អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់

ថ្ងៃព្រហស្បតិ៍ 2 កញ្ញា 2021, 9:17

(ខេត្តប៉ៃលិន)៖​ លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាលខេត្តប៉ៃលិន​ នៅរសៀល​ ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ២០២១​នេះ ប្រគល់ត្រា គំរូថ្មី ដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ដើម្បីឱ្យស្របទៅនឹងបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្ត។

 

ពិធីប្រគល់ត្រាគំរូថ្មីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកប្រធានការិយាល័យសុខាភិបាល ក្រុង​ ស្រុកប្រតិបត្តិទាំង០២​ លោកប្រធានមន្ទីរពេទ្យ​ លោក​ លោកស្រី​ ប្រធាន​មន្ទីរ​ អង្គភាព​  ពាក់ព័ន្ធ​  ក្នុងខេត្ត​ប៉ៃលិន​។ 

 

នាក្នុងឱកាសនោះដែរ លោកជំទាវ​ អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន​ ថាមន្ត្រីដែលមានភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែលទទួលបន្ទុក​ការងារ រដ្ឋបាលជៀសវាងប្រគល់ជូនមន្ត្រីដែលគ្មានភារកិច្ច។

 

លោកជំទាវ​បានបន្តថា ចាប់តាំងពីខេត្តត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ត្រាចាស់នៅឡើយ​ ប៉ុន្តែដើម្បីឱ្យស្របទៅនឹងបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល បានចេញប្រកាស ស្ដីពីការកំណត់គំរូត្រាថ្មី សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ហើយដែលយើងកំពុងរៀបចំពិធីប្រគល់-ទទួលនាពេលនេះ។

 

បន្ថែមពីនេះ លោកជំទាវ​បានណែនាំអំពីចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រើប្រាស់ត្រាគំរូថ្មីនេះមានដូចខាងក្រោម៖

*ទី១៖ ត្រាត្រូវរក្សាទុក និងគ្រប់គ្រងទុកដាក់ឱ្យបានគង់វង្សល្អ ជៀសវាងការបាត់បង់ និងការយកទៅប្រើប្រាស់ខុសគោលដៅ។

*ទី២៖ ត្រាត្រូវតែរក្សាទុកនៅក្នុងការិយាល័យជំនាញដែលមានភារកិច្ច (ការិយាល័យរដ្ឋបាល)

*ទី៣៖ ត្រាគឺមិនត្រូវអនុញ្ញាតឱ្យទុកនៅក្រៅពីការិយាល័យខាងលើនេះ ឬយកតាមខ្លួនរបស់ អ្នកហត្ថលេខី ឬប្រធានអង្គភាព ឬអ្នកដែលមានភារកិច្ចគ្រប់គ្រង ឬបោះត្រាឡើយ។

*ទី៤៖ ការប្រើប្រាស់ត្រារបស់អង្គភាព ត្រូវមានការប្រុងប្រយ័ត្ន ត្រាត្រូវតែបោះលើឯកសារផ្លូវការស្របតាមតួនាទីភារកិច្ច និងបម្រើឱ្យប្រយោជន៍ស្របច្បាប់របស់អង្គភាព ជៀសវាងការប្រើប្រាស់លើឯកសារបម្រើឱ្យផលប្រយោជន៍បុគ្គល នាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាព។

*ទី៥៖ ត្រាគំរូថ្មី ត្រូវចាប់ផ្ដើមប្រើប្រាស់ពីថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២១តទៅ មានន័យថាត្រាចាស់ ក៏ត្រូវអស់សុពលភាពអនុវត្ត ចាប់ពីថ្ងៃនេះតទៅផងដែរ (រាល់ឯកសារដែលចុះកាលបរិច្ឆេទថ្ងៃទី១ ខែកញ្ញា​ តទៅ គឺប្រើប្រាស់ត្រាគំរូថ្មី)។

*ទី៦៖ ត្រាចាស់ទាំងអស់ ត្រូវប្រគល់ជូនមករដ្ឋបាលខេត្តដើម្បីផ្ញើជូនក្រសួងមហាផ្ទៃរក្សាទុក។

*និងទី៧៖ អំពីការប្រើប្រាស់ត្រាថ្មីនេះ សូមឱ្យលោកនាយករដ្ឋបាល ចាត់ចែងរៀបចំសេចក្ដីជូនដំណឹងទៅដល់គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធ ពីកាលបរិច្ឆេទនៃការបញ្ឈប់ការប្រើប្រាស់ ត្រាចាស់ និងកាលបរិច្ឆេទ នៃការចាប់ផ្ដើមប្រើប្រាស់ត្រាថ្មី (ដោយមានភ្ជាប់នូវគំរូត្រាថ្មី)។

ជាមួយគ្នានេះ លោកជំទាវ​អភិបាលខេត្តបានបញ្ជាក់ថា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ មន្ទីរសុខាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ ចូលរួមសហការអនុវត្តការងារចាក់វ៉ាក់សាំងដែល​កំពុងប្រតិបត្តិការឱ្យមានដំណើរការល្អប្រកបដោយប្រសិទ្ធភាព និងរួមសហការគ្រប់ភាគីពាក់ព័ន្ធដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ និងសូមឱ្យមន្ទីរពេទ្យទាំងអស់ ត្រូវបន្តធានានិរន្តរភាពក្នុងកិច្ចការផ្ដល់សេវាសុខាភិបាល ជូនដល់គ្រប់អ្នកជំងឺដែលមកទទួលសេវា នៅក្នុងមូលដ្ឋានសុខាភិបាល៕

អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់
អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់
អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់
អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់
អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់
អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់
អភិបាលខេត្តប៉ៃលិន​ ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល​ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់

PLB Banner on article detail

អត្ថបទពេញនិយម