ម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ

ថ្ងៃសុក្រ 18 មិថុនា 2021, 21:31

(ប៉ៃលិន )៖ ក្រោយពីមានសារព័ត៌មានមួយចំនួន ចុះផ្សាយ និងបង្ហោះតាមបណ្តាញសង្គមករណីអភិបាលរងខេត្តប៉ៃលិន ធ្វើរបងបិទផ្លូវនៅលើដីមួយកន្លែង ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានធ្វើការស្រាយបំភ្លឺឱ្យដឹងថា គាត់ធ្វើរបងបិទផ្លូវមែន តែនៅលើដីកម្មសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ មិនបានបិទផ្លូវ លើដីសាធារណ:នោះឡើយ ព្រោះមានគេលួចយកគ្រឿងចក្រទៅឈូសឆាយ លើដីរបស់ខ្លួន ដើម្បីចូលទៅក្នុងដីឡូតិ៍ផ្នែកខាងក្រោយ ដែលគេពុះទុកសម្រាប់លក់ឱ្យប្រជាពលរដ្ឋក្នុងភូមិ ។

  ក្នុងការស្រាយបំភ្លឺនៅត្រង់ចំណុចដីខាងលើ ៖ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ សូមធ្វើការបំភ្លឺជូនសាធារណជន និងឯកឧត្តម លោកជំទាវ ឱ្យបានជ្រាបថា គាត់បានទិញដីលំនៅឋានមួយកន្លែង ដែលមានទទឹងប្រវែង២១ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ តាំងពីឆ្នាំ២០១៨ មកម្លេះ ដោយសារមានការជាប់រវល់នឹងការងារពីមួយថ្ងៃទៅមួយថ្ងៃ ទើបគាត់មិនបានធ្វើរបងនៅឡើយទេ ។

 លោកជំទាវបន្តទៀតថា តែកាលពីប៉ុន្មានឆ្នាំនេះ មានអ្នកទិញដីនៅផ្នែកខាងក្រោយដីរបស់ខ្លួន បានលួចយកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវឆ្លងកាត់ដីរបស់គាត់ ដែលមានទទឹងប្រវែង៦ម៉ែត្រ លុះឃើញបែបដូច្នេះ គាត់ក៏បានយកបង្គោលស៊ីម៉ង់តិ៍ទៅបិទផ្លូវតែម្តង ព្រោះមិនបានអនុញ្ញាត ឬចរចាឯកភាពឱ្យធ្វើផ្លូវឆ្លងកាត់នោះឡើយ ។ លោកជំទាវ អភិបាលរងខេត្ត បញ្ជាក់ទៀតថា ដីខាងលើកាលពីមុនគឺអត់ធ្លាប់មានផ្លូវឆ្លងកាត់នោះទេ ទើបតែមានផ្លូវថ្មីៗ នេះប៉ុណ្ណោះ គឺគេលួចឈូស ដើម្បីធ្វើផ្លូវចូលទៅ ក្នុងដីឡូតិ៍របស់ខ្លួន ដើម្បីទុកលក់ឱ្យប្រជាពលរដ្ឋ ។

  ចំណែកលោក ជាន ហៃ មេភូមិសួនអំពៅកើត បានឱ្យដឹងដែរថា ៖ លោកជំទាវ ជា លាភ អភិ បាលរងខេត្ត បានទិញដីខាងលើតាំងពីយូរឆ្នាំមកហើយ ក៏មិនទាន់មានផ្លូវនៅឡើយទេ ។ លុះក្រោយពីមានអ្នកផ្សេងម្នាក់ទៀត ចូលទៅទិញដីផ្នែកខាងក្នុង ក្បែរកន្ទុយដីរបស់គាត់ ដោយលួចយកគ្រឿងចក្រ ទៅឈូសឆាយ ដោយមិនបានប្រាប់អាជ្ញាធរភូមិឱ្យដឹងនោះឡើយ លុះក្រោយមកក៏មានរឿងរ៉ាវកើតឡើងតែម្តង ។ លោកបន្តទៀតថា ពេលនេះ បើម្ចាស់ដីខាងលើគេមិនអនុញ្ញាតឱ្យធ្វើផ្លូវឆ្លងកាត់ គឺគាត់គ្មានសិទ្ធិអ្វីទាមទារនោះដែរ ព្រោះមានផ្លូវមួយផ្សេងទៀតនៅជាប់នឹងផ្លូវនេះ សម្រាប់ធ្វើដំណើរចេញចូលយ៉ាងរលូតរួចរាល់ទៅហើយ មិនមានផលប៉ះពាល់ដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនោះទេ៕

ម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ
ម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ

PLB Banner on article detail