កសិករ​ខេត្តបន្ទាយមានជ័យ​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព​

ថ្ងៃសុក្រ 4 មិថុនា 2021, 15:1

​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​ខេត្ត​ឧ​ត្ត​រ មានជ័យ​បានឱ្យដឹងថា ប្រជា កសិករ​នៅក្នុង​ខេត្ត​នេះ បាន​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ ការ​ទីផ្សារ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ភាគច្រើន​និយម​បរិភោគ​បន្លែ​សុវត្ថិភាព​ដែល​ធានា​ដល់​សុខភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

 

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ឱ្យដឹងថា បច្ចុប្បន្ន​ប្រជាកសិករ​នៅក្នុង​ខេត្ត​បាន​ពង្រីក​ផ្ទៃដី​ដាំ​បន្លែ​សុវត្ថិភាព​ជាច្រើន ហើយ​បាន​ចងក្រង​ជា​បណ្តុំ​សហគមន៍​កសិកម្ម ដែល​ធ្វើឱ្យ​ការដាំដុះ មាន​លក្ខណៈ​ល្អប្រសើរ ដោយ​អាច​ផ្គត់​ផ្គត់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់ និង​មួយចំនួនទៀត​នាំ​ចេញទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។​

 

​លោក​បន្ថែមថា ប្រជាកសិករ​បាននិងកំពុង​ដាំ​ដុះ​តាម​គោល ការណ៍​បច្ចេកទេស​កសិក​ម្ម​ទំនើប​ដោយមាន​ផ្ទះ​សំណាញ់​សុវត្ថិភាព ប្រព័ន្ធ​ដំណក់ទឹក​និង​ការប្រើប្រាស់​ជី​ទៅតាម​គោលការណ៍​បច្ចេកទេស ដើម្បី​ធានា​ឱ្យ​ដំណាំ​មាន​សុវត្ថិភាព​ទាំង​អ្នក​បរិភោគ និង​អ្នក​ដាំ​ដុះ​។ លោក​បាន​បន្តទៀតថា ដំណាំ​បន្លែ​សុ​វត្តិភាព​ដែល​កសិករ​បាន​ដាំ​ដុះ រួមមាន ប្រភេទ​ដំណាំ​បន្លែ​យក​ស្លឹក ដំណាំ​បន្លែ​យក​ផ្លែ មាន​ស្ពៃ​គ្រប់​ប្រភេទ ត្រប់​គ្រប់​ប្រភេទ សណ្តែកទ្រើង ននោង​ជាដើម ដែល​ប្រភេទ​បន្លែ​ទាំងអស់នេះ អាច​លក់​ទៅលើ​ទីផ្សារ​បាន​ក្នុងតម្លៃ​សមរម្យ​។​

 

 បន្លែ​សុវត្ថិភាព​នៅ​នេះ​គឺ​យើង​មាន​តាមរយៈ​គម្រោង​ផ្សេងៗ​យើង​បាន​បញ្ចូល​គ្រប់​ស្រុក​អស់ហើយ​គាត់​កំពុងតែ​ដាំ​ហើយ​យើង​ក៏បាន​រៀប​ជា​បណ្ដុំ​អស់ហើយ​យើង​រៀប​ឱ្យមាន​ការបណ្ដុះ បណ្ដាល​ហើយ​និង​មាន​ការជួប​អ្នកទិញ​ហើយ​និង​អ្នកលក់​និង​កសិករ​និង​ធ្វើ​កិច្ចសន្យា​ជាមួយគ្នា យើង​នាំ​ចេញទៅ​ភ្នំពេញ​នាំចេញ​ទៅ​ក្រៅ​ខេត្ត​ផ្សេងៗ ក្នុង​កម្មវិធី​អា​ស្ព៉ា​យ​និង​យើង​មាន​អ្នក​ចុះ​កុងត្រា​បាន​៤​ក្រុមហ៊ុន​ហើយ​។​

 

​សូមបញ្ជាក់ថា មន្ទីរ​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ថ្មីៗ​បន្ថែម ដល់​ប្រជាកសិករ​ក្នុង​ការដាំដុះ​ដំណាំ​ធ្វើ​យ៉ាង ណា ឱ្យ​ឆាប់​ទទួលបាន​ផល​ល្អ និង​ងាយស្រួល​យកទៅលក់​នៅលើ​ទីផ្សារ​៕ក្រសួងព័ត៌មាន

កសិករ​ខេត្តបន្ទាយមានជ័យ​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព​
កសិករ​ខេត្តបន្ទាយមានជ័យ​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព​
កសិករ​ខេត្តបន្ទាយមានជ័យ​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព​

PLB Banner on article detail

អត្ថបទពេញនិយម