កម្ពុជា​កំពុង​បន្ត​ការចរចា​ ដើម្បី​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ស្រស់​ ទៅ​ទីផ្សារ​ប្រទេស​ចិន ​និង​ថៃ​

ថ្ងៃអង្គារ 24 សីហា 2021, 14:6

​កម្ពុជា​កំពុង​បន្ត​ការចរចា​ដើម្បី​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​និង​ថៃ ខណៈដែល​ការចរចា​ជាមួយ ប្រទេស​វៀតណាម គឺ​បាន​ឯកភាពគ្នា​រួចរាល់​ហើយ ។​

 

​ឯកឧត្តម ងិន ឆាយ​ប្រតិភូ រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​នាំចេញ​ផ្លៃ​មៀន​ប៉ៃលិន​ស្រស់ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាកសិករ ដែល​បាន​ខិតខំ​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ ។​

 

​ឯកឧត្តម​បាន​បន្តថា ក្រុមការងារ​កម្ពុជា បាន​បន្ត​ទាក់ទង​ជាមួយ​ភាគី​ថៃ​និង​ចិន​ជា​ញឹកញាប់ ដើម្បី​ធ្វើយ៉ាងណា​អាច​ព​ន្លឿ​ន​ការចរចា​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ព្រោះ​ភាគី​ទាំងពីរ​មិនទាន់​ឯកភាព​នៅឡើយ ពាក់ព័ន្ធ​នឹង​បញ្ហា​ភូតគាម​អនាម័យ និង​ការចុះពិនិត្យ វាយតម្លៃ​នៅ​ចម្ការ​ផ្ទាល់ ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នៅតែ​បន្ត​រាតត្បាត​ឥតឈប់ឈរ ។​

 

​សំឡេង ៖ « ការចរចា​បើក​ទីផ្សារ​យើង​បានធ្វើ​ការចរចា​ជាមួយនឹង​ប្រទេសជិតខាង មាន​ប្រទេស​វៀតណាម ថៃ ហើយ​និង​ប្រទេស​ដែលមាន​ទីផ្សារ​ធំៗ​គឺ​ចិន ការចរចា​ជាមួយ​វៀតណាម​គឺ​យើង​បាន​ឯកភាពគ្នា​ហើយ​គឺ​មិនមាន​បញ្ហា​ចោទ​ទេ ដោយឡែក​ការចរចា​ជាមួយ​ប្រទេស​ថៃ​មកដល់ពេលនេះ គឺ​មិនទាន់​សម្រេចបាន​លទ្ធផល​ឯកភាពគ្នា​នៅឡើយ​ទេ គឺ​យើង​រង់ចាំ ចម្លើយ​ពី​ភាគី​ថៃ​ពាក់ព័ន្ធ​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ដោយឡែក​ការចរចា​បើក​ទីផ្សារ​ជាមួយនឹង​ចិន គឺ​អគ្គ​រដ្ឋបាល​គយ​ចិន មិនទាន់​អាច​បញ្ជូន​ជំនាញ​ភូតគាម​អនាម័យ ដើម្បី​ធ្វើការ​វាយតម្លៃ​ចម្ការ​មៀន​ប៉ៃលិន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​នៅឡើយ​នោះទេ ។ ភាគី​កម្ពុជា​បាន​ទាក់ទង​ទៅ​ភាគី​ចិន​ជា​ញឹកញាប់​ដើម្បី​តាមដាន ក៏ដូចជា​ព​ន្លឿ​ន​ការចរចា ហើយ​ភាគី​ចិន​បាន​ឆ្លើយតប​មក​កម្ពុជា​វិញ​ថា ខាង​មន្ត្រី​ជំនាញ​កំពុងតែ​ពិនិត្យមើល​ឯកសារ ហើយ​នៅពេលដែល​បញ្ហា​ជំងឺ​កូ​វីដ​១៩​ថយចុះ​នោះ ភាគី​ចិន​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះមក ពិនិត្យ វាយតម្លៃ​លក្ខខណ្ឌ​គុណភាព​អនាម័យ​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ »​។​

 

​ឯកឧត្តម​បាន​បន្ថែមថា នៅពេលដែល​ជំងឺ​កូ​វីដ​-១៩​មាន​សភាព​ថមថយ​បន្តិច​នោះ កម្ពុ​ជាមាន​ក្តី​សង្ឃឹមថា ភាគី​ចិន នឹង​អា​ចព​ន្លឿ​ន ដំណើរការ​នៃ​ការពិនិត្យ​ឯកសារ ហើយនឹង​អាចឈាន​ដល់​ការចុះពិនិត្យ​ចម្ការ​មៀន​ប៉ៃលិន​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។ ដោយឡែក​ប្រទេស​ថៃ គឺ​កម្ពុជា​នឹង​ព្យាយាម​ទាក់ទង​ជា​បន្តទៀត ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​បន្ថែម ថា​តើ​ភាគី​ថៃ​ត្រូវការ​ឯកសារ បច្ចេកទេស​អ្វី​បន្ថែមទៀត ដើម្បី​ព​ន្លឿ​ន​កិច្ចការងារ​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ។​

 

​សូមបញ្ជាក់ថា ទូទាំងប្រទេស​កម្ពុ​ជាមាន​ខេត្ត​ចំនួន​១៤​បាន​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​) ដែលមាន​ផ្ទៃដី​សរុប​ចំនួន​១៣,៦០៨​ហិកតា ក្នុងនោះ​មាន​ខេត្ត​ប៉ៃលិន ខេត្ត​រតនៈគីរី និង​ខេត្តបន្ទាយមានជ័យ ដែល​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ​ច្រើនជាងគេ ហើយ​បច្ចុប្បន្ននេះ​មៀន​ប៉ែ​លិ​ន អាច​ប្រមូល​ផល​បាន​លើ​ផ្ទៃដី​ជាង​៩០០០​ហិកតា ដែល​គិត​មធ្យម​អាច​ប្រមូល​ផល​បាន​១៦​តោន​ក្នុង​១​ហិកតា​មានតម្លៃ​ជា​មធ្យម ១៨០០ រៀល ក្នុង​មួយ​គីឡូក្រាម ៕​

ក្រសួងព័ត៌មាន

កម្ពុជា​កំពុង​បន្ត​ការចរចា​ ដើម្បី​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ស្រស់​ ទៅ​ទីផ្សារ​ប្រទេស​ចិន ​និង​ថៃ​

PLB Banner on article detail

អត្ថបទពេញនិយម