AIREEN Juist Dey Phumi Realthy

​បុរស​ម្នាក់​ស្លាប់​នៅលើ​ម៉ូតូ​កង់​បី​នៅពេល​ដឹក​ទៅរក​គ្រូខ្មែរ​ព្យាបាល​

ថ្ងៃពុធ 21 កក្កដា 2021, 20:31

ខេត្តបាត់ដំបង​! បុរស​អ្នករត់​ម៉ូតូ​កង់​បី​ម្នា​ក់បាន​ស្លាប់​នៅលើ​ម៉ូតូ​របស់ខ្លួន​នៅពេលដែល​មិត្ត​ភ័​កិ្ត​រួម​អាជីប​ដឹក​ទៅរក​គ្រូខ្មែរ​ដើម្បី​ព្យាបាល​រោគ ជនសង្ស័យ​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​។​

 

ដែល​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុច​មុខ​មន្ទីរ​រ​ពេទ្យ​បង្អែក​ខេត្ត ឋិត​ក្នុង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ជនរងគ្រោះ​មានឈ្មោះ ផន ចិន្តា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំមាន​មុខរបរ​រត់​ផាស​អាប រស់នៅ​បណ្តោះអាសន្ន​នៅក្នុង​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​

 

សាក្សី​ដែល​ស្និត​ជាមួយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា​÷ ជនរងគ្រោះ​ខាងលើ​គាត់​មាន​ជំងឺ​ប្រចាំកាយ​ច្រើន​មុខ​ដូចជា ក្រិន​ថ្លើម និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម ដោយសារ​សភាព​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​នៅ​ថ្ងៃកើតហេតុ ថ្ងៃទី ២០ ខែកក្កដា ម្សិលមិញ គាត់​បាន​ពឹងពាក់​ខ្លួន​ឲ្យ​ជូន​ទៅរក​គ្រូខ្មែរ​នៅឯ​ស្រុក​សំឡូត​ដើម្បី​ព្យាបាល​រោគ ដោយ​ខ្លួន​ជា​អ្នកបើក​ម៉ូតូ រីឯ​ជនរងគ្រោះ​អង្គុយ​ផង និង​ដេក​ផង​នៅ​ផ្នែក​ខាងក្រោយ លុះដល់​ពាក់​កណ្តាលផ្លូវ​ចំណុច​វាល​ចម្បាំង​គាត់​បាន​និយាយ​សាកសួរ​ទៅរក​អ្នកជំងឺ តែ​គាត់​មិន​ស្តី​តប​ស្ងាត់​មាត់​ឈឹង​លែង​ឆ្លងឆ្លើយ រហូត​គាត់​មិន​អស់ចិត្ត​ក៏​ឈប់​ម៉ូតូ​កង់​បី ដើម្បី​សួរនាំ​ពី​អាការរោគ​ម្តងទៀត​ទើប​ដឹងថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

 

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែមថា​÷ ក្រោយ​ពេលដែល​ខ្លួន​បានដឹងថា​ជនរងគ្រោះ​ស្លាប់ ខ្លួន​ក៏បាន​បើក​ផាស​អាប​វិលត្រឡប់​បក​ក្រោយមក​ខេត្ត​វិញ​ទាំង​មិនបាន​ដឹងថា​ជនរងគ្រោះ​មាន​ទីលំនៅ នៅឯណា ហើយក៏​សម្រេចចិត្ត​ដឹក​សាកសព​មក​ទុក​នៅ​ចំណត​ម៉ូតូ​របស់គាត់ នៅមុខ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង នៅ​ព្រលប់​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ហើយ​ទុកចោល​រហូតដល់​ព្រឹក​ឡើង​ថ្ងៃទី ២១ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ធ្វើដំណើរ​ជិតខាង​មក​មើល​តែម្តង​។​

 

ក្រោយ​ពេលដែល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ដល់​ពិនិត្យ​កោសល្យវិច័យ​រួច ក៏បាន​បញ្ជាក់ថា​ជនរ​ង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​កម្រិត​ធ្ងន់ធ្ងរ បន្ទាប់មក​បានប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើ​កិច្ច​តាមបែប​សាសនា និង​បូជា​នៅ​វត្ត​ប​ច្ឆា  ស្ថិតក្នុង​ក្រុង​បាត់ដំបង​តែម្តង​៕​

​បុរស​ម្នាក់​ស្លាប់​នៅលើ​ម៉ូតូ​កង់​បី​នៅពេល​ដឹក​ទៅរក​គ្រូខ្មែរ​ព្យាបាល​
​បុរស​ម្នាក់​ស្លាប់​នៅលើ​ម៉ូតូ​កង់​បី​នៅពេល​ដឹក​ទៅរក​គ្រូខ្មែរ​ព្យាបាល​
​បុរស​ម្នាក់​ស្លាប់​នៅលើ​ម៉ូតូ​កង់​បី​នៅពេល​ដឹក​ទៅរក​គ្រូខ្មែរ​ព្យាបាល​

PLB Banner on article detail

អត្ថបទពេញនិយម