​ល័​រ លើ​គម្រោង​លើកកម្ពស់​សុខភាព ​និង​អាហារូបត្ថម្ភ​តាម​បណ្តា​រោងចក្រ​

PLB Banner on article detail

អត្ថបទពេញនិយម