រលក​កម្ដៅ​ជិត​៥០​អង្សា រាលដាល​ឆេះ​ព្រៃ បំផ្លាញ​ភូមិ​មួយ​នៅ​កាណាដា​

ថ្ងៃសុក្រ 2 កក្កដា 2021, 11:44

​កាណាដា​៖ ក្រុមមន្ត្រី​កាណាដា កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ ថា ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​បំផ្លាញ​ភូមិ​មួយ​អស់​ប្រហែល ៩០%  នៃ​ទំហំ​ភូមិ​ទាំងមូល បន្ទាប់ពី​សីតុណ្ហភាព បាន​ឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន ក្នុងប្រទេស​កាណាដា​។​

 

​ភ្លើង​ឆេះ​ព្រៃ បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ភូមិ លី​ត​តុ​ន (Lytton) ដែល​ស្ថិតនៅក្នុង​ខេត្ត  ប្រី​ត​ធី​ស ខូ​ឡុំ​ប៊ី (British Columbia) និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជុំវិញ​នោះ​។ ​មេភូមិ លី​ត​តុ​ន (Lytton) បាន​និយាយថា​៖ "​គ្មានអ្វី​នៅ​សេសសល់​ច្រើន​ទេ​នៅ​ក្នុងភូមិ​នេះ​។ ភ្លើង បាន​ឆេះ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​"​។ មេភូមិ​នេះ​បាន​បញ្ជាក់ថា គាត់​បាន​បញ្ជា​ឱ្យ​ពលរដ្ឋ​ភៀសខ្លួន និង​បាន​និយាយថា អណ្តាតភ្លើង​បាន​ឆេះ​រាលដាល​ពេញ​ក្នុងភូមិ​ក្នុង​រយៈពេល​ត្រឹមតែ ១៥​នាទី​ប៉ុណ្ណោះ​។​

 

​អ្នកភូមិ បាន​ភៀសខ្លួន​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែកក្កដា ដោយ​ភាគច្រើន​មិនបាន​យក​របស់របរ​អ្វី​ទៅជា​មួយ​ទេ នៅពេលដែល​ភ្លើង បានចាប់ផ្ដើម​ឆេះ​បំផ្លាញ ភូមិ លី​ត​តុ​ន (Lytton) ដែលមាន​ពលរដ្ឋ​រស់​នៅ​ប្រហែល ២៥០​នាក់  និង​ដែលមាន​ចម្ងាយ​ប្រមាណ ២៦០​គីឡូម៉ែត្រ​ពី​ទីក្រុង វេន​ខូ​វ័រ (Vancouver)​។​

 

​ភូមិ លី​ត​តុ​ន (Lytton) នៅក្នុង​សប្តាហ៍​នេះ មាន​សីតុណ្ហភាព​ឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន ក្នុងប្រទេស​កាណាដា​គឺ​រហូតដល់​ទៅ ៤៩,៦ អង្សា​សេ​។​

 

​សីតុណ្ហភាព​ឡើង​ខ្ពស់​ខុស​ប្រក្រតី បានកើត​មាននៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​តំបន់​អាមេរិក​ខាងជើង​ក្នុង​សប្ដាហ៍​នេះ​។ ខេត្ត ប្រី​ត​ធី​ស ខូ​ឡុំ​ប៊ី (British Columbia) ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​កាណាដា មាន​អ្នកស្លាប់​ចំនួន ៤៨៦​នាក់​ក្នុង​រយៈពេល ៥​ថ្ងៃ​កន្លងមក ដោយសារ​រលក​កម្ដៅ​៕​

រលក​កម្ដៅ​ជិត​៥០​អង្សា រាលដាល​ឆេះ​ព្រៃ បំផ្លាញ​ភូមិ​មួយ​នៅ​កាណាដា​
រលក​កម្ដៅ​ជិត​៥០​អង្សា រាលដាល​ឆេះ​ព្រៃ បំផ្លាញ​ភូមិ​មួយ​នៅ​កាណាដា​
រលក​កម្ដៅ​ជិត​៥០​អង្សា រាលដាល​ឆេះ​ព្រៃ បំផ្លាញ​ភូមិ​មួយ​នៅ​កាណាដា​
រលក​កម្ដៅ​ជិត​៥០​អង្សា រាលដាល​ឆេះ​ព្រៃ បំផ្លាញ​ភូមិ​មួយ​នៅ​កាណាដា​
រលក​កម្ដៅ​ជិត​៥០​អង្សា រាលដាល​ឆេះ​ព្រៃ បំផ្លាញ​ភូមិ​មួយ​នៅ​កាណាដា​

PLB Banner on article detail

អត្ថបទពេញនិយម