មគ្គទេសក៍ទេសចរណ៍អាចប្រឈមនឹងភាពខ្វះខាតក្រោយពេលវិស័យនេះត្រឡប់ទៅរកសភាពដើមវិញ

ថ្ងៃអង្គារ 18 ឧសភា 2021, 16:1

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានបង្ហាញពីក្ដីព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពប្រឈមនឹងការបាត់បង់ធនធានមគ្គទេសក៍ទេសចរណ៍ក្នុងការផ្តល់សេវាក្រោយពេលវិស័យមួយនេះវិលត្រឡប់ទៅភាពល្អប្រសើរឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-19ត្រូវបានបញ្ចប់ជាស្ថាពរ។

សម្រាប់ការធ្វើដំណើរមកដល់នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបានធ្លាក់ចុះប្រមាណ80.2ភាគរយនៅក្នុងឆ្នាំ2020ដោយសារការរិតបន្តឹងការធ្វើដំណើរជាសាកល ហើយក៏ត្រូវបានគេរំពឹងថាការធ្លាក់ចុះនេះនឹងបន្តស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ2021។ មានន័យថា វិស័យ ទេសចរណ៍នឹងមិនបានរួមចំណែកក្នុងការលើកស្ទួយ និងទ្រទ្រង់សេដ្ឋកិច្ចជាតិនោះឡើយ។ នេះបើតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលកន្លងទៅ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា មគ្គទេសក៍មួយចំនួនធំនៅក្នុងវិស័យទេសចរណ៍ ជាពិសេសអ្នកនៅតំបន់សៀមរាបបានចាកចេញទៅតាមបណ្តាខេត្តនានាដើម្បីបំពេញការងារផ្សេង ដែលអាចទទួលបានចំណូលផ្គត់ផ្គង់កម្រិតជីវភាពប្រចាំថ្ងៃបើទោះជាការងារ ឬមុខរបរទាំងនោះខុសពីជំនាញរបស់ពួកគេក៏ដោយ ព្រោះវាជាកត្តាចាំបាច់នៅចំពោះមុខ។

លោកជំទាវបានបន្តទៀតថា ៖ «ភាពជាក់ស្ដែងនៅពេលនេះ បើសិនជាក្នុងករណីដែលអ្នកមគ្គទេសសម្លឹងឃើញឱកាសល្អណាមួយនោះ ពួកគេច្បាស់ជាទៅហើយ ដោយសារតែពួកគេមើលឃើញថាវិស័យទេសចរណ៍នៅតែបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ហើយនឹងត្រូវការពេលវេលាយូរបន្ថែមទៀតទើបអាចមានស្ថានការណ៍ល្អដូចដើមវិញ។ ការចាកចេញរបស់ពួកគេ អាចនឹងក្លាយទៅជាបញ្ហាប្រឈមខ្វះខាតអ្នកជំនាញពិត(មគ្គទេសក៍មានវិជ្ជាជីវៈ)នៅថ្ងៃខាងមុខបន្ទាប់ពីវិបត្តិត្រូវបានបញ្ចប់»។

ដោយសារការមើលឃើញពីបញ្ហាចំពោះមុខមួយនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ពាក់ព័ន្ធទៅនឹងភាពប្រឈមខាងលើនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ គួរមានយន្តការសង្គ្រោះបន្ថែមដើម្បីអាចជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ដល់លទ្ធភាពទៅដល់ក្រុមអ្នកមគ្គទេសទេសចរណ៍ទាំងនោះជៀសវាងការបាត់បង់ពួកគេដែលជាធនធានសំខាន់នៅក្នុងវិស័យសេវាកម្ម ហើយក៏ជាភ្នាក់ងារក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងសក្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិផងដែរ។

 

គួរបញ្ជាក់ថា វិស័យទេសចរណ៍បានទទួលរងនូវផលប៉ះពាល់ក្នុងកម្រិតធ្ងន់បើប្រៀបធៀបនឹងវិស័យផ្សេងៗ ពោលគឺបាត់បង់ចំណូលស្ទើរទាំងស្រុងកាល ពីឆ្នាំ2020។ យ៉ាងណាក៏ដោយ ក្រោមការដាក់ចេញនូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគោលដៅទេសចរណ៍ថ្មី ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធកាន់តែមានសោភ័ណភាពងាយស្រួលធ្វើដំណើរ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗជាច្រើនយ៉ាងសម្បូរបែបផងដែរនោះ ស្ថាប័នជាតោ អន្តរជាតិធំៗបានព្យាករណ៍ថានៅក្នុងឆ្នាំ2021 វិស័យទេសចរណ៍អាចនឹងកើនឡើងក្នុងទំហំ3.3ភាគរយ ហើយអាចនឹងបន្តកើនឡើង 6.2ភាគរយនៅឆ្នាំ2022ខាងមុខនេះ។ ដោយ តាំង ហូ BTB

មគ្គទេសក៍ទេសចរណ៍អាចប្រឈមនឹងភាពខ្វះខាតក្រោយពេលវិស័យនេះត្រឡប់ទៅរកសភាពដើមវិញ

PLB Banner on article detail