អភិបាលខេត្តប៉ៃលិន ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពករណីទី២ ស្លាប់ដោយកូវីដ-១៩

ថ្ងៃច័ន្ទ 21 មិថុនា 2021, 17:54

(ប៉ៃលិន) ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តប៉ៃលិន(ស.ស.យ.ក.ខេត្ត) និងចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក នាំយកស្បៀងអាហារ និងថវិកាមួយចំនួនធំ ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព លោក ទូច សារ៉ែន  ដែលបានមរណភាពដោយសារជម្ងឺទឹកនោមផ្អែមប្រភេទទី ២ (រ៉ាំរ៉ៃ) និងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ បណ្តាលមកពីវីរុសកូវីដ-១៩ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

លោកអភិបាលរងខេត្តបាននាំសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកលោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តប៉ៃលិន »« ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន និងក្នុងនាមនាងខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានក្តីរន្ធត់ក្តុកដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុតជាមួយ គ្រួសារនៃសព លោកទូច សារ៉ែន  ដែលបានមរណភាពដោយសារជម្ងឺទឹកនោមផ្អែមប្រភេទទី ២ (រ៉ាំរ៉ៃ) និងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ បណ្តាលមកពីវីរុសកូវីដ-១៩ ។

 

 ដំណឹងដ៏រន្ធត់ និងក្រៀមក្រំ ជាទីបំផុតនេះយើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្ដាយអាឡោះអាល័យជាទីបំផុត ជាមួយគ្រួសារនៃសព ដែលបានបាត់បង់ប្ដី ឪពុកបងប្អូនជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ។ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថាប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុសាកសិទ្ធក្នុងលោកនឹងព្រះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមជួយបួងសួង ជួយថែរក្សាដួងវិញ្ញាណក្ខន្ធលោកទូច សារ៉ែន សូមបានទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»

 

លោក ឃ្លោក នួយ បានបញ្ជាក់ថា នេះជាករណីទី២ហើយ សម្រាប់ខេត្តប៉ៃលិន ដែលមានអ្នកមរណភាព ដោយសារជម្ងឺកូវីដ ១៩ ។

 

លោកស្រី សំរិទ្ធ កល្យាណ ជាភរិយាលោកទូច សារ៉ែន បានរៀបរាបទាំងទឹកភ្នែកពីការឆ្លងកាត់នៃជម្ងឺដ៏កាចសាហាវ មួយនេះ »»នេះជាជម្ងឺគ្មានស្រមោល ដែលកាចសាហាវណាស់ សូមបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់សូមការពារខ្លួន អោយបានខ្ជាប់ខ្ជួន កុំអោយដូចគ្រួសារនាងខ្ញូំ»» ។ជាងនេះទៀតលោកស្រី បានថ្លែងអំណរគុណ លោកស្រីបាន ស្រីមុំ ដែលជានិច្ចជាកាល លោកជំទាវ តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក្នុងការការពារជម្ងឺ កូវីដ១៩។

 

ស្បៀងអាហារ ដែលប្រគល់ជូនក្នុងមួយនាពេលនេះរួមមាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ៣យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ត្រីខ ១យួ និងថវិកា ១០០០០០០ (មួយលានរៀល)ផងដែរ៕

អភិបាលខេត្តប៉ៃលិន ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពករណីទី២ ស្លាប់ដោយកូវីដ-១៩
អភិបាលខេត្តប៉ៃលិន ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពករណីទី២ ស្លាប់ដោយកូវីដ-១៩
អភិបាលខេត្តប៉ៃលិន ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពករណីទី២ ស្លាប់ដោយកូវីដ-១៩
អភិបាលខេត្តប៉ៃលិន ចូលរួមរំលែកមរណៈទុក្ខគ្រួសារសពករណីទី២ ស្លាប់ដោយកូវីដ-១៩

PLB Banner on article detail