​កសិករ​ម្នាក់​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ រហូត​សុំច្បាប់​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ ភ្នំ​ខៀវ​ប៉ៃលិន

ថ្ងៃព្រហស្បតិ៍ 26 សីហា 2021, 8:38

(​ប៉ៃលិន​)​តាម​ប្រភពពី លោក គ្រុយ សារិត ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ ភ្នំ​ខៀវ​ប៉ៃលិន ស្ថិត​ក្នុងភូមិ សង្កាត់ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ឲ្យ​ភ្នាក់ងារ​យើង​ដឹង​នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០២១​នេះ​ថា លោក​បាន​ឆ្លងកាត់​ការយកចិត្តទុកដាក់​នូវ​បទពិសោធន៍​ជាក់ស្តែង​ក្នុងការ​ចិញ្ចឹម​ឃ្មុំ រយៈពេល​ជាង​៣​ឆ្នាំ​កន្លងមកនេះ កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​របស់លោក​ត្រូវបាន​អតិថិជន​គាំទ្រ​ក​ម្ម៉​ង់​ទិញ ដូរ​ទាំង​ទឹម​ឃ្មុំ និង​ពូជ​ឃ្មុំ​ជាច្រើន​ម៉ឺន​ក្បាល ធ្វើ​ឲ​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​របស់លោក​រកចំណូលបាន ផាត់​ថ្លៃដើម​ចេញ​បាន​ប្រមាណ​ពី ១៥ ទៅ ២០ លាន​រៀល​ក្នុង​១​ខែៗ​។ ដំបូង​ឡើយ សិ​ដ្ឋា​ន​ចិញ្ចឹម​ឃ្មុំ​នេះ មាន​ធុង​ឃ្មុំ​ត្រឹមតែ​១០ ប៉ុណ្ណោះ ។​

 

 ក្រោយមក ដោយសារ​ការខិតខំ​រៀន​សូត្រ​នូវ​បច្ចេកទេស និង​បទពិសោធន៍​ជាក់ស្ដែង​ជា​បន្ត​បន្ទាប់មក ធ្វើឱ្យ​គុណភាព និង​លទ្ធផល​នៃ​ការ​បង្កាត់​កម្មករ​ឃ្មុំ និង​ស្តេច​ឃ្មុំ មាន​កំណើន​ទ្វេរ​ឡើង ធ្វើ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ របស់គាត់​បង្កើន​ពង្រីក​វិសាលភាព​បាន​ច្រើន​ជា​បន្តបន្ទាប់​។​

 

​នាពេល​បច្ចុប្បន្ន​ជំងឺ​កូ​វីដ​-១៩ បាន​បន្ត​យាយី ដល់​ប្រជាពលរដ្ឋ​គួរ​ឲ​ព្រួយ​បារ​ម្មណ៍ តែ​មិនបាន​ប៉ះពាល់​ដល់​ការលក់ដូរ​ទឹកឃ្មុំ  ឬ​មេ​ពូជ​ឃ្មុំ​ឡើយ ដោយមាន​អតិថិជន​ជិត​ឆ្ងាយ​បានក​ម្ម៉​ង់​ទិញ​ជា​ហូរហែ​មិន​ដាច់​ឡើយ​ដោយ​អតិថិជន បាន ប្រាប់ថា​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​មួយកម្រិត​ដែរ​។  

 

​ជាមួយនិង​ការលក់​មេ​ពូជ​ឃ្មុំ​លោក​បានផ្តល់​សេចក្តី​ជឿជាក់​ដល់​កសិករ​ដទៃ​ទៀត​ដែល​មានបំណង​ចង់​ចិ​ញ្ជឹ​ម​ឃ្មុំ​នេះ​ថា កសិដ្ឋាន​របស់លោក​បាន​ជួយ​ផ្ដល់នូវ​ការប្រឹក្សា​អំពី​បច្ចេកទេស​នៃ​ការចិញ្ចឹម​ឃ្មុំ ដោយ​ចាប់តាំងពី​ដើមដៃ រហូត​ដល់ពេល​ប្រមូល​ផល​ដោយ​មិន​លាក់លៀម​បច្ចេកទេស​នោះឡើយ ។​

 

 ការលក់​ទឹកឃ្មុំ ក្នុង​១​លីត្រ តម្លៃ​៧០០០០​រៀល ជា​ទឹកឃ្មុំ​សុទ្ធ​គាប ចេញពី​សំបុក​ឃ្មុំ ដែល​ខ្លួន​ចិញ្ចឹម ដាក់ឱ្យ​ក្រេប​ផ្កា​ដំណាំ​ផ្សេងៗ ដើម្បី​ផលិត​ជា​ទឹកឃ្មុំ ដោយ​សហការ​ជាមួយ នឹង​ម្ចាស់​ចំការ ព្រោះ​បើសិនជា​ចំការ​ណាមួយ មាន​សត្វ​ឃ្មុំ ចូលទៅ​ក្រេប​ផ្កា យក​លំអង​កាន់តែច្រើន ដំណាំ​ទាំងនោះ នឹង​បង្កើន​ផល​ផ្លែ​កាន់តែច្រើន ព្រោះ​សត្វ​ឃ្មុំ ជា​អ្នកផ្តល់​ប្រយោជន៍​។ តែ​អ្វីដែល​គាត់​ព្រួយបារម្ភ​បំផុត​នោះ គឺ​ពេល​ដឹក​សំបុក​ឃ្មុំ​យកទៅ​ដាក់ឱ្យ​ក្រេប​ផ្កា​នៅ​ចំការ​កសិករ​ណា​ម្នាក់ លុះ​អ្នកចំការ​នៅក្បែរនោះ អត់​ដឹង បាញ់​ថ្នាំពុល លុះ​ឃ្មុំ​ហើរ​ទៅ​ក្រេប​ផ្កា ក៏​ពុល​ងាប់​អស់​ជាច្រើន បណ្តាលឱ្យ​ខាតបង់​ផងដែរ ។​

 

​នៅពេល​ក្រោយនេះ​លោក​នឹង​ពង្រីក​សំបុក​ឃ្មុំ បន្ថែមទៀត ឱ្យបាន​ច្រើន​សំបុក​បន្តទៀត ដើម្បី​យកទៅដាក់​នៅតាម​ចំការ​ប្រជាពលរដ្ឋ​ផង និង​ទុក​លក់​ជូន​កសិករ​ផង​។​ចំពោះ​ការ​ចិញ្ចឹមសត្វ​ឃ្មុំ​នេះ ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ ក្នុង​ការបើក​គម្រប​សំបុក ដោយ​ត្រូវ​ប្រើ​សំលៀកបំពាក់ ឬ​ប្រើ​ផ្សែង​បាញ់​ឱ្យចំ​សំបុក​វា ទើប​មិន​ទិច​ម្ចាស់​។

 

​ពាក់ព័ន្ធ​ការចិញ្ចឹម​សត្វ​ឃ្មុំ​នេះដែរ លោក ឡាយ ពិសិដ្ឋ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​កសិករ​ចិញ្ចឹម​ឃ្មុំ នៅ​ខេត្ត​ប៉ៃលិន​នេះ​មាន អ្នក​ចិញ្ចឹម​ច្រើន​គួរសម​ដែរ ដោយសារ​ខេត្ត​ប៉ៃលិន​អំណោយផល​ច្រើន​ក្នុងកា​ចិញ្ចឹម​ឃ្មុំ ដោយ​មា​ចំការ​ឈើ​ហូប​ផ្លែ​ច្រើន មៀន​ប៉ៃលិន ស្វាយកែវ​រមៀត កៅស៊ូ ពោត ដំឡូង ។​ល​។

 

​ចំពោះ​ទីផ្សារ​ក៍មាន​តម្រូវការ​ខ្ពស់​ព្រោះ តម្លៃ​គួរសម ព្រោះ​បរិបទ​កូ​វីដ ប្រជាពលរដ្ឋ​ត្រូវការ​ច្រើន​ដើម្បី​ទប់ស្កាត់ និង​ការពារ​សុខភាព​។ តែ​កសិករ​ចិញ្ចឹម​ឃ្មុំ​ទាំងនោះ មិន​បានមក​ចុះបញ្ជី​ការ​នៅ​ខាង​រដ្ឋបាល​ព្រៃឈើ​នៅឡើយ ។​កន្លងមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិក​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន ក្រោម​កម្មវិធី​អា​ស្បាយ បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម​ឃ្មុំ ដល់​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​ចំនួន​ពីរ បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​សហគមន៍​ព្រៃឈើ​ភ្នំ​ស្រង់ និង​ភ្នំ​ដោះ​ក្រមុំ  ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មុននឹង​ចែក​ទុន​សហ​វិនិយោគ​ម ដោយ​ក្នុង​១​បណ្តុំ​ទទួលបាន​ពូជ​ឃ្មុំ ១៧​ធុង (​មួយ​ធុង​៨​ផ្លិត​) និង​សម្ភារ​សម្រាប់​ចិញ្ចឹម​ឃ្មុំ​មួយចំនួនទៀត ហើយ​ក្នុង​មួយ​បណ្តុំ មាន​សមាជិក ៤០​គ្រួសារ ។ ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ ភ្នំ​ខៀវ​ប៉ៃលិន បាន​ស្នើសុំ​ចុះបញ្ជី​ការ​ពី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​៕​

​កសិករ​ម្នាក់​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ  រហូត​សុំច្បាប់​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ ភ្នំ​ខៀវ​ប៉ៃលិន

PLB Banner on article detail