នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន

ថ្ងៃសុក្រ 17 កញ្ញា 2021, 12:45

ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ជំហានដំបូងធ្វើឡើងនៅវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

  ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ វង្ស សារិទ្ធសុខាត្យា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានមាន
- ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០១កូនថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ០.៦៣ក្រាម ទាំងសំបក)
- ទូរស័ព្ទដៃចំនួន០១ គ្រឿង
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង
-កាបូបដាក់លុយចំនួន០១ ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ និងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា នៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការ ឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យនៅចំណុចក្រុម៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត ឈ្មោះ ហំ ប៉េងអាន ហៅប៉ែល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

ជាមួយវត្ថុតាងចាប់យកបានរួមមាន!
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ១១ថង់ (ទម្ងន់១៣.៣២ក្រាម)
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ គ្រឿង
-សំភារ:សំរាប់ប្រើប្រាស់ និង សំភារ:ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

ក្រោយឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន

PLB Banner on article detail