រាជរដ្ឋាភិបាល ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត ២​ដុល្លារ សម្រាប់​ឆ្នាំ​២០២២

ថ្ងៃពុធ 29 កញ្ញា 2021, 8:20

(​ភ្នំពេញ​)៖ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលជា​យន្តការ​ត្រីភាគី និង​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករនិយោជិត​ចំនួន ១៧​រូប​, តំណាង​ភាគី​និយោជក​ចំនួន ១៧​រូប និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧​រូប បាន​បើក​កិច្ចប្រជុំ​ដំបូង​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ និង​បាន​បន្ត​កិច្ចប្រជុំ​រហូតដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​។

ក្រោយពី​កិច្ចប្រជុំ​ជាច្រើនលើក ភាគី​ពាក់ព័ន្ធ​មិនបាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​លើ​តួលេខ​ណាមួយ​ឡើយ ដោយ​តំណាង​ភាគី​កម្មករនិយោជិត​រក្សា​តួលេខ​ចុងក្រោយ​របស់ខ្លួន ២០៤​ដុល្លារ​អាម៉េរិក​, តំណាង​ភាគី​និយោជក​រក្សា​តួលេខ ១៨៨​ដុល្លារ​អាម៉េរិក​, និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ដោយ​ឈរលើ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ កំណត់​យក​តួលេខ ១៩២​ដុល្លារ​អាម៉េរិក​។ យោង​មាត្រា​១២ នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល     អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​អនុវត្ត​នូវ​នីតិវិធី​បោះឆ្នោត​ជាសម្ងាត់ នា​កិច្ចប្រជុំ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​គាំទ្រ​តួលេខ​នីមួយៗ​ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
-  តួលេខ​ចំនួន  ១៨៨​ដុល្លារ​អាម៉េរិក ទទួលបាន​សំឡេងឆ្នោត    ០​សំឡេង  លើ  ៥១​សំឡេង​
-  តួលេខ​ចំនួន  ២០៤​ដុល្លារ​អាម៉េរិក ទទួលបាន​សំឡេងឆ្នោត    ៦​សំឡេង  លើ  ៥១​សំឡេង​
-  តួលេខ​ចំនួន ១៩២​ដុល្លារ​អាម៉េរិក   ទទួលបាន​សំឡេងឆ្នោត  ៤៥​សំឡេង  លើ  ៥១​សំឡេង​
-  និង​សំឡេង​មិនបានការ​ចំនួន              ០​សំឡេង   លើ  ៥១​សំឡេង​។​

ដូចនេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បានស្នើ​តួលេខ​ចំនួន ១៩២ (​មួយរយ​កៅសិប​ពីរ​) ដុល្លារ​អាម៉េរិក ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២២​។​

ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ស្ថិតនៅក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​និង​សង្គម ជាពិសេស​ទៅលើ​បញ្ហា​សុខភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន ២ (​ពីរ​) ដុល្លារ​អាម៉េរិក លើទឹក​ប្រាក់​ចំនួន ១៩២ (​មួយរយ​កៅសិប​ពីរ​) ដុល្លារ​អាម៉េរិក​។

 

​ដូច្នេះ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ បងប្អូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប នឹងមាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៩៤(​មួយរយ​កៅសិប​បួន​) ដុល្លារ​អាម៉េរិក ក្នុង​មួយខែ ចំពោះ​កម្មករនិយោជិត​ពេញសិទ្ធិ និង​ចំនួន ១៩២ (​មួយរយ​កៅសិប​ពីរ​) ដុល្លារ​អាម៉េរិក ក្នុង​មួយខែ ចំពោះ​កម្មករនិយោជិត សាកល្បង​។ ទន្ទឹមនឹងនេះ ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​កម្មករនិយោជិត​ធ្លាប់​ទទួលបាន​កន្លងមក ត្រូវបាន​រក្សាទុក​នៅ​ដដែល មានដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន ៧​ដុល្លារ​អាម៉េរិក ក្នុង​មួយខែ​, ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០​ដុល្លារ​អាម៉េរិក ក្នុង​មួយខែ​, ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២ ០០០​រៀល ក្នុង​មួយថ្ងៃ ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ​, និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី ២​ដុល្លារ​អាម៉េរិក ដល់ ១១​ដុល្លារ​អាម៉េរិក ក្នុង​មួយខែ សម្រាប់​កម្មករនិយោជិត​ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១​។ ដូចនេះ ជា​មធ្យម​កម្មករនិយោជិត​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន​ពី ២១១ (​ពីរ​រយ​ដប់​មួយ​) ដុល្លារ​អាម៉េរិក ដល់ ២២២ (​ពីរ​រយ​ម្ភៃ​ពីរ​) ដុល្លារ​អាម៉េរិក ក្នុង​មួយខែ​។​

 

​ក្នុងនាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​រក្សាសុខ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម និង​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយបាន​ដាក់ចេញ​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង ច្បាស់លាស់ និង​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត​បាន​ទាន់ពេលវេលា ដែលជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង និង​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ទាក់ទាញ​ទុនវិនិយោគ​ថ្មី និង​ការងារ​ថ្មីៗ ដល់​ប្រជាពលរដ្ឋ​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានសម្រេច​ផ្តល់ប្រាក់​បន្ថែមចំនួន ២ (​ពីរ​) ដុល្លារ​អាម៉េរិក លើ​តួលេខ​ដើម​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ការបន្ថែម​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប ក៏ដូចជា ក្រុមគ្រួសារ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​ជាង​មុន​៕​

រាជរដ្ឋាភិបាល ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត ២​ដុល្លារ សម្រាប់​ឆ្នាំ​២០២២
រាជរដ្ឋាភិបាល ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត ២​ដុល្លារ សម្រាប់​ឆ្នាំ​២០២២
រាជរដ្ឋាភិបាល ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត ២​ដុល្លារ សម្រាប់​ឆ្នាំ​២០២២
រាជរដ្ឋាភិបាល ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត ២​ដុល្លារ សម្រាប់​ឆ្នាំ​២០២២
រាជរដ្ឋាភិបាល ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត ២​ដុល្លារ សម្រាប់​ឆ្នាំ​២០២២

PLB Banner on article detail

អត្ថបទពេញនិយម