Borey Mongkol1 Agriculture

សាច់ញាតិ​ស្ត្រី​សម្រាលកូន​លើ​រថយន្ត អរគុណគ្រូពេទ្យ​មណ្ឌល​សុខភាព​ស្តៅ ក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ខ្លាចកូវីដ

ថ្ងៃព្រហស្បតិ៍ 29 កក្កដា 2021, 8:27

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​អះអាងថា ជា​បង​របស់​ស្ត្រី ដែល​បាន​សម្រាលកូន​ខ្លួនឯង​នៅលើ​រថយន្ត ក្បែរ​មណ្ឌល​សុខភាព​ស្តៅ ហើយក៏​អរគុណ ម្តង​ហើយ​ម្តងទៀត ចំពោះ​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ប្អូនស្រី​របស់ខ្លួន ខណ​:​នាង​ឈឺពោះ​រៀបនឹង​សម្រាលកូន​ពេលយប់ លុះ​ប្តី​ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ស្រាប់តែ​គ្រូពេទ្យ​ផ្នែក​សម្ភព មិន​ហ៊ាន​ទទួល​ឱ្យ​សម្រាល ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​រុញឱ្យ​ដឹក​យកទៅ​សម្រាលកូន​នៅ​កន្លែង​ផ្សេង ។​

 

​ពេល​ឃើញ​ប្រពន្ធ​ឈឺពោះ​កាន់តែខ្លាំង​ឡើងៗ ប្តី​ចាប់ផ្តើម​ព្រួយបារម្ភ គិត​អ្វី​មិន​ចេញ ក៏​ដឹក​យកទៅ​មណ្ឌល​សុខភាព​ផ្សេង និង​គ្លីនិក​ក្នុង​ខេត្ត ។​

 

​តែ​គ្រូពេទ្យ​មិន​ទទួល ទើប​ប្រញាប់​ដឹក​យកទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ទាំង​អារម្មណ៍​មិន​នឹងនរ លុះដល់​ក្បែរ​មណ្ឌល​សុខភាព​ស្តៅ នាង​ឈឺពោះ​យ៉ាង​សន្ធាប់​កាន់តែខ្លាំង​ឡើងៗ ដោយ​កូន​បម្រះ​រក​ចេញមកក្រៅ បណ្តាលឱ្យ​សម្រាល​ខ្លួនឯង ស្របពេលនោះ បាន​ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព​ស្តៅ​ជួយ​ទាន់ពេលវេលា ។

 

​ហេតុការណ៍​ស្ត្រី​សម្រាលកូន​ខ្លួនឯង លើ​រថយន្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ក្បែរ​មណ្ឌល​សុខភាព​ស្តៅ ក្នុង​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។

 

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ដែល​បាន​អះអាងថា​ជា​បង​ស្ត្រី ដែល​សម្រាលកូន​ខ្លួនឯង​នៅលើ​រថយន្ត បាន​រៀបរាប់​ឱ្យដឹងថា ៖ ប្អូនស្រី​គាត់ មាន ឈ្មោះ មាន ប៊ុន​ណាត អាយុ​៣៨​ឆ្នាំ ប្តី ឈ្មោះ តាំង សម្បត្តិ អាយុ​៤១​ឆ្នាំ មានកូន​៣​នាក់ ក្នុងបន្ទុក ស្រី​១ ប្រុស​២ ដោយ​កូនចុង​ក្រោយនេះ ជា​កូនប្រុស រស់នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

 

​ប្រភព​បន្តទៀតថា នៅវេលា​ម៉ោង​១០​យប់ ថ្ងៃកើតហេតុ ប្អូនស្រី​របស់គាត់​ចាប់ផ្តើម​ឈឺពោះ​រៀបនឹង​សម្រាលកូន លុះ​ពេលទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន កន្លែង​បន្ទប់​សម្ភព គ្រូពេទ្យ​ប្រុស​ម្នាក់ ចង់​ទទួល​ឱ្យ​សម្រាក​ដែរ តែ​គ្រូពេទ្យ​ស្រី​ម្នាក់ទៀត អត់​ព្រម​នោះទេ ព្រោះ​គ្រូពេទ្យ​បាន​ប្រាប់ថា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដោយ​ពាក់ព័ន្ធ​នឹង​ជំងឺ​ទូទៅ ផ្នែក​វះកាត់​របួស ឬ​ផ្នែក​ឱសថ មិន​ទទួល​នោះឡើយ គឺ​ទទួល​តែ​អ្នក​សម្រាលកូន​ប៉ុណ្ណោះ ។

 

​ប៉ុន្តែ​ក្រោយមក​មិនដឹង​ជា​យ៉ាងណា បែរជា​គ្រូពេទ្យ រុញ​ប្អូន​គាត់​ចេញ ឱ្យទៅ​សម្រាល​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​វិញ ។ គាត់​បញ្ជាក់ថា ក្រោយពេល​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ព្រម​ទទួល ក៏​សម្រេចចិត្ត​បញ្ជូនទៅ​មណ្ឌល​សុខភាព​អូរ​ច្រា ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

 

​តែ​គ្រូពេទ្យ​មិន​ទទួល​ឱ្យ​សម្រាល​ទីនោះ​ដែរ ទើប​បញ្ជូនទៅ​គ្លីនិក​ឯកជន (​មន្ទីរ​ពហុ​ព្យាបាល ខេ​មរ​:) ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក៏​គេ​មិន​ទទួល​ឱ្យ​សម្រាល​ដែរ ទើប​ប្រញាប់​ដឹក​តាម​រថយន្ត​ខ្លួនឯង​ឆ្ពោះទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ទាំង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ស្ទើរ​គិត​អ្វី​មិន​ចេញ លុះ​ក្រឡេកឃើញ​មណ្ឌល​សុខភាព​ស្តៅ ក៏​បួង​ចង្កូត​ចូលទៅ​ទីនោះ​ភ្លាមៗ ដោយ​ភ័យ​អរៗ ព្រោះ​ខ្លាចក្រែង​គេ​មិន​ទទួល​ម្តងទៀត លុះ​ចូល​ទៅដល់​ភ្លាម​ក៏​សម្រាលកូន​នៅលើ​រថយន្ត ហើយ​ត្រូវបាន​ក្រុម​គ្រួ​ពេទ្យ​ចេញមក​ជួយ​ទាន់ពេលវេលា ។ ស្ត្រី​ជា​បង​បាន​បន្ថែមទៀតថា មុនដំបូង បើសិនជា​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បដិសេធ មិន​ព្រម​ទទួល​ឱ្យ​សម្រាល​ទេ ព្រោះ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​(​បិទ​ខ្ទប់​) ផ្នែក​ខ្លះ​នៃ​មន្ទីរពេទ្យ ក៏​ពួកគាត់​មិនតូច​ចិត្ត​អ្វី​ដែរ ព្រោះ​អាច​នឹង​ប្រញាប់​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ឱ្យទាន់​ពេលវេលា លុះ​រុញ​ចុះ​រុញ​ឡើង បណ្តាលឱ្យ​យប់​កាន់តែ​ជ្រៅ​ស្ទើរតែ ទៅ​មិន​ដល់​កន្លែង​សម្ភព ។

 

​ទោះបីជា​យ៉ាងណា ប្អូនស្រី​របស់គាត់​ពិត​ជា​សំណាង​ខ្លាំងណាស់​១​លើ​១០០០​នាក់ បើសិនជា​សម្រាល​នៅតាម​ផ្លូវ គ្មាន​ពេទ្យ ជួយ​ទាន់ពេលវេលា អាច​នឹងមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជាមិនខាន ។ ក្រោយពី​ឃើញ​ប្អូនស្រី​របស់ខ្លួន​ស្ថិតក្នុង​សភាព​បែបនេះ ពិតជា​ធ្វើឱ្យ​គាត់​ខ្វះ​ភាពកក់ក្តៅ និង​គួរឱ្យ​ខ្មាស់អៀន​យ៉ាងខ្លាំង បើសិនជា​ថ្ងៃ​ណាមួយ​ប្រជាពលរដ្ឋ ឬ​រូបគាត់​ផ្ទាល់​ជួប​បញ្ហា​ដូចនេះ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជាមិនខាន ។​

 

​តែ​ទោះបីជា​យ៉ាងណា គាត់​និង​ក្រុមគ្រួសារ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមគ្រូពេទ្យ​នៅ​ម​ណ្ឌ ល សុខភាព​ស្តៅ ដែល​បាន​យកចិត្តទុកដាក់​នាំគ្នា​សស្រាក់សស្រាំ ជួយសង្គ្រោះ​ប្អូនស្រី​របស់គាត់​ឱ្យ​រួច​ពី​គ្រោះថ្នាក់ នៃ​ការឆ្លង​ទន្លេ​ដ៏​ធំ​មួយ​នេះ ពោលគឺ​មានជីវិត​សារជាថ្មី​ឡើងវិញ ។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ភ្នាក់ងារ​យើង បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ស្លេះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ជាច្រើនលើក​ច្រើនសារ តែ​អត់​មាន​អ្នកទទួល​ទូរស័ព្ទ ។

 

​ចំណែក​លោក​វេជ្ជបណ្ឌិត កឹម សំណាង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាន​បំភ្លឺ​ឱ្យដឹង​ដែរ​ថា ៖ ដោយសារ​នៅមុន​ពេល​ស្ត្រី​ខាងលើ ចូលទៅ​សម្រាលកូន​ក្នុង​ថ្ងៃ​ដដែល មាន​ស្ត្រី​ម្នាក់ទៀត មក​សម្រាលកូន​ដោយ​ធ្វើការ​វះកាត់ លុះ​ក្រោយមក​ក៏​ពិនិត្យឃើញ​មាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បណ្តាលឱ្យ​ឆ្លងទៅ​គ្រូពេទ្យ​ផ្នែក​វះកាត់​មួយចំនួន ។ ពេលនោះ​បណ្តាល ឱ្យ​ក្រុម​គ្រួ​ពេទ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រីឯ​គ្រូពេទ្យ​ផ្សេងទៀត ត្រូវបាន​បែងចែក​ទៅតាម​គោលដៅ​នីមួយៗ​ ​បណ្តាលឱ្យ​ខ្វះ​ពេទ្យ ខណ​:​ពេទ្យឆ្មប​មួយចំនួន​ក៏បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នេះដែរ ។​

 

​លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា ខាង​លោក ក៏​សុំទោស​ទៅ​ក្រុមគ្រួសារ​ស្ត្រីជន​រងគ្រោះ​ខាងលើ ដែល​បាន​សម្រាលកូន​ម្នាក់ឯង ជំនួស​ឱ្យ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេ្តត​ប៉ៃលិន ដែល​មិនបាន​សម្រាលកូន​ឱ្យ​គាត់​ផងដែរ ៕​

សាច់ញាតិ​ស្ត្រី​សម្រាលកូន​លើ​រថយន្ត អរគុណគ្រូពេទ្យ​មណ្ឌល​សុខភាព​ស្តៅ ក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ខ្លាចកូវីដ
សាច់ញាតិ​ស្ត្រី​សម្រាលកូន​លើ​រថយន្ត អរគុណគ្រូពេទ្យ​មណ្ឌល​សុខភាព​ស្តៅ ក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ខ្លាចកូវីដ
សាច់ញាតិ​ស្ត្រី​សម្រាលកូន​លើ​រថយន្ត អរគុណគ្រូពេទ្យ​មណ្ឌល​សុខភាព​ស្តៅ ក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ខ្លាចកូវីដ
សាច់ញាតិ​ស្ត្រី​សម្រាលកូន​លើ​រថយន្ត អរគុណគ្រូពេទ្យ​មណ្ឌល​សុខភាព​ស្តៅ ក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មិន​ហ៊ាន​ទទួល​ខ្លាចកូវីដ

PLB Banner on article detail