អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​បន្ថែម​វិទ្យាល័យ​អង្គរ ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

ថ្ងៃព្រហស្បតិ៍ 24 មិថុនា 2021, 15:12

​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មានប្រសាសន៍ថា ដោយ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តសៀមរាប កាន់តែ​កើតឡើង​ជា​រៀងរាល់​ថ្ងៃនោះ ជាពិសេស​នៅក្នុង​ក្រុង​សៀមរាប បានធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​ច្រើន​លើស​ចំនួន​គ្រែ​សម្រាប់​ព្យាបាល​ដែល​បានគ្រោង​ទុក ដូច្នេះ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ អាជ្ញាធរខេត្ត​បានគ្រោង​យក​វិទ្យាល័យ​អង្គរ ជា​កន្លែង​ទី​៣ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ខណៈ​បច្ចុប្បន្ននេះ​នៅក្នុង​ក្រុង​សៀមរាប មាន​មន្ទីរពេទ្យបង្អែក​ខេត្ត និង សាលា​គោ​រុ​កោសល្យ និង វិ​ក្រឹ​ត្ត​ការ​ខេត្ត មាន​អ្នកជំងឺ​កំពុង​ព្យាបាល​លើសពី​៣០០​នាក់​ហើយ ។​

 

​លោក ប៉ែន ផលគុណ មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ធ្វើជា​វាគ្មិន​នៃ​កម្មវិធី​បច្ចុប្បន្នភាព​សៀមរាប​-​អង្គរ របស់​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​ខេត្ត នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ។​

 

​លោក ប៉ែន ផលគុណ មានប្រសាសន៍​ទៀតថា ក្រៅពី​ក្រុង​សៀមរាប មាន​វិទ្យាល័យ​ដំ​ដែក នៅក្នុង​ស្រុក​សូទ្រនិគម បាន​យក​ធ្វើជា​ទីកន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែលមាន​គ្រែ​ប្រមាណ ១០០​គ្រែ ហើយ​នៅតាម​បណ្ដា​ស្រុក​មួយចំនួន ដូចជា ស្រុក​ពួក ស្រុក​ក្រឡាញ់ និង ស្រុក​អង្គរជុំ បាន​កំពុង​ត្រៀម​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កន្លែង​នីមួយៗ មាន​គ្រែ​ព្យាបាល​ប្រមាណ ២០​គ្រែ ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​គឺ ៣​កុំ រួមមាន ៖ កុំទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញ ចូល , កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ , កុំ​ប៉ះពាល់​គ្នា និង ៣​ការពារ រួមមាន ៖ ត្រូវ​ពាក់​ម៉ាស់​នៅ​គ្រប់​ទីសាធារណៈ , លាងដៃ​ជាមួយ​សាប៊ូ អាល់កុល​ឬ​ជែ​ល , រក្សា​គម្លាត​សង្គម  ។​

 

​យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ឯកឧត្តម​មានប្រសាសន៍​ថា  ការមិន​សហការ​ជាមួយ​អាជ្ញាធរ ការមិន​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ការ​លាក់បាំង​ព័ត៌មាន ការលួចបើក​អាជីវកម្ម​ដែល​អាជ្ញាធរ​បាន​ហាមឃាត់ ការរត់​គេច​ពី​តំបន់​មាន​ហានិភ័យ ឬ​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នឹងធ្វើ​ឲ្យ​ការឆ្លង​កាន់តែ​រីក​រាលដាល រហូត​ប៉ះពាល់​ដល់​អាយុជីវិត​អ្នកដទៃ និង​ជាពិសេស​ប៉ះពាល់​ទៅដល់​ក្រុមគ្រួសារ​របស់ខ្លួន​ផ្ទាល់ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩  សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា ដូច​ពាក្យស្លោក​ថា  ការពារ​ខ្លួនឯង ស្មើនឹង​ការពារ​ក្រុមគ្រួសារ​របស់លោក​អ្នក  ។​

 

​គួររំលឹកថា កាលពីពេល​ថ្មីៗ​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ធ្លាប់បាន​មានប្រសាសន៍ថា ជោគជ័យ​ឬ​បរាជ័យ នៃ​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ គឺ​អាស្រ័យ​លើ​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ព្រោះថា​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល​បាន​ខិតខំ​អស់ពី​ចិត្ត​ពី​ថ្លើម​នៅក្នុង​ការអំពាវនាវ នៅក្នុង​ការដាក់ចេញ​នូវ​វិធានការ​ចាំបាច់​សម្រាប់​ការអនុវត្ត ការកើតមាន ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នា​រយៈកាល​កន្លងមក ប៉ុន្តែ​ដោយសារ​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​មានការ​ភ្លេច ប្រហែស និង​មើលស្រាល​លើ​ស្ថានភាព​នៃ​ការវាយលុក​ចំពោះ​វីរុស​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​មានការ​ចម្លង​នេះ វា​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សូម​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ និង ត្រឹមត្រូវ​បំផុត នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ​៣​កុំ និង ៣​ការពារ ។​

 

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ  ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៧០១​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២០៧​នាក់ , កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក ចំនួន​៤៨៦​នាក់ និង ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ០៨​នាក់ ៕ ដោយ តាំង ហូ​

អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​បន្ថែម​វិទ្យាល័យ​អង្គរ ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​បន្ថែម​វិទ្យាល័យ​អង្គរ ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

PLB Banner on article detail