ត្រី​ប៉ា​វ៉ា​មុខ​ពីរ ជា​ប្រភេទ​ត្រី​មានតម្លៃ​ទីផ្សារ​ខ្ពស់ មិន​ចាញ់​ត្រី​ប៉ា​សេ​អ៊ី ទេ​

ថ្ងៃព្រហស្បតិ៍ 1 កក្កដា 2021, 19:15

​ត្រី​ប៉ា​វ៉ា​មុខ​ពីរ ដែល​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​តាម​ទន្លេមេគង្គ​លើ​ស្គាល់​យ៉ាងច្បាស់​នោះ មាន​តម្លៃនៅលើទីផ្សារ​មិនធម្មតា​នោះទេ ហើយ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ល្មមៗ ក៏​មិន​ហ៊ាន​ទិញ​ពិសា​រដែរ ព្រោះ​វា​មានតម្លៃ​ថ្លៃ ដោយ​ក្នុង​១​គីឡូ ចាប់ពី ១២០ ០០០​រៀល ទៅ ១៥០ ០០០​រៀល ហើយ​ពពួក​ត្រី​ប្រភេទ​នេះ កាន់តែ​ធំ​កាន់តែ​ថ្លៃ​។​

 

​នៅក្នុង​សៀវភៅ​ត្រី​ទឹកសាប​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ពី​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​នេះ ដោយមាន​ឈ្មោះ​វិទ្យាសាស្ត្រ Bangana behri ជា​ប្រភេទ​ត្រី​ទឹកសាប ដែលមាន​វត្តមាន​តែ​នៅ​តំបន់​មេគង្គ​លើ​តែប៉ុណ្ណោះ គឺ​មាននៅ​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។ ពួកវា​ជា​ប្រភេទ​ត្រី​ដែល​ធ្វើ​ចរាចរណ៍​ជា​ហ្វូង​ចូលទៅក្នុង​អូរ​នៅ​រដូវវស្សា ហើយ​ពង​កូន​ចាប់ពី ខែមិថុនា ដល់ ខែសីហា នៅ​តំបន់​ទឹក​ជួរ និង​ព្រៃ​លិច​ទឹក​។ ចំណីអាហារ​របស់​ពួកវា មានដូចជា​ប្លង់តុង និង​សត្វល្អិត​ក្នុង​ទឹក ហើយ​គេ​ចាប់​វា​បាន​ដោយ​ឧបករណ៍​នេសាទ​មានដូចជា លប សំណាញ់ និង​មង​។​

 

​បងស្រី​ម្នាក់​ដែលជា​អ្នកលក់​ត្រី​នៅ​ខេត្តស្ទឹងត្រែង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បញ្ជាក់​ត្រឹម​ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ត្រី​ទន្លេ​ស្ទឹងត្រែង បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា តាម​ទូរស័ព្ទ​ថា ៖ “​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​នេះ មានតម្លៃ​ថ្លៃ​គួរសម ដោយ​ត្រី​ដែលមាន​ទំងន់​ចាប់​ពីមួយ​គីឡូ​ឡើង អាច​លក់​ចេញ​បាន​ក្នុងតម្លៃ​ប្រហែល​១២​ម៉ឺន​រៀល ក្នុង​មួយ​គីឡូ ហើយ​បើ​ត្រី​នោះ​កាន់តែ​ធំ គឺ​តម្លៃ​អាច​ដល់​១៥​ម៉ឺ​ល​រៀល​ក្នុង​មួយ​គីឡូ ហើយ​ជាទូទៅ​ត្រី​ដែល​ខ្ញុំ​លក់ គឺ​បាន​ទិញ​បន្ត​ពី​អ្នកនេសាទ​ផ្ទាល់ ដែល​អាចមាន​ទម្ងន់​ពី ៤​គីឡូ ទៅ ៥​គីឡូ ហើយ​ជាទូទៅ​អ្នក​ដែល​ទិញ​គឺ​យកទៅ​ស្ងោរជ្រក់ ឬ​ចំហុយ ដែលជា​មុខម្ហូប​ត្រូវ​ជាងគេ​របស់​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​នេះ​”​។​

 

​បងស្រី​បាន​បន្ថែមថា ដោយសារតែ​ក្នុង​ខែ​នេះ​គឺជា​រដូវ​បិទ​នេសាទ ដូច្នេះ​ហាង​របស់​បងស្រី​ពុំ​សូវ​មាន​ត្រី​លក់​ដូច​រាល់ដង​នោះទេ ហើយ​ចាប់ពី​ខែវិច្ឆិកា​ទៅ ទើប​សម្បូរ​ត្រី​លក់​ឡើងវិញ ព្រោះ​ជា​រដូវ​បើក​ការនេសាទ​។​

 

​ពាក់ព័ន្ធ​នឹង​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​នេះដែរ លោក គង់ ចាន់​ធី ប្រជា​នេសាទ​នៅ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ប្រទេស​ឡាវ បានឱ្យ AKP ដឹងផង​ដែរ​ថា ត្រី​ប៉ា​វ៉ា​មុខ​ពីរ​នេះ ក្នុង​មួយឆ្នាំ​ត្រូវ​ចំនួន​២​ដង គឺ​ក្នុង​ចន្លោះ​ខែមេសា​-​ឧសភា និង​វិច្ឆិកា ជាពិសេស​គឺ​នៅក្នុង​ខែវិច្ឆិកា ដែល​ពួកវា​បាន​ឡើងមក​ជាមួយនឹង​ត្រី​ប៉ា​វ៉ា​មុខ​មួយ និង​ត្រី​ប៉ា​សេ​អ៊ី ហើយ​ជា​ប្រភេទ​ត្រី​ធំៗ ហើយ​ដែលមាន​តម្លៃ​ក្នុង​ទីផ្សារ​ខ្ពស់​។ លោក គង់ ចាន់​ធី បាន​បញ្ជាក់ថា ៖ “​ពពួក​ត្រី​នេះ ក្នុង​មួយឆ្នាំ​យើង​នេសាទ​ត្រូវ​២​ដង ព្រោះ​ពួកវា​តែងតែ​ឡើងមក​ពង​កូន​នៅ​តំបន់​មេគង្គ​លើ ហើយ​មាន​ម្តងនោះ ខ្ញុំ​នេសាទ​បាន​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​នេះ ដែលមាន​ទម្ងន់​ប្រមាណ ៨​គីឡូក្រាម​ឯណោះ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រភេទ​ត្រី​ធំៗ និង​គីឡូ​ធ្ងន់ៗ ហើយ​ទិន្នផល​ត្រី​ដែល​នេសាទ​បាន គឺ​ពុំ​សូវ​សម្បូរ​ដូច​មុន​ទេ នេះ​ក៏​ដោយសារតែ​របប​ទឹកទន្លេ​មេគង្គ​មិន​ទៀងទាត់ ដែល​បណ្តាលមកពី​ការកសាង​ទំនប់​វា​រី​អគ្គិសនី​មួយចំនួន នៅ​ប៉ែក​មេគង្គ​លើ​”​។​

 

​ជាទូទៅ​បិទ​រដូវ​នេសាទ គឺ​ត្រូវ​បែងចែក​នៅតាម​ទីតាំង និង​តាម​ពេលវេលា​ដែល​កំណត់​មានដូចជា ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែកញ្ញា បិទ​នេសាទ​ចំពោះ​ដែន​នេសាទ​ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ ដែលមាន​ខេត្ដ​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​តាម​បណ្ដា​តំបន់​មួយចំនួន ដូចជា​កំពង់ចាម ក្រចេះ ត្បូង​ឃុំ មណ្ឌលគិរី រតនគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ផ្នែក​ខាងជើង​ចតុមុខ​។ ហើយ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែតុលា បិទ​នេសាទ​ចំពោះ​ដែន​នេសាទ ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ មាន​រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង​ចតុមុខ ខេត្តកណ្ដាល ព្រៃវែង កំពង់ស្ពឺ ស្វាយរៀង និង​ខេត្តតាកែវ​។ ប៉ុន្តែ​ការនេសាទ ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ឧបករណ៍​សម្រាប់តែ​ការនេសាទ​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ ដើម្បី​ចូលរួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​ឱ្យបាន​គង់វង្ស​។​

 

​លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល និង​ជា​បុរស​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​ទន្លេមេគង្គ បានបញ្ជាក់​ពី​លក្ខណៈ​សម្គាល់​របស់​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​ថា ពួកវា​ជា​ប្រភេទ​ត្រី​ដែល​គ្មាន​ព្រុយ​ទ្រនុង​រឹង តែមាន​ទ្រនុង​ទន់​ពី ១២ ទៅ ១៣​។ មាន​បបូរមាត់​លើ និង​បបូរមាត់​ក្រោម ហើយ​មាន​គន្លាក់​ខ្លាំង​នៅ​ចន្លោះ​ភ្នែក និង​ច្រមុះ ដែល​ធ្វើឱ្យ​ត្រី​នេះ មើល​មួយ​ភ្លែត​ដូចជា​មានមុខ​ពីរ ហើយ​តាម​តំបន់​ខ្លះ​ត្រី​នេះ ត្រូវបាន​ហៅថា ត្រីមុខ​បាក់​។ ពួកវា​ជា​ប្រភេទ​ត្រី​មាន​ស្រកា ហើយ​មាន​ប្រវែង​វែង​បំផុត ៦០​សង់ទីម៉ែត្រ​។ ដោយឡែក​ត្រី​មេ​ពូជ​តែងតែ​ចរាចរ​ទៅ​ទន្លេស្រែពក ទន្លេសេសាន និង​ទន្លេសេកុង​ដែល​នៅ​ប៉ែក​ខាងលើ (​ទន្លេ​ស​៣) ដើម្បី​ពង​កូន ហើយ​នៅពេលដែល​កូន​ញាស់​ហើយ កូន​ត្រី​ទាំងនោះ​នឹង​ចរាចរ​មក​ប៉ែក​ខាង​ស្ទឹងត្រែង និង​ក្រចេះ​វិញ​។​

 

​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​នេះ ក៏មាន​លក្ខណៈពិសេស​ផងដែរ ដោយ​វា​ជា​ប្រភេទ​ត្រី​ដែល​ផ្លាស់ប្តូរ​រូបរាង និង​ពណ៌​សម្បុរ​ជា​បន្តបន្ទាប់​គឺ​តាំងពី​នៅ​តូច រហូតដល់​ចាស់​។ លោក ថាច់ ផា​ណា​រ៉ា បាន​បញ្ជាក់ថា ៖ “​ត្រី​នេះ​កាល​នៅ​តូច​វា​មាន​រូប​ពណ៌​ក្រ​ម៉ៅ ហើយ​មុខ​មិនសូវ​ប៉ាក់​នោះទេ ដល់​រៀង​ជំទង់​បន្តិច គឺ​ចាប់ពី ៣​គីឡូ ទៅ ៤​គីឡូ វា​ចាប់ផ្តើម​មាន​ពណ៌​ត្នោត ហើយ​មុខ​ក៏​បាក់​មធ្យម ហើយ​នៅពេលដែល​វាចា​ស់​ខ្លាំង​តែម្តង គឺមាន​ពណ៌​លឿង​ត្នោត ហើយ​មុខ​ក៏​ចាប់ផ្តើម​បាក់​កាន់តែខ្លាំង​ផងដែរ​”​។​

 

​ពាក់ព័ន្ធ​នឹង​ការងារ​អភិរក្ស ក៏ដូចជា​ការធានា​នូវ​និរន្តរភាព​ផល​ស្តុក​ត្រី​ទៅ​ថ្ងៃ​អនាគត លោក ថាច់ ផា​ណា​រ៉ា បាន​សំណូមពរ​ដល់​ប្រជា​នេសាទ ក៏ដូចជា​សហគមន៍​នេសាទ ទី​១ សូម​ដាច់ខាត កុំ​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នេសាទ ទី​២ កុំ​ដាក់លូ​ស្បៃ​មុង​នៅ​រដូវ​ត្រី​ពង​កូន ចាប់ពី​ខែមិថុនា ដល់​ខែតុលា ទី​៣ សូមកុំ​ចាប់​ត្រី​មេ​ពូជ នៅ​តំបន់​អភិរក្ស ឬ​អាង​ទន្លេមេគង្គ ដែលមាន​អន្លង់​ជ្រៅៗ ទី​៤ សូមកុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ឆក់ គ្រាប់បែក ស្បៃ​មុង​។​ល​។​

 

​ត្រី​ប៉ា​វ៉ា​មុខ​ពីរ ស្ថិតក្នុង​បញ្ជី​ក្រហម ដែលមាន​ចំណាត់ថ្នាក់​កំពុង​រង​ការគំរាមកំហែង (VU) របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ IUCN (International Union for Conservation of Nature) ហើយ​ត្រី​នេះ​ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ​១ របស់​អនុសញ្ញា​សាយ​តេស (CITES)៕  ក្រសួង​ព័ត៌មាន​

ត្រី​ប៉ា​វ៉ា​មុខ​ពីរ ជា​ប្រភេទ​ត្រី​មានតម្លៃ​ទីផ្សារ​ខ្ពស់ មិន​ចាញ់​ត្រី​ប៉ា​សេ​អ៊ី ទេ​
ត្រី​ប៉ា​វ៉ា​មុខ​ពីរ ជា​ប្រភេទ​ត្រី​មានតម្លៃ​ទីផ្សារ​ខ្ពស់ មិន​ចាញ់​ត្រី​ប៉ា​សេ​អ៊ី ទេ​
ត្រី​ប៉ា​វ៉ា​មុខ​ពីរ ជា​ប្រភេទ​ត្រី​មានតម្លៃ​ទីផ្សារ​ខ្ពស់ មិន​ចាញ់​ត្រី​ប៉ា​សេ​អ៊ី ទេ​

PLB Banner on article detail

អត្ថបទពេញនិយម