ប្រធាន​សហគមន៍​ព្រៃឈើ​សំឡូត បង្ហាញ​ពី​ភាពជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​

ថ្ងៃច័ន្ទ 29 វិច្ឆិកា 2021, 18:57

​ខេត្តបាត់ដំបង​! ប្រធាន​សហគមន៍​ព្រៃឈើ​សំឡូត លោក ឌុ​ក ម៉េង បានបង្ហាញ​ពី​ភាពជោគជ័យ និង​បញ្ហា​ប្រឈម​ខ្លះៗ​នៅ​សហគមន៍​របស់លោក​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​។​

 

​ការធ្វើ​បទ​បង្ហាញ​ដល់​សិក្ខាកាម​ដែលជា​បណ្ដាញសារព័ត៌មាន​និង​សហគមន៍​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ និង​ផ្សព្វផ្សាយ​ស្តីពី​ការអភិវឌ្ឍន៍​ក្នុង​សហគមន៍ ដែល​ដឹកនាំ​ដោយ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​(ACT)​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក ឌុ​ក ម៉េង ប្រធាន​សហគមន៍​ព្រៃឈើ​សំឡូត ស្ថិត​ក្នុងភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត បានបង្ហាញ​ពី​ភាពជោគជ័យ​របស់​សហ​គម​ន៍​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​រយះពេល​បី​ឆ្នាំ​មកនេះ ដោយ​ផ្តើមចេញពី​ពូជ​ឃ្មុំ​០១​ធុង ពង្រីក​ខ្លួន​បាន​រហូត​ទៅដល់​ជិត ១០០​ធុង និង​ប្រមូល​ផល​យក​ទឹក​លក់​ជា​បន្តបន្ទាប់​ដែល​អាចជួយ​ដោះស្រាយ​អោយ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង​។​

 

​លោក​បានបញ្ជាក់​បន្ថែម​ថា ការចិញ្ចឹម​ឃ្មុំ​នេះ​បើ​អោយ​ថា​សម្រាប់​ខាត​គឺ​វា​មិន​ខាត​ទេ ព្រោះ​ក្នុង​មួយខែ​យើង​អាច​ប្រមូល​ទឹក​បានជា​មធ្យម ៣​លីត្រ ក្នុង​មួយ​ធុង ហើយ​ក្នុង​០១​លីត្រ​យើង​អាច​លក់បាន​ក្នុងតម្លៃ ៦​ម៉ឺន​រៀល ហើយ​ថវិកា​ដែល​បាន​ពី​ការលក់​ទឹកឃ្មុំ​នេះ មួយចំណែក​យើង​យកមក​ដោះស្រាយ​ជីវភាព​គ្រួសារ​និង​មួយចំណែក​យក​ប្រើប្រាស់​នៅក្នុង​សហគមន៍ ដែល​កន្លងមក​ខាង​សហគមន៍​ក៏មាន​កម្មវិធី​បង្ហាត់បង្រៀន​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​ទៅដល់​បងប្អូន​នៅក្នុង​សហគមន៍​ផ្សេងៗ​ផងដែរ​។​

 

​ដោយឡែក​បញ្ហា​ប្រឈម​វិញ​គឺ​វា​ពាក់ព័ន្ធ​ទៅនឹង​ថ្នាំពុល​ដែល​ប្រជាកសិករ​បាញ់​ទៅលើ​តា​ង៉ែ​ន ទៅលើ​ផ្កា​វា​ធ្វើអោយប៉ះពាល់​ទៅដល់​ឃ្មុំ ដែលជា​សត្វ​ងាយ​នឹង​ផុយស្រួយ ព្រោះ​តា​ង៉ែ​ន​ក្នុង​មួយអាទិត្យ​គេ​បាញ់ថ្នាំ​ម្ដង​ទៅ​ពីរដង​ក៏មានដែរ ព្រោះ​រដូវវស្សា​វា​សំបូរ​ទៅដោយ​រោគ​និង​ដង្កូវ ដូច្នេះ​គេ​ត្រូវ​បាញ់​ញឹក ហើយ​ក្នុងនាម​សហគមន៍​ក៏បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​កុំអោយ​ប្រើប្រាស់​ថ្នាំ​គីមី ព្រោះ​សម្រាប់​ឃ្មុំ​នេះ​វា​ជួយ​ចម្លង​កេស​ញី​ឈ្មោល​ដើម្បីអោយ​ដំណាំ​វា​កាន់ ដែល​ពេលខ្លះ​បងប្អូន​អត់​សូវ​ជឿ​ទេ ទាល់តែ​យក​ថ្នាំ​កេស​ញី​ឈ្មោល​មក​បាញ់​ទើប​កាន់ តែ​ឥឡូវ​បងប្អូន​មានការ​យល់ដឹង​ជា​បណ្តើរៗ​ហើយ​កំពុងតែ​រក​ឃ្មុំ​ដើម្បី​យកទៅដាក់​អោយ​វា​កាន់​ផ្លែ​។​

ប្រធាន​សហគមន៍​ព្រៃឈើ​សំឡូត បង្ហាញ​ពី​ភាពជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​
ប្រធាន​សហគមន៍​ព្រៃឈើ​សំឡូត បង្ហាញ​ពី​ភាពជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​
ប្រធាន​សហគមន៍​ព្រៃឈើ​សំឡូត បង្ហាញ​ពី​ភាពជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​
ប្រធាន​សហគមន៍​ព្រៃឈើ​សំឡូត បង្ហាញ​ពី​ភាពជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​

PLB Banner on article detail

អត្ថបទពេញនិយម