សាកសព​ស្ត្រី​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹក​ក្នុង​ស្ទឹង​សង្កែ​

ថ្ងៃពុធ 14 កក្កដា 2021, 22:42

​ខេត្តបាត់ដំបង​! សាកសព​ស្ត្រី​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹក​ក្នុង​ស្ទឹង​សង្កែ សង្ស័យ​ជា​ករណី​ស្រវឹងស្រា​ហែល​ទឹក​លេង​បណ្តាល​ឲ្យ​លង់​ស្លាប់​។​

 

​ហេតុការណ៍​ប្រទះឃើញ​សាកសព​ស្ត្រី​លង់ទឹក​ស្លាប់​ខាងលើនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុច​ខាងមុខ​វេទិការ​អុំទូក ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

 

​សាកសព​ស្ត្រី​រងគ្រោះ​ឋិត​ក្នុង​សភាព​អាក្រាត​អត់​ខោ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ដា អាយុ ប្រហែល​ជិត ៤០​ឆ្នាំ រស់នៅក្នុង​រ៉ា​ជង្រុក ស្ថិតក្នុង​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត​ដំបង​។​

 

​ប្រភពពី​អ្នកជិតខាង​បានអោយដឹងថា ជនរងគ្រោះ​ឧស្សាហ៍​ស្រវឹងស្រា​ជា​ញឹកញាប់ ហើយ​ពេល​ស្រវឹងស្រា​ម្តងៗ​តែងតែ​រករឿង​ឈ្លោះ​នឹង​ប្តី ហើយ​បាន​ព្យាយាម​លោតទឹក​សម្លាប់ខ្លួន​ម្តង​ដែរ​តែ​ត្រូវបាន​គេ​ជួយ​ទាន់ លុះ​២​ខែ​ចុង​ក្រោយមក​ដោយសារ​ប្តី​ស៊ូទ្រាំ​នឹង​ការ​រករឿង​ពី​ប្រពន្ធ​មិនបាន​ក៏​បែកផ្លូវ​គ្នា​រហូតដល់​ថ្ងៃកើតហេតុ​តែម្តង​។

 

​ប្រភព​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​នារី​រងគ្រោះ​បាន​បញ្ជាក់ថា​÷ កាលពី​ល្ងាច​ថ្ងៃទី ១៣ ខែកក្កដា កន្លងមក​គេ​បានឃើញ​ជនរងគ្រោះ​ចុះ​ងូតទឹក​ស្ទឹង និង​បោក​ខោអាវ នៅក្បែរ​គល់ស្ពាន​សម្តេច​ក្រឡាហោម ស ខេង លុះ​បោក​ខោអាវ​រួច សង្ស័យ​ស្រវឹងស្រា​ផង ស្ត្រី​ខាងលើ​បាន​ហែល​ទឹក​លេង​លុះដល់​កណ្តាលស្ទឹង​ក៏​អស់កម្លាំង​ស្រែក​ឲ្យ​គេឯង​ជួយ​រួច​បាន​លិចទៅ​ក្នុង​ទឹក​បាត់​តែម្តង រហូត​ព្រឹក​ឡើង​ទើប​អ្នក​ហាត់ប្រាណ​ប្រទះឃើញ​សាកសព​អណ្តែត​ឡើង​តែម្តង​។​

 

​ភ្លាមៗ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ រួច​សម្រេច​ដឹក​សាកសព​យក​តម្កល់ទុក​នៅឯ​វត្ត​ប​ច្ឆា​ដើម្បី​ស្វែងរក​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

សាកសព​ស្ត្រី​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹក​ក្នុង​ស្ទឹង​សង្កែ​

PLB Banner on article detail

អត្ថបទពេញនិយម