ទំនាស់រ៉ាំ​រ៉ៃ​រហូតដល់​មាន​សាលដីកា​ស្ថាពរ​សាលាឧទ្ធរណ៍ ត្រូវបាន​ដោះស្រាយ​បញ្ចប់

ថ្ងៃពុធ 20 តុលា 2021, 7:27

​រសៀល​ថ្ងៃ​អង្គា ១៣​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពិភាក្សា​លើ​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការអនុវត្ត​សាលដីកា​លេខ ៥៦ ”​ដ​” ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៩ របស់​សាលាឧទ្ធរណ៍ លើ​ទីតាំង​ដី​ស្ថិតនៅ​ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង លោក លោកស្រី​ជា​ក្រុមគ្រួសារ​របស់លោក ឥន្ទ សុ​ពុម ។  

​យោងតាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ ទីតាំង​ដី​ខាងលើ គឺ​បាន​ចុះបញ្ជី​សារពើភ័ណ្ឌ​ជា​ទ្រព្យសម្បត្តិ របស់​សាខា​ពន្ធដារ​ក្រុងព្រះសីហនុ (​បច្ចុប្បន្ន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​) តាំងពី​ឆ្នាំ​១៩៩២ ។ ដែល​លោក ឥន្ទ សុ​ពុម ជា​មន្ត្រី​ពន្ធដារ​សាខា​ស្រុក​ស្ទឹងហាវ បានស្នើ​សុំ​ធ្វើ​ផ្ទះ​សម្រាប់​ស្នាក់នៅ​ជា​បណ្តោះអាសន្ន និង​បាន​សន្យាថា​នៅពេល​សាខា​ពន្ធដារ​ត្រូវការ​សាងសង់​ស្នាក់ការ គាត់​នឹង​ព្រម​ចាកចេញ​ដោយ​មិន​ប្រកែក ។ ជាក់ស្តែង​នៅពេល​សាខា​ពន្ធដារ​ត្រូវការ​សាងសង់​ស្នាក់ការ​សាខា​ស្រុក​ស្ទឹងហាវ គឺ​លោក ឥន្ទ សុ​ពុម មិន​ព្រម​ប្រគល់​ដីជូ​ន​សាខា​ពន្ធដារ​វិញ​ទេ ថែមទាំង​បាន​ដោះ​ស្លាក​សាខា​ខណ្ឌ​ស្ទឹងហាវ​(​ស្រុក​ស្ទឹងហាវ​) បោះ​ចូល​ទឹកសមុទ្រ​ទៀត​។  យោង​សាលក្រម​លេខ ៣៤ ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ ២០០៧ របស់​តុលាការ ក្រុងព្រះសីហនុ​(​ខេត្ត​ព្រះសីហនុ​) និង​សាលដីកា​លេខ ៥៦ ”​ដ​” ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៩ របស់​សាលាឧទ្ធរណ៍ បានសម្រេច​ឱ្យ​លោក ឥន្ទ សុ​ពុម ប្រគល់​ដី​ទំហំ ៣៣​ម៉ែត្រ x ៤០​ម៉ែត្រ ឱ្យទៅ​សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​(​ខេត្ត​ព្រះសីហនុ​) ធ្វើជា​ទ្រព្យសម្បត្តិ​រដ្ឋ​។ ក្រោយមក​លោក ឥន្ទ សុ​ពុម ក៏បាន​ទទួលមរណភាព  ដោយ​មានកូន​ក្នុងបន្ទុក ០៦​នាក់ ហើយ​មាន​អ្នកខ្លះ​រស់នៅ​តាម​រាជធានី ខេត្ត​ផ្សេង នៅសល់តែ​លោក ឥន្ទ សុវណ្ណ (​កូនប្រុស​លោក ឥន្ទ សុ​ពុម​) និង​ប្រពន្ធ​កំពុង​រស់នៅ​លើដី​នេះ​។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​យោងតាម​ការសម្រេច​រប​ស់​តុលាការ​ទាំងពីរ​ថ្នាក់​គឺ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បានឈ្នះ​ក្តី នឹង​ត្រូវយក​ទីតាំង​ខាងលើ​ធ្វើការ​សាងសង់​ជា​ស្នាក់​ពន្ធដារ​ស្រុក ប៉ុន្តែ​ជា​គុណធម៌​គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​ថវិកា​ចំនួន ៦០.០០០ (​ហុកសិប​ពាន់​)​ដុល្លារ​អាមេរិក និង​រដ្ឋបាលខេត្ត ក៏បានផ្តល់ ដី​សម្បទាន​សង្គមកិច្ច ជូន​គ្រួសារ​លោក ឥន្ទ សុ​ពុម ចំនួន ០១​ឡូ​ត៌ ទំហំ​៣០​ម៉ែត្រ x ៤០​ម៉ែត្រ ស្ថិតនៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផងដែរ​។

​ចំពោះ​គោលការណ៍​ឈ្នះ​ឈ្នះ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋបាលខេត្ត ដែល​ឯកឧត្តម​អភិបាលខេត្ត បានលើកឡើង​ខាងលើ​គឺ​លោក ឥន្ទ សុវណ្ណ និង​ភរិយា បាន​យល់ព្រម​ទទួល​ដោយ​ស្ម័គ្រចិត្ត និង​យល់ព្រម​រុះរើ​សំណង់​របស់ខ្លួន​នៅលើ​ទីតាំង​ដី​ស្នាក់ការ​ពន្ធដារ​ស្រុក​ស្ទឹងហាវ ដោយ​ស្នើសុំ​រយៈពេល​០១​ខែ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ភាគី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដោយ​សាខា​ពន្ធដារ​ខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង​តំណាង​ក្រុមគ្រួសារ​លោក ឥន្ទ សុ​ពុម ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ដោះស្រាយ និង​បាន​យល់ព្រម​ទទួលយក​គោលការណ៍ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋបាលខេត្ត ដោយ​ស្ម័គ្រចិត្ត ដើម្បី​បញ្ចប់​បញ្ហា​ចាប់ពីពេលនេះ​តទៅ​។ ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ទៅ​មន្ត្រី​ជំនាញ ដោយបាន​កំណត់ពេល​វេលា​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ ត្រូវ​ជូន​លោក ឥន្ទ សុវណ្ណ និង​ភរិយា ទៅពិនិត្យ​ទីតាំង​ដី​ឡូ​ត៌​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋបាលខេត្ត​ផ្តល់ជូន ស្ថិតនៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយឡែក​ចំពោះ​ថវិកា​ចំនួន ៦០.០០០ (​ហុកសិប​ពាន់​)​ដុល្លារ​អាមេរិក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ផ្តល់ជូន​នៅពេលដែល​លោក ឥន្ទ សុវណ្ណ និង​ភរិយា ធ្វើការ​រុះរើ​សំណង់​របស់ខ្លួន​នៅលើ​ទីតាំង​ដី​ស្នាក់ការ​ពន្ធដារ ស្រុក​ស្ទឹងហាវ​រួចរាល់​៕​

PLB Banner on article detail