អាមេរិក​ត្រៀម បញ្ជូន​ទ័ព ៣,០០០​នាក់ ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជួយ​ជម្លៀស​ប្រជាជន​

ថ្ងៃសុក្រ 13 សីហា 2021, 10:13

​សហរដ្ឋអាមេរិក​បាន​បញ្ជូន​កងទ័ព​បន្ថែម ៣,០០០​នាក់ ទៅកាន់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ដើម្បី​ជម្លៀស​បុគ្គលិក​ស្ថានទូត​អាមេរិក និង​ជនជាតិ អា​ហ្វ​ហ្កា​នី​ស្ថាន​មួយចំនួន ដែល​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក ខណៈ​ក្រុម​តា​លី​បង់​បាននិងកំពុង​វាយ​ដណ្ដើម​កាន់កាប់​ទឹកដី និង​ទីក្រុង​កាន់​ច្រើន​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែសីហា ឆ្នាំ​២០២១​។​

 

​ការប្រកាស​ពី​ការបញ្ជូន​ទ័ព​នេះ ធ្វើឡើង​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក ណេ​ដ ប្រា​យស៍ (Ned Price) នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​)​។ លោក Ned Price ក៏បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​អាមេរិក ចាកចេញ​ជាបន្ទាន់​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ តែ​ព្រម​ពេល​ជាមួយគ្នា​លោក​បាន​អះអាងថា ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​កា​ប៊ុល​នៅតែ​ប្រតិបត្តិការ​របស់ខ្លួន​ដដែល បើទោះជា​បុគ្គលិក​ទូត​ត្រូវបាន​កាត់បន្ថយ​ក៏ដោយ​។​

 

​គួរ​បញ្ជាក់ថា ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​ពី​ការបញ្ជូន​ទ័ព​ខាងលើ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក ច​ន ឃើ​រ​ប៊ី (John Kirby) ក៏បាន​ទទួលស្គាល់​ដែរ​ថា កងទ័ព​អាមេរិក ៣,០០០​នាក់ នឹងត្រូវ​បញ្ជូនទៅ​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន ក្នុង​រយៈពេល ២៤​ម៉ោង ឬ ៤៨​ម៉ោង​ខាងមុខនេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា កងទ័ព​អាមេរិក​ទាំងនេះ គ្រាន់តែ​ស្ថិតនៅលើ​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​ព្រមាន​ថា កងទ័ព​អាមេរិក​នឹងធ្វើ​ការឆ្លើយតប​ភ្លាមៗ ប្រសិនបើ​ពួកគេ​រង​ការវាយប្រហារ​ពី​ក្រុម​តា​លី​បង់​។ ក្រៅពី​អាមេរិក ចក្រភព​អង់គ្លេស​ក៏បាន​បញ្ជូន​កងទ័ព​ទៅកាន់​ទីក្រុង​កា​ប៊ុល ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​ចេញ​ដែរ​៕​

អាមេរិក​ត្រៀម បញ្ជូន​ទ័ព ៣,០០០​នាក់ ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជួយ​ជម្លៀស​ប្រជាជន​

PLB Banner on article detail