ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​

ថ្ងៃអង្គារ 20 កក្កដា 2021, 8:36

​ហ្វូង​សត្វ​ខ្ទីង​ដែលមាន​ទាំង​សត្វ​ខ្ទីង​ធំ សត្វ​ខ្ទីង​តូចៗ​ជាច្រើន​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ នៃ​ក្រសួងបរិស្ថាន ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​បង្ហាញ​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។​

 

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំ​ពាំ​ក្យ​ក្រសួងបរិស្ថាន បានអោយដឹង​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​ថា វត្តមាន​នៃ​កូន​សត្វ​ខ្ទីង​ជាច្រើន គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​សម្រាប់​ជីវៈចម្រុះ​ពិភពលោក ខណៈ​សត្វ​ខ្ទីង​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។​

 

​ជាមួយគ្នានេះដែរ​លោក នេត្រ ភក្ត្រា ក៏បាន​លើកឡើង​ពី​ប្រវត្តិ​របស់​សត្វ​ខ្ទីង​ធ្លាប់មាន​វត្តមាន​នៅតាម​តំបន់​ដែលមាន​ព្រៃ​ក្នុង​តំបន់​អាស៊ី​ភាគខាងត្បូង និង​ភាគ​អាគ្នេយ៍ និង​ប្រទេស​ស្រីលង្កា​។ ចំនួន​សត្វ​ខ្ទីង​ត្រូវបាន​សិក្សា​ថា មានការ​ថយចុះ​ជាង ៨០%​ក្នុង​រយៈពេល​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ហើយ​សត្វ​ខ្ទីង​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រមាណ​៩០% ចាប់ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​២០​មក​។​

 

​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា តាម​ការសិក្សា​របស់​អ្នកជំនាញ សត្វ​ខ្ទីង​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​ប្រមាណ​ជាង ៥០% នៅក្នុង​អំឡុង ពេល​ចន្លោះ​ពី​ឆ្នាំ​១៩៦០ មកដល់​ដើមឆ្នាំ​១៩៩០​។ ចំនួន​នេះ​ត្រូវបាន​រកឃើញថា​មានការ​ធ្លាក់ចុះ​បន្ថែមទៀត​រហូតមកដល់​ពេលនេះ​។

 

​បើទោះបីជា​ការសិក្សា​បាន​បង្ហាញថា​ចំនួន​សត្វ​ខ្ទីង​នៅ​កម្ពុជា​មានការ​ថយចុះ​ស្របតាម​និន្នាការ​នៃ​ការថយចុះ​របស់​ពិភពលោក តែ​របាយ​ប្រជាសាស្ត្រ​សត្វ​ខ្ទីង មាននៅ​ស្ទើរ​គ្រប់​តំបន់ការពារធម្មជាតិ​នានា​។​

 

​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួន​ប្រជាសាស្ត្រ​នៃ​សត្វ​ខ្ទីង​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ចន្លោះ​ពី ១៥,០០០ ទៅ ៣៥,០០០​ក្បាល ហើយ​ក្នុងនោះ បើ​យោងតាម​ទិន្នន័យ​ទីវាល ចំនួន​សត្វ​ខ្ទីង​ពេញវ័យ​អាចមាន​ចន្លោះ​ពី ៦,០០០ ទៅ ២១,០០០​ក្បាល​ប៉ុណ្ណោះ​។ បច្ចុប្បន្ននេះ ខ្ទីង​កំពុងមាន​វត្តមាន​រស់​នៅក្នុង​ប្រទេស​ប៊ូ​តង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ថៃ និង​វៀតណាម ប៉ុន្តែ​បាន​ផុត​ពូជ​នៅក្នុង​ប្រទេស​ស្រីលង្កា និង​ប្រទេស​បង់​ក្លា​ដេ​ស​។​

 

​នៅក្នុង​ហ្វូង​ខ្ទីង ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ គឺមាន​វត្ត​មានកូន​ខ្ទីង និង​សត្វ​ខ្ទីង​ជំទង់​ជាច្រើន​ដែល​នេះ​បង្ហាញថា​សត្វ​ខ្ទីង​បន្ត​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា និង​បាន​បន្ត​ពូជ​បង្កើត​កូនតូចៗ​ជាច្រើន​ដែលជា​ផ្នែក​មួយ​នៃ​ការរក្សាបាន​ប្រភេទ​ពូជ​សត្វ​ដ៏​កម្រ​របស់​ពិភពលោក​នៅ​កម្ពុជា និង​ការថែរក្សា​បាន​នូវ​ទីជម្រក​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​រស់នៅ​។​

 

​ក្រសួងបរិស្ថាន​ក្នុងនាម​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​នឹង​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​កិច្ចការពារ និង​គ្រប់គ្រង​អភិរក្ស​ជីវៈចម្រុះ​សត្វព្រៃ​គ្រប់​ប្រភេទ ការការពារ​ឱ្យបាន​ល្អប្រសើរ​នូវ​តំបន់ការពារធម្មជាតិ​ដែលជា​ទីជម្រក​របស់​ស​ត្វ​ព្រៃ និង​ថែរក្សា​ប្រភពទឹក និង​ប្រភព​ចំណីអាហារ​របស់​សត្វព្រៃ ក៏ដូចជា​ការអប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​សារៈសំខាន់​នៃ​ការថែរក្សា​ព្រៃឈើ​សត្វព្រៃ​ដើម្បី​អនុញ្ញាតឱ្យ​ជីវៈចម្រុះ​ជាពិសេស​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​បន្ត​រស់នៅ និង​បន្ត​ពូជ​បន្សល់​ទុកជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។

 

​ក្រសួងបរិស្ថាន​នឹង​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ដែល​បាន​សហការ​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ដើម្បី​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​នូវ​ធនធានធម្មជាតិ ព្រៃឈើ​និង​សត្វព្រៃ​។​

 

​ដើម្បី​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​ជាពិសេស​សត្វព្រៃ​កម្រៗ នៅលើ​ពិភពលោក​ដែលមាន​វត្ត មាននៅ​កម្ពុជា ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការបរិភោគ សាច់សត្វ​ព្រៃ និង​កុំ​ជឿថា​បរិភោគ​សាច់សត្វ​ព្រៃ​ផ្តល់នូវ​សុខភាព​ល្អ​។ ជាមួយគ្នានេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង អនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស​សម្លាប់សត្វ​ដោយ​មិន​លើកលែង​ឡើយ​៕ រូបភាព​៖ ក្រសួងបរិស្ថាន​

 

ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​
ហ្វូង​សត្វ​ខ្ទីង បង្ហាញខ្លួន​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​

PLB Banner on article detail