ជាប់គុក​២​ដង មិន​រាង ចូល​លួច​ទូរស័ព្ទ​ក្នុង​វត្ត ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​

ថ្ងៃអាទិត្យ 17 តុលា 2021, 16:32

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុងនោះ​មាន​ម្នាក់​ធ្លាប់​ជាប់ពន្ធនាគារ​០២​ដង​រួចទៅហើយ ដោយសារ​ករណី​ហិង្សា និង​ការប្រើប្រាស់ ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ លុះ​ចេញ​មកវិញ ត្រូវបាន​នគរបាល​ក្រុងប៉ៃលិន ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​ដាក់គុក​ម្តងទៀត ដោយសារ​ចូល​លួច​ទូរស័ព្ទដៃ​ព្រះសង្ឃ​នៅក្នុង​វត្ត ។​

 

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៤០​នាទី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ នៅក្នុង​វត្ត​ពោធិ​មា​រាម ហៅ​ប៉ា​ហ៊ី  ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុង​/​ខេត្ត​ប៉ៃលិន ខណៈដែល​ព្រះសង្ឃ​បាត់​ទូរស័ព្ទ​០៣​គ្រឿង ។​

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖  ជនរងគ្រោះ​មាន ព្រះនាម ម៉ែន សំណាង ជន្មាយុ​១១​ព្រះវស្សា គង់នៅ​ក្នុង​វត្ត នៅ​ភូមិ​/​ឃុំ​ខាងលើ ។​

 

ប្រភព​បន្តទៀតថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្លាម នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​.​ក្រុងប៉ៃលិន បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា និង​នាំខ្លួន​ជនសង្ស័យ​០២​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖ ​ទី​១- ឈ្មោះ រិះ រ៉ាវី  ភេទ ប្រុស  អាយុ​៣៣ ឆ្នាំ  រស់នៅ​ប៉ា​ហ៉ី​ត្បូង  សង្កាត់​ប៉ៃលិន  ក្រុង​/​ខេត្ត​ប៉ៃលិន  មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគា  (​ជាប់ពន្ធនាគា រ​២ លេ​ី​ក  ករណី​ហិង្សា​បង្ក​របួសស្នាម​០១​លើក និង​ករណី​ចែកចាយ ប្រេ​ី​ប្រាស់​គ្រឿងញៀន​០១​លើក​) មាន​ផ្ទុក​សារធាតុ​ញៀន ។ ទី​២- ឈ្មោះ បិ​ន  គុណ  ភេទ​ប្រុស  អាយុ ២២​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ  រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា (​ឆែកឆេរ​ឃើញ​ថ្នាំញៀន​០១​កញ្ចប់​នៅ​នឹង​ខ្លួន និង​មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

 


​ប្រភព​ដដែល​បាន​បញ្ជាក់ថា ៖​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ទូរស័ព្ទ​ដែល​បាន​បាត់​០៣​គ្រឿង (​ម៉ាក​oppo ០១​គ្រឿង Samsung ០១​គ្រឿង Vivo ០១​គ្រឿង​) ។ ថ្នាំញៀន​០១​កញ្ចប់ និង​ដែក​កែស​០១​ដើម ។​

 

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​.​ក្រុងប៉ៃលិន ដើម្បី​កសាង​សណ​នុំ​រឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​អនុវត្តតាម​នី​តិ​វិធី​បន្ត ៕​

ជាប់គុក​២​ដង មិន​រាង ចូល​លួច​ទូរស័ព្ទ​ក្នុង​វត្ត ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​

PLB Banner on article detail