ក្រសួងបរិស្ថាន រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​រ៉ា​ម​សារ​

ថ្ងៃពុធ 21 កក្កដា 2021, 10:24

​ក្រសួងបរិស្ថាន​បរិស្ថាន បាននិងកំពុង​រៀបចំ​ដាក់​តំបន់ ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ស្ថិតនៅក្នុង​ខេត្តតាកែវ ជា​«​តំបន់​រ៉ា​ម​សារ​»​ដោយសារតែ​ភាព​សំខាន់​នៃ​តំបន់​នេះ​ដែល​បានផ្តល់​ជា​ធនធានធម្មជាតិ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ និង​ជាទី​ជម្រក​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ដែលជា​ប្រភេទ​សត្វ​កម្រ​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នេះ​។​

 

​ឯកឧត្តម​បាន​ថ្លែងថា ការដាក់​តំបន់ដីសើម​មួយ​ជា​តំបន់​រ៉ា​ម​សារ គឺ​ត្រូវមាន​ការសិក្សា និង​ប្រមូល​ទិន្ន័យ​ពី​ជីវចម្រុះ សេវាកម្ម​អេកូឡូស៊ី និង​សក្តានុពល​នៃ​តំបន់ដីសើម​នោះ​ដើម្បី​រៀបចំ​ឯកសារ​ព័ត៌មាន និង​ទាមទារ​ឱ្យមាន​ការពិគ្រោះ​យោបល់ និង​ទទួល​ការគាំទ្រ​ពី​អ្នកពាក់ព័ន្ធ​ទាំង​នៅ​មូលដ្ឋាន ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​។ បើ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ត្រូវ​បានដាក់​តំបន់​រ៉ា​ម​សារ នោះ​កម្ពុជា​នឹងមាន តំបន់​រ៉ា​ម​សារ​សរុប​ចំនួន ៦​។ តំបន់​រ៉ា​ម​សារ​ទាំង ៥ របស់​កម្ពុជា​រួមមាន តំបន់​រ៉ា​ម​សារ​ស្ទឹង ត្រែង កោះ​កាពិ បឹង​ទន្លេ​ឆ្មារ ព្រែក​ទាល់ និង​ស្ទឹងសែន​។​

 

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ស្ថិត នៅក្នុង​ខេត្តតាកែវ​បានផ្តល់​ជា​ធនធានធម្មជាតិ​សម្រាប់​ទ្រទ្រង់​ដល់​ជីវភាព ប្រជា​សហគមន៍ និង​ជាទី​ជម្រក​សម្រាប់​សត្វ​ស្លាប​ទឹក​និង​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជាច្រើន​ប្រភេទ​ជាពិសេស​សត្វ​ក្រៀល​ដែលជា​ប្រភេទ​សត្វ​ស្លាប​កំពុង​ទទួលរង​ការគំរាមកំហែង​។ នៅ​ថ្មីៗ​នេះ​ផងដែរ ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ក៏បាន​កត់ត្រា​ពី​វត្តមាន​ចាបព្រៃ​វែង ដែលជា​ប្រភេទ​សត្វ​ទេសន្តរប្រវេសន៍ ផ្លាស់​ទី​រវាង ស៊ី​បេ​រី និង​អាស៊ីអាគ្នេយ៍ តាមផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី​។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ក៏មាន​វត្តមាន សត្វ​ត្រដក់​ធំ ដែលជា​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ និង​ប្រភេទ​សត្វ​ស្លាប​ទឹក​មួយចំនួន​ដូចជា​ត្រយង​ខ្លួ​ង​ស ត្រយង​ខ្លួន​រលោង រនាល​ពណ៌ ចង្កៀលខ្យង ទុង​ប្រផេះ​ជាដើម​ដែល​បាន​ចុះ​មករក​ចំណី​ក្នុង​តំបន់​នេះ​។​
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បានផ្តល់​ជា​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន ដែល​បាន​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន តាមរយៈ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាង​សម្បូរបែប​របស់​វា​ដូចជា​៖ សេវាកម្ម​ផ្គត់ផ្គង់​ដោយ​ផ្តល់​ជា​ប្រភពទឹក អាហារ ឱសថ ត្រី ធនធាន    ព​ន្ធុ ដីល្បាប់ និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត  សេវាកម្ម​និយ័តកម្ម ដោយ​ទប់ស្កាត់​គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្ម​អាកាសធាតុ​ក្នុង​តំបន់ និង​នៅ​សាកល បន្សុទ្ធ​ទឹក ជាដើម សេវាកម្ម​វប្បធម៌ ដោយ​ផ្តល់​ជា​តម្លៃ​សោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃ​បេតិកភណ្ឌ​វប្បធម៌ សាសនា ទំនាក់ទំនង​សង្គម ការអប់រំ និង​សិក្សា​ស្រាវជ្រាវ និង​សេវាកម្ម គាំទ្រ ដូចជា​ផ្តល់​ជាទី​ជម្រក​ដល់​ជីវចម្រុះ ការកកើត​ដីល្បាប់ សារធាតុ​រ៉ែ សារធាតុសរីរាង្គ ផ្តល់​ជា​ផលិតកម្ម​បឋម គាំទ្រ​ដល់​វដ្ត​ទឹក និង​វដ្ត​ចំណីអាហារ​។​ល​។  
«​ទាំងនេះ​គឺ​បានបញ្ជាក់​ពី​សារៈសំខាន់​ជា​អន្តរជាតិ​របស់​តំបន់ការពារទេសភាព​នេះ​។ ដូចនេះ​ទើប ក្រសួងបរិស្ថាន បាននិងកំពុង​រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​ទៅជា​តំបន់  រ៉ា​ម​សារ​ដែល​នឹង​ផ្តល់​តម្លៃ​ដល់​តំបន់ដីសើម​នេះ​ជា​អន្តរជាតិ​»​។ នេះ​គឺជា ការ​ថ្លែង​បញ្ជាក់​របស់​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន ដោយ​បន្ថែមថា ក្រសួង​រំពឹងថា​ការដាក់ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នឹង​ធ្វើឡើង​ក្នុង​ពេលវេលា​សមស្រប​ខាងមុខនេះ​។​

 

​ទាក់ទង​នឹង​សារៈប្រយោជន៍ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា ការដាក់​តំបន់ការពារទេសភាព​បឹង​ព្រែ​ល្ពៅ​ជា​តំបន់​រ៉ា​ម​សារ គឺ​បង្ហាញឱ្យឃើញថា​តំបន់ដីសើម​នេះ​មាន​សារៈសំខាន់​ជា​អន្តរជាតិ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ដោយ​អនុសញ្ញា​រ៉ា​ម​សា​ដែលមាន​លេខាធិការដ្ឋាន​រ៉ា​ម​សារ នៅ​ប្រទេស​ស្វី​ស​។ ការដាក់​តំបន់ការពារទេសភាព​បឹង​ព្រែ​ល្ពៅ​ជា​តំបន់​រ៉ា​ម​សារ ក៏មាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដូចជា​៖ ១)​បង្កើន​ការយល់ដឹង​ជា​សាធារណៈ​ពី​សារៈសំខាន់ នៃ​តំបន់ដីសើម ២)​បង្កើន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​គ្រប់គ្រង​តំបន់ដីសើម ៣)​មានការ​គាំទ្រ​កាន់តែ​ច្រើនជាង​មុន​ក្នុងការ ការពារ​នូវ​តំបន់​ទាំងនោះ​ក៏ដូចជា​តំបន់​នៅ​ជុំវិញ ៤)​បង្កើន​មូលនិធិ​សម្រាប់​អភិរក្ស​ទាំង​ក្នុង​និង​ក្រៅប្រទេស ៥) ពង្រឹង​កាលានុវត្តន៍​ភាព ក្នុង​ការជំរុញ​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​អេកូ​ទេសចរណ៍​។​

 

​លោក ស្រី ស៊ុន​លាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ប្រទេស​កម្ពុជា​បានអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​រ៉ា​ម​សារ នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​១៩៩៦ និង​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ១៩៩៩​។ អនុសញ្ញា​រ៉ា​ម​សារ​ធ្វើការ​លើ​សសរស្តម្ភ​ចំនួន ៣ សំខាន់​គឺ ១)​ការប្រើប្រាស់​តំបន់ ដី​សើម​ប្រកបដោយ​ភាព​ឈ្លាត​វៃ ២)​កំណត់​និង​បង្កើត​តំបន់ដីសើម​ជា​លក្ខណៈ​អន្តរជាតិ និង ៣)​កិច្ចសហការ​អន្តរជាតិ​។ បច្ចុប្បន្ននេះ តំបន់ដីសើម​ដែល​ត្រូវបាន​ដាក់បញ្ចូល ជា​តំបន់​រ៉ា​ម​សារ​មាន​ចំនួន ២៤២៤ នៅលើ​ពិភពលោក គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ២៥​លាន​ហិកតា ដែល​ក្នុងនោះ​កម្ពុ​ជាមាន​ចំនួន ៥ កន្លែង​សរុប​មាន​ផ្ទៃដី​ទំហំ ៤២.២៥៧ ហិកតា​៕​

ក្រសួងបរិស្ថាន រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​រ៉ា​ម​សារ​
ក្រសួងបរិស្ថាន រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​រ៉ា​ម​សារ​
ក្រសួងបរិស្ថាន រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​រ៉ា​ម​សារ​
ក្រសួងបរិស្ថាន រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​រ៉ា​ម​សារ​
ក្រសួងបរិស្ថាន រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​រ៉ា​ម​សារ​
ក្រសួងបរិស្ថាន រៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ជា​តំបន់​រ៉ា​ម​សារ​

PLB Banner on article detail