៣​ថ្ងៃ ពិធីបុណ្យ​អុំទូក ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជិត​១២​ម៉ឺន​នាក់​

ថ្ងៃអាទិត្យ 21 វិច្ឆិកា 2021, 18:35

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុង​រយៈពេល​០៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​១៨ ដល់ ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ ភ្ញៀវទេសចរ​បានមក​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប​មាន​ចំនួន​ប្រមាណ ១១៨ ១៤៦ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ១១៧ ០០០ នាក់ (​ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ខេត្ត​មាន​ចំនួន​ប្រមាណ​៧០​ភាគរយ​ទៅ​៨០​ភាគរយ​ប្រមាណ​ជា ៨០ ០០០-៩០ ០០០ នាក់​)​ដែល​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅកាន់ រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ៧៩ ០០០ នាក់ រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំនួន​ប្រមាណ ១២ ៧០០ នាក់ សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេងៗ មាន​ចំនួន​ប្រមាណ ២៥ ៣០០ នាក់ ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ១ ១៤៦ នាក់ ភាគច្រើន គឺជា​ជនជាតិ​ចិន​។​

 

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា នៅក្នុង​ខេត្តសៀមរាប​នេះ ជារួម​គឺ​ឃើញថា ភាគច្រើន​បាន​គោរព អនុវត្តន៍​វិធានការ​សុខាភិបាល ដោយមាន​ការបាញ់​អាកុល វាស់​កម្តៅ ពាក់​ម៉ាស​មុន និង​ចូលទៅ​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​។ ចំពោះ​នៅក្នុង​ទីប្រជុំជន​ក្រុង​វិញ បើទោះបី​យើង​កំពុងតែធ្វើការ​ស្ថាបនា​ផ្លូវ​ក៏ពិតមែន ប៉ុន្តែ​សណ្តាប់​ធ្ឋា​ប់ រៀបចំ​បាន​យ៉ាង​រលូន​។​

 

​លោក​បន្តថា ទោះបីជា​យ៉ាងនេះ​ក្តី​យើង​ក៏បាន​ជួប​ការលំបាក​ខ្លះ​ដែរ ដូចជា​ពាក់ព័ន្ធ​អាហា​រដ្ឋា​ន​យើង​មាន​ការខ្វះ ដោយសារ​យើង​មិនទាន់​បានរៀបចំ​បើក​ឡើងវិញ​ឱ្យបាន​គ្រប់គ្រាន់​នៅឡើយ​។ ដោយ​ម្ចាស់​អាហារ​ដ្ឋា​ន​នីមួយៗ​មិន​នឹកស្មានថា មាន​ភ្ញៀវទេសចរ​មកលេង​ច្រើន​បែបនេះ​។​

 

​សូមបញ្ជាក់ថា នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ៗ​ជា​លើកទីមួយ​ហើយ​ដែល បានឃើញ​ស្ថានភាព​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ច្រើន​បែបនេះ​៕

 

ដោយ៖ ក្រសួងព័ត៌មាន

៣​ថ្ងៃ ពិធីបុណ្យ​អុំទូក ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជិត​១២​ម៉ឺន​នាក់​

PLB Banner on article detail