​លួច​គោយន្ត​ពី​ស្រុក​បាណន់ មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​នៅ​ស្រុក​គាស់ក្រឡ​

ថ្ងៃច័ន្ទ 31 ឧសភា 2021, 12:39

ខេត្តបាត់ដំបង​!​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព​លួច​គោយន្ត​កន្ត្រៃ​យ៍​មួយគ្រឿង​បើក​គេចខ្លួន​ចេញពី​ក្នុង​ទឹកដី​នៃ​ស្រុក​បាណន់​។​

 

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ស្រុក​គាស់ក្រឡ បានបញ្ជាក់​អោយដឹងថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ស្រុក​បាណន់ ថា​មាន​ករណី​ជន​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​លួច​យក​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ចេញពី​ភូមិសាស្ត្រ​របស់ខ្លួន​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា ភ្លាមនោះ​លោក​បាន​ចាត់​អោយកម្លាំង​ដែល​ឈរជើង​នៅតាម​គោលដៅ​មួយចំនួន​ឃ្លាំមើល និង​មួយចំនួនទៀត​ចុះ​រុករក​តាម​ភូមិ រហូត​កំណត់​បាន​មុខសញ្ញា​និង​បានធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

 

​ដែល​ការឃាត់ខ្លួន​នេះដែរ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខណ​:​ដែល​ជនសង្ស័យ​ជា​មុខសញ្ញា​កំពុងធ្វើដំណើរ​ឆ្លង​ចូល​ទឹកដី​ស្រុក​គាស់ក្រឡ ជាប់​ព្រំប្រទល់​របស់​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ រុណ សា​រៀង ភេទ​ប្រុស អាយុ​ជិត ២០​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​សសរ​ពក ឃុំ​កន្ទី​១ ស្រុក​បាណន់ ដែល​ជនសង្ស័យ​ខាងលើ នៅ​ព្រឹក​កើតហេតុ​ថ្ងៃទី ៣០ ខែឧសភា ខណ​:​មានឱកាស​ល្អ​ក៏​ធ្វើ​សកម្មភាព​លួច​គោយន្ត ហើយក៏​គេចខ្លួន​រហូត​ឆ្លង​ចូល​ទឹកដី​ស្រុក​គាស់ក្រឡ​ត្រូវ​នគរបាល​មូលដ្ឋាន​ស្ទាក់​ឃាត់ខ្លួន​បានតែ​ម្តង​។​

 

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុតាង​គោយន្ត​កន្ត្រៃ​យ៍​ចំនួន​មួយគ្រឿង​និង​មាន​សណ្តោង​រឺ​ម៉ក​ផងដែរ ក្រោយមក​ក៏បាន​ប្រគល់​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​អោយទៅ​ខាង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

​លួច​គោយន្ត​ពី​ស្រុក​បាណន់ មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​នៅ​ស្រុក​គាស់ក្រឡ​

PLB Banner on article detail