លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួនប្ដឹងដកតំណែង ដោយសារពុករលួយ និងគ្មាសមត្ថភាព

ថ្ងៃអង្គារ 19 តុលា 2021, 21:5

សៀមរាប ៖ លោកអធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួនផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងទៅមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយទាមទារដកតំណែងពីអធិការរដ្ឋាននគរបាលស្រុកនេះចេញ ដោយចោទថា ប្រព្រឹត្ដិអំពើពុករលួយ និងគ្មានសមត្ថភាពបំពេញការងារ។

ពាក្យបណ្ដឹងដែលមានស្នាមមេដៃផងនោះ បានប្ដឹងឈ្មោះលោក លឹម សម្បត្ដិ មុខងារអធិការនគរបាលស្រុកប្រាសាទបាគង ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

យោងតាមពាក្យបណ្ដឹងដដែល បានឱ្យដឹងថា លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង រួមនិងបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋផងដែរ ជាពិសេសពូកែគម្រាមទាប្រាក់ពីអ្នកលេងល្បែងស៊ីសង ខណៈដែលចាប់ជនសង្ស័យយកទៅសួរចំលើយដល់អធិការរដ្ឋាន។

លិខិត បានបន្ដថា ចាប់តាំងពីលោកអធិការ លឹម សម្បត្តិ បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកប្រាសាទបាគង នៅក្នុងចុងឆ្នាំ២០១៩មកនោះ គឺលោកបានធ្វើអោយមន្ដ្រីនគរបាលជាតិ នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទាំងមូលមានការបែកបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយសារលោកអធិការ លឹម សម្បត្តិ ប្រកាន់យកបក្សពួកនិយម អួតអាងថា បើមន្ត្រីណាដែលចេះអែបអបរូបគាត់ គាត់នឹងការពារ ទោះមានកំហុសឆ្គងយ៉ងណាក៏មិនអាចដកបាន ព្រោះគាត់មានខ្សែខ្នងធំៗ ចាំជួយខ្លួននៅពីក្រោយ ហើយបានប្រព្រឹត្តអំពើពុករលួយខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកអធិការរូបនេះ ដើរផឹកស៊ីជួបជុំប្រឆាំង នឹងប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ ៣ការពារ និង ៣កុំ យ៉ាងសប្បាយចិត្ត ជាមួយបក្សពួករបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង ដែលធ្វើអោយកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់។ ការកើតឡើងនូវអំពើចោរកម្ម លួច ឆក់ កាច់សោករម៉ូតូ គាស់សោរផ្ទះចូលយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ កើតមានពាសពេញស្រុក ចុះបង្រ្កាបបនល្បែងស៊ីសងហើយជំរិតទាប្រាក់ចំនួន២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងម្នាក់ ជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធតុលាកា ។

លិខិតដដែល បានបន្ថែមថា មន្ត្រីណាដែលចង់ឡើងតួនាទី ឡើងសក្ដិ លោកអធិការរូបនេះ គឺហៅកូនចៅដែលជាមន្ត្រី របស់ខ្លួន ចូលក្នុងបន្ទប់របស់គាត់ ដើម្បីជំរិតទាប្រាក់។ជាមួយគ្នានោះ លោកអធិការរូបនោះ បានកោះហៅមេប៉ុស្តិ៍ទាំង៩ ក្នុងស្រុក មកប្រជុំដើម្បីតម្រូវយកប្រាក់ ដែលជាប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុង១ប៉ុស្តិ៍ ៥០ម៉ឺនរៀល ដោយមិនអាចប្រកែកតវ៉ាបានឡើយ។ដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ តម្រូវយកប្រាក់ក្នុង១ ប៉ុស្តិ៍១០០ ដុល្លារ និងអធិការរងទទួលខ្លះ៥០ដុល្លាទៅ១០០ ដុល្លាជាកំហិត ហើយបើចង់ប្រើប្រាស់អាយកូមប្រភេទអង់តែនដែលកំពុងតែដំឡើងនេះទាល់តែទិញ តាម រយៈលោកអធិការក្នុងតម្លៃ២២ដុល្លាទើបគាត់អនុញាតអោយប្រើ។

បន្ថែមលើសពីនោះ លោកអធិការ លឹម សម្បត្ដិ បានឲ្យលោកមេឃុំ គ្រប់ឃុំតម្រូវឲ្យទិញវិទ្យុទាក់ទងយកមកប្រើក្នុងតម្លៃ៥០ដុល្លារ លោកមេឃុំខ្លះមិនសប្បាយចិត្តដោយសារតម្លៃខ្ពស់ហួសជាងទីផ្សារ ។ ចំណែក ការចុះជួយតាមភូមិមានទំនាស់ជាមួយ មេឃុំ និងមេភូមិ ដោយយល់ថា មេភូមិ និងមេឃុំមិនចេះអោយតម្លៃដល់លោកអធិការ និងរកវិធីសាស្ដ្រដកភូមិចេញ បើមិនចេះអែបអបខ្លួន។

លោក លឹម សម្បត្ដិ ក៏មិនបានអនុវត្តទៅតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនផ្អែកតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឡើយ ។ ជាក់ស្ដែងលោកអធិការ លឹម សម្បត្តិ តែងតែប្រមូលប្រាក់ពីអាជីវករដែលប្រកបមុខរបរលក់ដូរ ដោយយកលេសថា យកមកកសាងអង្គភាព។

ការប្រព្រឹតទង្វើរទាំងអស់នេះហើយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ដល់មន្ដ្រីនគរបាល ដែលបានបំពេញការងារជាច្រើនឆ្នាំកន្លងមកនោះ។ ពាក្យបណ្ដឹងបានស្នើសម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលខេត្ដសៀមរាប ផ្លាស់ប្ដូរតួនាទី លោក លឹម សម្បត្តិ ចេញពីអធិការ នគរបាលស្រុកប្រាសាទបាគង ដោយពុំមានសមត្ថភាពដឹកនាំនោះឡើយ។

ទាក់ទងករណីនេះ លោក តេង ច័ន្ទណាត ស្នងការរដ្ឋាននគរបាលខេត្ដសៀមរាប មានប្រសាសន៍តាមឡេក្រាមថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ ។លោកថា ក្រោយពីទទួលបានបណ្ដឹងហើយនោះ លោកនឹងចាត់តាំងឱ្យក្រុមការងារចុះស្រាវជ្រាវលើកបញ្ហានេះ៕ដោយ តាំង ហូ

លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួនប្ដឹងដកតំណែង ដោយសារពុករលួយ និងគ្មាសមត្ថភាព
លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួនប្ដឹងដកតំណែង ដោយសារពុករលួយ និងគ្មាសមត្ថភាព
លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួនប្ដឹងដកតំណែង ដោយសារពុករលួយ និងគ្មាសមត្ថភាព
លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួនប្ដឹងដកតំណែង ដោយសារពុករលួយ និងគ្មាសមត្ថភាព
លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួនប្ដឹងដកតំណែង ដោយសារពុករលួយ និងគ្មាសមត្ថភាព

PLB Banner on article detail