ឯក​ឧ​តុ្ត​ម​រដ្ឋមន្ត្រី​ការងារ​អនុញ្ញាត​ឲ្យ​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ ចូលជួប​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍

ថ្ងៃច័ន្ទ 29 វិច្ឆិកា 2021, 14:48

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ បានអនុញ្ញាត​ឲ្យ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ សេវាកម្ម ដឹកនាំ​ក្រុមការងារ​របស់​សហភាព​ចូលជួប​ពិភាក្សា​ការងា​លើ​កិច្ចការ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ក្នុង​ភាពជា​ដៃគូរ​ជាមួយ​ក្រសួង​ដើម្បី​ផ្តល់​កិច្ចការពារ​សិទ្ធ និង​អត្ថប្រយោជន៍​ជូន​កម្មករ​កាន់តែ​ប្រសើរ​ថែមទៀត​។

 

​លោក អាត់ ធន់ បាន​សម្តែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​តែងតែ​ផ្តល់​កិច្ចសហការ​គាំទ្រ ជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​មួយចំនួន​របស់​សហជីព​នៅក្នុង​ដំណើរ​បំពេញ​បេសកម្ម​ការពារ​អត្ថប្រយោជន៍ សិទ្ធ​សេរីភាព លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ទាំង​ក្នុង​វិស័យ​ទេសចរណ៍​, វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ព្រមទាំង​វិស័យ​មួយចំនួនទៀត​។ នៅក្នុង​ដំណាក់កាល​នៃ​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​-១៩ បាន​ខិតខំ​ដាក់ចេញ​នូវ​វិធានការ តាំងពី​ជុំ​ទី​១ ដល់​បច្ចុប្បន្ន​ជុំ​ទី​១០ សំដៅ​ជួយ​រក្សា​លំនឹង​ពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បី​ធានា​នូវ​និរន្ត​ភាព​ការងារ ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កម្មករនិយោជិត​ដែល​រង​ផលប៉ះពាល់​ខ្លាំង​។

 

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រីករាយ ស្វាគមន៍ ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​សហជីព​ដែល​ក្រសួង​តែងតែ​ធ្វើ​កិច្ចការ​នេះ​ជាមួយគ្នា ជា​រៀង​រហូតមក ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​យន្តការ​នានា​ជា​លក្ខណៈ​ទាំង​ទ្វេភាគី និង​ត្រីភាគី ដែលជា​ការកាត់បន្ថយ​បាន​នូវ​ការមិនយល់​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ការងារ ដែល​អាច​ក្លាយទៅជា​ការមិនយល់​គ្នា ហើយ​បង្ក​ទៅជា​វិវាទ​ការងារ ឈានទៅ​ការធ្វើ​បាតុកម្ម កូដកម្ម​គ្រប់​រូបភាព ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ដល់​សង្គមជាតិ ខូច​ផលប្រយោជន៍​ទាំង​និយោជក និង​បងប្អូន​កម្មករនិយោជិត ហើយ​ប៉ះពាល់​ដល់​ការរីកចំរើន​របស់​សេដ្ឋកិច្ចជាតិ​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែមថា វិស័យ​ទេសចរណ៍ គឺមាន​ការរង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​ដំណាក់​ការ​កូ​វីដ​-១៩​នេះ ដោយ​ក្រុមហ៊ុន​ខ្លះ​ពិបាក​ទប់ទល់​ទៅនឹង​វិបត្តិ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ ដែល​បានអូសបន្លាយ​ប្រមាណ​ជា​២​ឆ្នាំ​មកនេះ ត្រូវបាន​បិទទ្វារ​ឈប់​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។ នេះ​ជា​ស្ថានភាព​លំបាក​រួម​ជាស​កល ផ្នែក​វិស័យ​ទេសចរណ៍​នេះ ប្រទេស​ណា​ក៏​ប៉ះទង្គិច​ដែរ ។ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ដល់​ខាង​សហជីព​ឲ្យ​មានការ​យោគយល់​នៅក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ទាំង​និយោជក និង​កម្មករនិយោជិត​ក្នុង​វិស័យនេះ​ជួប​ការលំបាក បើទោះជា​រាជ​ដ្ឋា​ភិ​បាល​បាន​ផ្តល់នូវ​ការអន្តរាគមន៍​ជួយ​ដល់​ការព្យួរ​ការងារ ក៏​និយោជក​ភាគច្រើន​ក្នុង​វិស័យនេះ​មិនអាច​ដោះស្រាយបាន​នូវ​ការធានា​ដល់​អត្ថប្រយោជន៍​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​ដូច​ក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​។
​ឯកឧត្តម​សង្ឃឹមថា ពេលដែល​វិស័យ​ទេសចរណ៍​អាចមាន​ដំណើរការ​ល្អប្រសើ​រ​ឡើងវិញ ការគិតគូ​លើ​លក្ខខណ្ឌ​ការងារ ជាពិសេស​លើ​អត្ថប្រយោជន៍​នានា​រួមទាំង​ការពង្រីក​វិសាលភាព​ទៅ​ប្រាក់​ឈ្នួល​អប្បបរមា ក៏​នឹងត្រូវ​យកមក​ពិភាក្សា​នៅក្នុង​យន្តការ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​ផងដែរ​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​អគ្គនាយដ្ឋាន​ការងារ និង​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការដោះស្រាយ​បាតុកម្ម កូដកម្ម​គ្រប់មុខ​សញ្ញា បន្ត​ធ្វើការ​កាន់តែ​ជិតស្និត​ថែមទៀត​ជាមួយ​បងប្អូន​សហជីព ដោះស្រាយ​នៅ​ចំណុច​ដែល​សេសសល់​អោយបាន​ឆាប់ ហើយ​ពិនិត្យ​រៀបចំ​នូវ​សេចក្តីណែនាំ ឬ​លិខិតបទដ្ឋាន​គតិយុត្តិ​បន្ថែម ដើម្បី​ធានា​ដល់​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

ឯក​ឧ​តុ្ត​ម​រដ្ឋមន្ត្រី​ការងារ​អនុញ្ញាត​ឲ្យ​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ ចូលជួប​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍
ឯក​ឧ​តុ្ត​ម​រដ្ឋមន្ត្រី​ការងារ​អនុញ្ញាត​ឲ្យ​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ ចូលជួប​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍
ឯក​ឧ​តុ្ត​ម​រដ្ឋមន្ត្រី​ការងារ​អនុញ្ញាត​ឲ្យ​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ ចូលជួប​ពិភាក្សា​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍

PLB Banner on article detail