ចាប់ពីខែសីហា តទៅ កញ្ចប់បារីទាំងអស់ ត្រូវមានសារព្រមានថ្មីជារូបភាព និងជាអក្សរ

ថ្ងៃពុធ 21 កក្កដា 2021, 11:6

ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ តទៅ កញ្ចប់បារីទាំងអស់ដែលចរាចរលើទីផ្សារត្រូវតែមានសារព្រមានថ្មីជារូបភាពនិងជាអក្សរដែលបានកំណត់ដោយក្រសួងសុខាភិបាល។

 

យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល សារព្រមានសុខភាពត្រូវផ្ដាស់ប្ដូររៀងរាល់ ២ឆ្នាំម្ដង។ អនុលោមតាមប្រកាសនេះក្រសួងសុខាភិបាលបាន ជូនដំណឹង និងផ្ដល់រូបភាពថ្មី ដល់ ក្រុមហ៊ុនថ្នាំជក់ តាំងពីខែធ្នូឆ្នាំ២០២០ ដែលមានរយៈពេល ៩ខែ គិតដល់ថ្ងៃកំណត់ ០១ សីហា ២០២១។

 

ការរឹតបន្តឹងការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារី អោយបានទៀងទាត់ ជំរុញអ្នកជក់បារីអោយផ្ដាច់បារី និងបង្ការស្រី្ត យុវជន និងកុមារ កុំអោយចាប់ផ្ដើមជក់បារី។ ការផ្ដាច់បារីរបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពីព្រោះ ការជក់បារីបង្កើនឱកាសនៃការឆ្លងជំងឺនេះ ហើយប្រសិនបើអ្នកជក់ឆ្លងជំងឺនេះ គាត់នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអ្នកមិនជក់។

 

មានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត ជាច្រើនបង្ហាញថា ការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ជាវិធានការអប់រំ ដែលមានប្រសិទ្ធភាពខ្ពស់។ 

 

ជាក់ស្ដែង ការសិក្សានៅ ប្រទេសថៃឆ្នាំ២០១៨ អំពីប្រសិទ្ធភាព នៃ សារព្រមានសុខភាពជារូបភាពមានទំហំ ៨៥%នៃកញ្ចប់បារីបានបង្ហាញថា រូបភាពព្រមានសុខភាពធំ មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាព ភ័យខ្លាច និងបង្ការការ ផ្ដើម ជក់បារីក្នុងចំណោមអ្នកមិនជក់បារី រីឯក្នុងចំណោមអ្នកជក់បារី រូបភាព ព្រមានសុខភាព ធំ មានប្រសិទ្ធភាពធ្វើអោយមានការភ័យខ្លាច និងធ្វើអោយអ្នកជក់មានបំណងផ្ដាច់បារី (Sirichotiratana, Sujirarat, et al, 2018)។

 

ស្រដៀងនេះដែរ ការសិក្សាមួយរបស់ ក្រសួងសុខាភិបាល អូស្រាលី អំពី ប្រសិទ្ធភាពនៃកញ្ចប់បារីលាត បានបង្ហាញថា កញ្ចប់បារីដែលដាក់សារព្រមានសុខភាពរូបភាព មិនមានការរចនាលំអនានាលើកញ្ចប់បារី មានប្រសិទ្ធធ្វើអោយអ្នកប្រើប្រាស់ថ្នាំជក់យល់ដឹងពីផលប៉ះពាល់នៃការជក់បារី ធ្វើអោយអ្នកជក់បារីចាប់ផ្ដើមព្រួយបារម្មណ៍អំពីសុខភាពរប ស់ខ្លួន   និងធ្វើអោយអ្នកជក់បារីមានបំណងផ្ដាច់បារី ។

 

ថ្នាំជក់ជាផលិតផលដែលមានគ្រោះថ្នាក់ ដោយហេតុថា ពាក់កណ្ដាលនៃអ្នកប្រើប្រាស់ថ្នាំជក់ ធ្លាក់ខ្លួនឈឺ ពិការ និងស្លាប់មុនអាយុកំណត់។  ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជម្ងឺបង្កពី ការប្រើប្រាស់ថ្នាំជក់។ ថវិកាប្រមាណ១,៤ ទ្រីលានដុល្លារអាមេរិក ត្រូវបានខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់ (WHO FCTC Investment Case for Cambodia, 2019)។

ចាប់ពីខែសីហា តទៅ កញ្ចប់បារីទាំងអស់ ត្រូវមានសារព្រមានថ្មីជារូបភាព និងជាអក្សរ

PLB Banner on article detail

អត្ថបទពេញនិយម