ភ្ញៀវ​ទេសចរ​នៅ​បន្ត​សម្រុក​​ជិះ​ឡូរី​ មានការកើនឡើង​ក្រោយ​ផ្លូវដែក​បើក​ឱ្យ​ដំណើរការ​ជាថ្មី​នៅបាត់ដំបង

ថ្ងៃច័ន្ទ 29 កក្កដា 2019, 18:4

(ខេត្តបាត់ដំបង)​៖ ក្រោយ​ផ្លូវដែក​សម្ពោធ​បើកដាក់​ឱ្យ​ដំណើរការ​ជាថ្មី​ គេ​សង្កេត​ ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នៅតែ​បន្ត​នាំគ្នា​សម្រុក​ទៅ​ជិះ​ឡូរី​បាន​កើនឡើង​ដែល​ក្នុង​មួយ​ថ្ងៃ​ៗមាន​ចំនួន​រាប់​រយ​នាក់​។

បងប្រុស​ ផា​ គារ​ ជា​អ្នក​រត់​រ៉ឺម៉កម៉ូតូ​កង់​បី​ ដឹក​ភ្ញៀវ​ម្នាក់​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ ក្រោយពី​ផ្លូវដែក​សម្ពោធ​បើកដាក់​ឱ្យ​ដំណើរការ​ជាថ្មី​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ចំនួន​រាប់​រយ​នាក់​ដែល​ក្នុង​មួយ​ថ្ងៃ​ៗ បាន​បង្វែរ​ពី​ការ​ជិះ​ឡូរី​ទេសចរ​ជើងភ្នំ​បាណន់​ នាំគ្នា​សម្រុក​មក​ជិះ​ឡូរី​ នៅ​ចំណុច​រ៉ា​អូរដំបង​ ស្ថិត​ក្នុង​ឃុំ​អូរដំបង២​ ស្រុក​សង្កែ​ នៃ​ខេត្តបាត់ដំបង​ មានការ​កើនឡើង​។

ភ្ញៀវ​ទេសចរ​នៅ​បន្ត​សម្រុក​​ជិះ​ឡូរី​ មានការកើនឡើង​ក្រោយ​ផ្លូវដែក​បើក​ឱ្យ​ដំណើរការ​ជាថ្មី​នៅបាត់ដំបង

លោក​បន្ត​ថា​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​ភ្ញៀវ​វិលត្រឡប់​ពី​ការ​ជិះ​ឡូរី​ទេសចរ​ជើងភ្នំ​បាណន់​ មក​ជិះ​ឡូរី​ នៅ​ខាង​រ៉ា​អូរដំបង​វិញ​ ដោយសារតែ​ពួកគាត់​គិតថា​ ឡូរី​ទេសចរណ៍​ជើងភ្នំ​បាណន់​ជា​ឡូរី​អ្នកមាន​ ចំណែក​ឡូរី​នៅ​រ៉ា​អូរដំបង​ ជា​ឡូរី​អ្នកក្រ​ ទើប​ពួកគាត់​នាំគ្នា​មក​ជិះ​នៅ​ទីនេះ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ច្រើន​នាក់​ឱ្យ​មានការ​ងារ​ធ្វើ​ និង​មាន​ប្រាក់ចំណូល​ខ្លះ​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ និង​មួយវិញទៀត​វា​នៅ​ក្បែរ​ទីក្រុង​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ដោយ​មិន​ចំណាយពេល​វេលា​យូរ។

លោក​បន្ត​ថា​ឡូរី​ដឹក​ភ្ញៀវ​ទេសចរ​រ៉ា​អូរដំបង​ មាន​ទីតាំងនៅ​ឃុំ​អូរដំបង២​ ស្ថិត​ក្នុង​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ធ្វើដំណើរ​ចេញពី​ចំណុច​ក្នុង​រ៉ា​អូរដំបង​ ឆ្ពោះទៅ​ចំណុច​គោលដៅ​រ៉ា​អូរស្រឡៅ​ ដែល​មាន​ចម្ងាយ​ផ្ទៃដី​ ប្រមាណ​ជា​ ១៤គីឡូម៉ែត្រ​គិត​ទាំង​ទៅ​ទាំង​មក​ និង​តម្លៃ​ក្នុង​ភ្ញៀវ​ម្នាក់​ចំនួន៥ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​យោង​តាម​របាយការណ៍​របស់​លោក​ នួន​ ថា​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ឆមាស​ទី១​ ឆ្នាំ២០១៩​ ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​លេង​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍​នានា​សម្រាប់​ខេត្តបាត់ដំបង​មាន​ចំនួន​ ៣៤០,២៧៩នាក់​ កើនឡើង​ ២.១៩​% បើ​ធៀប​ទៅ​នឹង​ឆមាស​ទី១​ នៅ​ឆ្នាំ២០១៨​ មាន​ត្រឹម​ ៣៣២,៩៨៨នាក់​ (ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​ ២៨៨,៨៩៣នាក់​ កើនឡើង​ ២.៤៥​%) និង​(ភ្ញៀវ​អន្តរជាតិ​ចំនួន​ ៥១,៣៨៦នាក់​ កើនឡើង​ ៧៨​%)៕

PLB Banner on article detail