លោកយាយ​អាយុ​១០៥​ឆ្នាំ បាន​ទាំង​ចាក់​វ៉ាក់សាំង និង​ថវិកា​ឧបត្ថម្ភ ពី​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន​

ថ្ងៃអាទិត្យ 11 កក្កដា 2021, 22:3

(​ប៉ៃលិន​) ៖ លោកយាយ​វ័យ​ចំណាស់​ម្នាក់​អាយុ​១០៥​ឆ្នាំ ដែល​គេ​ចាត់ទុកថា ជា​ស្ត្រី​១​រូប មាន​អាយុ​ច្រើនជាងគេ​នៅក្នុង​ខេត្ត​ប៉ៃលិន និង នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ រួចរាល់​និង​ទទួលបាន​ការឧបត្ថម្ភ​ថវិការ​មួយចំនួន​ពី​លោកជំទាវ​បាន​ស្រីមុំ​អភិបាលខេត្ត​ប៉ៃលិន​ថែមទៀត​។​

 

 ក្រោយពេល ដែល​លោកគ្រូ​ពេទ្យ​បាន​ពិនិត្យ​សុខភាព​គាត់​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​អាយុ​កាន់តែច្រើន សុខភាព​កាន់តែ​ទ្រុឌទ្រោម លុះ​ក្រោយពេល​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ ១៩​រួច ក្រុមគ្រូពេទ្យ​មិនទាន់​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​នោះទេ ដោយបាន​ជួយ​ចាក់​ថ្នាំ​កម្លាំង និង​ព្យួរសេរ៉ូម​១​កំប្លោក ដើម្បី​ជា​ជំនួយ​កម្លាំង​បន្ថែមទៀត ដល់​លោកយាយ​កុំឱ្យ​មានការ​ហេវ​ហត់​អស់កម្លាំង​ខ្លាំង​ជាង​មុន ។​

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ លោកយាយ​ចំណាស់​ខាងលើ មាន ឈ្មោះ​ស៉ឹ​ម​ស៊ាន អាយុ​១០៥​ឆ្នាំ រស់នៅ​ភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានមក​ទទួល​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅក្នុង​មណ្ឌល​សុខភាព​ភ្នំ​ព្រាល ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។  

 

​ប្រភព​បន្តទៀតថា លោកជំទាវ ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​ទូទាំង​ខេត្ត​ប៉ៃលិន ពេលទៅដល់​កន្លែង​មណ្ឌល​សុខភាព​ខាងលើ ស្រាប់តែ​ឃើញ​លោកយាយ​ចំណាស់​ម្នាក់ កំពុង​សម្រាក​នៅលើ​គ្រែ​ព្យួរសេរ៉ូម​កម្លាំង ។ ពេល នោះ​លោកជំទាវ​អភិបាលខេត្ត​ក៏បាន​សួរសុខទុក្ខ​ដល់​លោកយាយ ដោយ​គ្រាន់តែ​ឮ​សម្លេង​ភ្លាម គាត់​មានការ​រំភើប​រីករាយ​យ៉ាងខ្លាំង ក៏​ចាប់ដៃ​លោកជំទាវ​និយាយ​លេង​ដូច​កូន និង​ម្តាយ ។​

 

 តែ​មើលទៅ​សភាព​របស់គាត់​គឺ​នៅ​រឹងមាំ​ល្អ មិនទាន់​មានការ​វង្វេង​ដូច​មនុស្ស​ចាស់​ផ្សេងទៀត​នៅឡើយ​ទេ ព្រោះ​គាត់​នៅចាំ​ឈ្មោះ និង​អាច​និយាយ​ឆ្លងឆ្លើយ​លេងសើច​យ៉ាង​សប្បាយ​គួរឱ្យ​កោតសរសើរ ។ តែ​អ្វីដែល​គាត់ មិន​ភ្លេច​នោះ គឺ​សុំ​ថវិកា​ពី​លោកជំទាវ​អភិបាលខេត្ត ដើម្បី​យកទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ។​

 

 តែ​ទោះបីជា​យ៉ាងណា ដោយ​ចិត្ត​ធ្វើ​បុណ្យទាន និង​សទ្ធា​ជ្រះថ្លា លោកជំទាវ ក៏​បានឱ្យ​ក្រុមការងារ​រៀបចំ​ថវិកា​មួយចំនួន​ជូន​ដល់​លោកយាយ​ភ្លាមៗ ហើយក៏​ទទួលបាន​អង្ករ​១​កា​រ៉ុង​ពី​ក្រុមការងារ ជូន​ដល់​លោកយាយ​បន្ថែម​ទៀតផង ។

 

​លោកយាយ ស៉ឹ​ម​ស៊ាន អាយុ​១០៥​ឆ្នាំ មិន​ភ្លេច​ជូនពរ​ដល់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឱ្យមាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ហើយ​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​គ្រប់​ភារកិច្ច ជាពិសេស​លោកយាយ​ក៏​សូម​ជូនពរ​ឱ្យ​លោកជំទាវ និង​ក្រុមការងារ​មាន​អាយុ​វែង​ដូចជា​គាត់​ដែរ ។​

 

 លើសពីនេះ​លោកយាយ ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

 

 លោកយាយ​ក៏​ជូនពរ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបាន​សុខភាព​ល្អ មាន​កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ មាន​ប្រាជ្ញា​ឈ្លាសវៃ​ក្នុងការ​ដឹកនាំ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ជឿនលឿន​ទៅមុខ​ជា​ដរាប ។​

 

​សូមបញ្ជាក់ថា ៖ លោកយាយ  ស៉ឺ​ម​ស៊ាន ក៏​ទទួលបាន​មូលនិធិ​ចាស់ជរា​ពី​លោកជំទាវ​អភិបាល ខេត្ត​ប៉ៃលិន ជា​រៀងរាល់ខែ​ដែរ គឺ​ក្នុង​១​ខែ​ចំនួន​១០​ម៉ឺន​រៀល​៕​

លោកយាយ​អាយុ​១០៥​ឆ្នាំ បាន​ទាំង​ចាក់​វ៉ាក់សាំង និង​ថវិកា​ឧបត្ថម្ភ ពី​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន​
លោកយាយ​អាយុ​១០៥​ឆ្នាំ បាន​ទាំង​ចាក់​វ៉ាក់សាំង និង​ថវិកា​ឧបត្ថម្ភ ពី​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន​
លោកយាយ​អាយុ​១០៥​ឆ្នាំ បាន​ទាំង​ចាក់​វ៉ាក់សាំង និង​ថវិកា​ឧបត្ថម្ភ ពី​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន​

PLB Banner on article detail

អត្ថបទពេញនិយម