ក្រសួង​ការងារ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ

ថ្ងៃពុធ 24 វិច្ឆិកា 2021, 15:23

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ និង​លោកស្រី NADIA OTTIGER នាយិកា​រង​នៃ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​(SDC) ព្រមទាំង​មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​នានា​, គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្ត​, គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, វិស័យ​ឯកជន រួមទាំង​ដៃគូ​អភិឌ្ឍន៍​នានា តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង ប្រមាណ​ជាង ៨០០​រូប​។

 

​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ ដើម្បី​ផ្តល់នូវ​ឱកាស​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​បន្តបន្ទាប់ និង​បត់បែន​បាន​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

 

​មួយវិញទៀត​ក៏​ដើម្បី​បង្កើន​ការទទួលបាន​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ប្រកបដោយ​សមធម៌ ក្នុងចំណោម​យុវជន​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្មវិធីសិក្សា​សម្រាប់​បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ​អន​ឡាញ ជាពិសេស​គឺ​កែលម្អរ​គុណភាព TVET ឱ្យមាន​ការឆ្លើយតប​ទៅនឹង​ទីផ្សារការងារ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ អ្នកប្រើប្រាស់​ចូល​តាម​គេហទំព័រ​ឈ្មោះ www.tvet-elearning.com និង​តាមរយៈ​កម្មវិធី​ឈ្មោះ TVET E-Learning អាច​ទាញយក​ពី AppStore សម្រាប់ iOS, Play Store សម្រាប់ Android និង AppGallery សម្រាប់ Huawei​។

 

​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា ប្រព័ន្ធ​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​គឺជា​ប្រព័ន្ធ​បច្ចេក វិទ្យា​ព័ត៌មាន​មួយ​ដែល​ផ្ដល់នូវ​មធ្យោបាយ​ក្នុងការ​សិក្សា​តាមរយៈ​ការមើល​វីដេអូ និង​ឯកសារ​អេឡិចត្រូនិក​ផ្សេងៗ​ដោយ​ខ្លួនឯង​ផ្ទាល់ តាមរយៈ​កុំព្យូទ័រ ថេ​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ ប្រព័ន្ធ​ជាតិ​នេះ មាន​៣​តួអង្គ​សំខាន់ៗ​ដែល​រួមមាន​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រឹះស្ថាន អ​.​ប​.​វ​. និង​សិក្ខាកាម សិស្ស និស្សិត ដែល​ក្នុងនោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ មាន​ភារកិច្ច​គ្រប់គ្រង ថែទាំ និង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ជាតិ​ទាំងមូល​, ផលិត​របាយការណ៍​រួម ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​ការអនុវត្ត​ការងារ​របស់​គ្រឹះស្ថាន អ​.​ប​.​វ​.​។ គ្រឹះស្ថាន អ​.​ប​.​វ​. មាន​ភារកិច្ច​បង្កើត​មាតិកា​មេរៀន​, វីដេអូ​បង្រៀន​, ឯកសារ​មេរៀន​, គ្រប់គ្រង​ការបង្រៀន និង​រៀន​របស់ខ្លួន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ រីឯ​សិក្ខា​មកា​ម សិស្ស និស្សិត មាន​ភារកិច្ច​ចូលរៀន​, ធ្វើ​កិច្ចការ​, ប្រឡង និង​ស្វ័យ​វាយតម្លៃ​ការសិក្សា​របស់ខ្លួន​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បញ្ជាក់​បន្ថែមថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​មិនទាន់​បញ្ចប់​មហិច្ឆតា​របស់ខ្លួន​ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រឹមនេះ​ទេ គឺ​ក្រសួង​មាន​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​ជាតិ​ធ្វើតេស្ត​បញ្ជាក់​សមត្ថភាព​តាម​អន​ឡាញ ឬ​ពី​ចម្ងាយ អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​គ្រឹះស្ថាន អ​.​ប​.​វ​.  រៀបចំ និង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ ដោយ​បន្ត​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​, ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ និង​សាស្ត្រាចារ្យ គ្រូ​បច្ចេកទេស ក៏ដូចជា​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅតាម​គ្រឹះស្ថាន អ​.​ប​.​វ​. ជាដើម​។

 

​លោកស្រី NADIA OTTIGER អញ​អាង​ថា ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា និង​បន្ត​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ ដើម្បី​ឱ្យមាន​លក្ខណៈ​ពេញលេញ និង​គ្រប់គ្រាន់​ស្របតាម​តម្រូវ​ការងារ​របស់​អ្នកប្រើប្រាស់ និង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​។

 

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​មាន​៖

 

-  គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ចំនួន​៥៧ កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ជាតិ​នេះ​សម្រាប់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​
-  សិក្ខាកាម សិស្ស និស្សិត​ចំនួន ៣១ ៥២៩​នាក់​បាន​ចូលរៀន​ក្នុង​ប្រព័ន្ធ​ជាតិ​
-  មាតិកា​មេរៀន និង​វីដេអូ​មេរៀន​ចំនួន ៣ ៥២២ ត្រូវបាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ជាតិ​
-  ចំនួន​អ្នក​ទាញយក​កម្មវិធី TVET E-Learning ដាក់​ក្នុង​ថេ​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​ពី AppStore (iOS), Play Store (Android) និ​បង​AppGallery (Huawei) សរុប​ប្រមាណ​ជិត​១​ម៉ឺន​នាក់​៕​

ក្រសួង​ការងារ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ
ក្រសួង​ការងារ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ
ក្រសួង​ការងារ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ
ក្រសួង​ការងារ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ
ក្រសួង​ការងារ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ

PLB Banner on article detail

អត្ថបទពេញនិយម