មន្ទីរ​កសិកម្ម បន្ដ​អនុវត្ដ​បច្ចេកទេស​កសិក​ម្ម​ថ្មី​ជូន​កសិករ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

ថ្ងៃសៅរ៍ 10 កក្កដា 2021, 8:48

(​ខេត្ត​ព្រះសីហនុ​)៖ ដើម្បី​លើកទឹកចិត្ត​និង​ជំរុញឱ្យមាន​សន្ទុះ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កាន់តែ​រីកចម្រើន​ឡើង ពិសេស​ការជំរុញ​ការដាំដុះ ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ព្រមទាំង​ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​អា​ជ្ញ​ធរ​មូលដ្ឋាន បន្តធ្វើ​ការចែកជូន​នូវ​ទុន​សហ​វិនិយោគ​គាំទ្រ​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ដល់​បងប្អូន​ប្រជាកសិករ​ចំនួន ៣​ឃុំ គឺ​ឃុំ​ទួល​ទទឹង ឃុំ​ព្រៃនប់ និង​ឃុំ​ជើងគោ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១ ។

 

​នៅក្នុង​ឱកាស​នោះ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​សិប្បកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ដែលជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អនុវត្ត​ដោយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ចែក​ទុន​សហ​វិនិយោគ​ជូន​ដល់​បងប្អូន​ប្រជាកសិករ​។ កម្មវិធី​នេះ គឺមាន​គោលបំណង​លើកទឹកចិត្ត និង​ជំរុញឱ្យមាន​សន្ទុះ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កាន់តែ​រីកចម្រើន​ឡើង ជាពិសេស​ការជំរុញ ការដាំដុះ ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ព្រមទាំង​ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ បង្កើត​ឱកាស​ការងារ​ក្នុង​វិស័យ​ផ​លលិត​កម្ម កសិកម្ម ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ប្រើប្រាស់​រយៈពេល​ខ្លី​ចំណាយ​ដើមទុន​តិច​ទទួលបាន​ផល​កម្រៃ​ច្រើន ពិសេស​រក្សាបាន​សន្តិភាព​ប្រក្រតី តាម​ជីវភាព​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

 

​លោក បន្ដថា ក្នុងការ​អនុវត្ត​នូវ​កម្មវិធីសិក្សា​បច្ចេក​ទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) នៅក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​អនុវត្ត​សកម្មភាព ក្នុងស្រុក​គោលដៅ​ចំនួន ៣​ស្រុក ដែលមាន ១៥​ឃុំ និង​បង្កើត​បណ្ដុំ​អាជីវកម្ម​បាន​ចំនួន ៩​បណ្ដុំ​អាជីវកម្ម ស្មើនឹង ៤២៩​គ្រួសារ ដែលមាន​ស្ត្រី​ជា​មេ​គ្រួសារ​ចំនួន ១១២​គ្រួសារ រួចមកហើយ ដែល​រួមមាន​៖ -​បណ្ដុំ​អាជីវកម្ម​ដំណាំ​បន្លែ​ចំនួន ២​បណ្ដុំ -​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ចំនួន ២​បណ្ដុំ -​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ចំនួន ៣​បណ្ដុំ -​បណ្ដុំ​អាជីវកម្ម​កែច្នៃ​បង្គា​ក្រៀ​ចំនួន ១​បណ្ដុំ -​បណ្ដុំ​អាជីវកម្ម​កម្មបក​សាច់​ក្ដាម​ចំនួន ១​បណ្ដុំ​។ ក្នុង​ឆ្នាំ​២០២១​នេះ មន្ទីរ​កសិកម្ម បាន​បន្ត​អនុវត្ត​កម្មវិធី​នេះ​ក្នុងស្រុក​គោល​ចំនួន ៣​ស្រុក ដែលមាន ១៥​ឃុំ ដោយបាន​បង្កើត​បណ្ដុំ​អាជីវកម្ម​បាន​ចំនួន ១៧​បណ្ដុំ​អាជីវកម្ម​បន្ថែមទៀត ដែល​ស្មើនឹង ៨៤៥​គ្រួសារ ៕​

មន្ទីរ​កសិកម្ម បន្ដ​អនុវត្ដ​បច្ចេកទេស​កសិក​ម្ម​ថ្មី​ជូន​កសិករ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩
មន្ទីរ​កសិកម្ម បន្ដ​អនុវត្ដ​បច្ចេកទេស​កសិក​ម្ម​ថ្មី​ជូន​កសិករ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

PLB Banner on article detail

អត្ថបទពេញនិយម