អភិបាល​រាជធានី ជំរុញ​អាជ្ញាធរ​ចាត់វិធានការ​ម៉ឺងម៉ាត់ រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ និង​ផ្លូវ​សាធារណៈ

ថ្ងៃសុក្រ 26 វិច្ឆិកា 2021, 13:28

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ពិសេស អាជ្ញាធរ​ខណ្ឌ​ដែលមាន​ភូមិសាស្ត្រ​និង​មូលដ្ឋាន​នៅតាម​ដង​ទន្លេ​ត្រូវមាន​វិធានការ​អោយបាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​​សណ្ដាប់ធ្នាប់​នៅតាម​ដង​ទន្លេ​ឱ្យបាន​ល្អប្រសើរ​មួយកម្រិត​ថែមទៀត ស្របពេល​ដែល​យើង​បាន​បើក​ប្រទេស​ឲ្យ​ប្រក្រតី​ឡើងវិញ ។ ​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ក៏​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​និង​រៀបចំ​អោយបាន​ល្អប្រសើរ​ផងដែរ​។​

 

​ការជំរុញ​និង​ណែនាំ​របស់ ឯកឧត្តម ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​កាលពី​ល្ងាច​ថ្ងៃទី​២៥​វិច្ឆិកា​២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

 

​ឯកឧត្តម ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា ចំពោះ​ចំណាត់ការ​នៃ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដង​ទន្លេ​នាពេល​កន្លងមក គឺ​ពិតជា​ទទួលបាន​នូវ​ការកោតសរសើរ ពី​សំណាក់​ប្រជាពលរដ្ឋ​រាជរដ្ឋាភិបាល​និង​ទទួលបាន​ការកោតសរសើ​រ​ពី​​អន្តរជាតិ​ផងដែរ ។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ត់ចត់​លើ​ការទប់ស្កាត់​ធ្វើយ៉ាងណា​កុំឱ្យ​ផ្ទះ​បណ្ដែត​ទឹក សំណង់​មិន​រៀបរយ តាម​ដង​ទន្លេ​នេះ​កើត​ឡើងវិញ​។ អាជ្ញាធរ​ខណ្ឌ​ត្រូវតែ​យកចិត្តទុកដាក់​នឹង​ចុះ​ពិនិត្យ​ជាប្រចាំ​នៅតាម​ដង​ទន្លេ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​មិន​ឲ្យ​មាន​ការកើត​ឡើងវិញ​នូវ​សំណង់​មិន​រៀបរយ​តាម​ដង​ទន្លេ​នេះឡើយ​។​

 

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ការអនុវត្ត​ការងារ​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ ទទួលបាន​នូវ​ភាពជោគជ័យ​នេះ គឺ​ពិតជា​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​របស់​យើង ។ ដូច្នេះ​ឯកឧត្តម ស្នើ​ឲ្យ​បន្ត​កិច្ចការងារ​នេះ​ឲ្យ​បាន​ប្រសើរ​ថែមទៀត​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដង​ទន្លេ​របស់​យើង​មាន​សណ្តាប់ធ្នាប់​របៀប​រៀ​ប​និង​មាន​បរិស្ថាន​ល្អប្រសើរ​។​

 

​ក្នុង​កិច្ចប្រជុំ​នោះដែរ​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា ការរៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដង​ទន្លេ​គឺជា​ផ្នែក​មួយ​ហើយ ប៉ុន្តែ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​គឺជា​រឿង​មួយទៀត ដែល​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត ធ្វើយ៉ាងណា អោយ​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ឲ្យ​មាន​សោភ័ណភាព​ល្អប្រសើរ សមជា​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អភិបាល​រាជធានី ជំរុញ​អាជ្ញាធរ​ចាត់វិធានការ​ម៉ឺងម៉ាត់ រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ និង​ផ្លូវ​សាធារណៈ
អភិបាល​រាជធានី ជំរុញ​អាជ្ញាធរ​ចាត់វិធានការ​ម៉ឺងម៉ាត់ រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ និង​ផ្លូវ​សាធារណៈ

PLB Banner on article detail

អត្ថបទពេញនិយម