ប្រធាន​មន្ទីរខេត្ត​ប៉ៃលិន ចុះ​ណែនាំ​កសិករ​ពី​វិធី​បាញ់ថ្នាំ និង​ចែក​ថ្នាំ​កម្ចាត់​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​ពោត​របស់​កសិករ​

ថ្ងៃពុធ 12 ឧសភា 2021, 14:34

​ក្រោយពី​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ រស់នៅ​ភូមិ​កូនភ្នំ និង​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវបាន «​សត្វ​ដង្កូវ​ហ្វូង​» ចូល​ស៊ី​បំផ្លាញ​ដំណាំ​ពោត​ក្រ ហម ដែល​ពួកគាត់ ទើបតែ​ដាំ​ដុះ​បាន​រយ​:​ពេល​ជិត​១​ខែ មិនអាច​រក​វិធី​កំចាត់​បាន ដោយ​អ្នកខ្លះ​បាញ់​ថ្នាំពុល​កំចាត់​ដង្កូវ​២​ដង ខ្លះ​បាញ់ថ្នាំ​៣​ដង លុះ​ដង្កូវ​ហ្វូង នៅតែ​បន្ត​ចូល​ស៊ី​បំផ្លាញ មិនដឹង​ធ្វើយ៉ាងណា រហូតមកដល់​ថ្ងៃ​ពីថ្ងៃ​ទី​១២​ខែឧសភា ឆ្នាំ​២០២១ ពួកគាត់ បាន​ហៅ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ឱ្យ​ចុះ​ពិនិត្យមើល និង​ណែនាំ​ប្រាប់​ពី​របៀប​បាញ់ថ្នាំ​កំចាត់​សត្វ​ដង្កូវ​ហ្វូង​ទាំងនេះ ។

 

 បើតាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ ឈ្មោះ វ៉ាន់ ឃ​ន ភេទ​ប្រុស ដាំពោត​២​ហិកតា​, ឈ្មោះ ទូច សុទ្ធ ភេទ​ស្រី អាយុ​៦០​ឆ្នាំ ដាំពោត​៣​ហិកតា​, ឈ្មោះ ប៊ុត ស្រីអូន ភេទ​ស្រី ដាំពោត​១០​ហិកតា​, និង​ឈ្មោះ មុយ ហៀ​ង ដាំពោត​២​ហិកតា បាន​រៀបរាប់​ឱ្យដឹង​ដូចៗ គ្នា​ថា ៖ ក្រោយពី​ពួកគាត់​ដាំពោត​ក្រហម នៅលើ​ដីចំការ​របស់ខ្លួន​រួច ស្រប​ពេលដែល​ភ្លៀង​ធ្លាក់​ច្រើន​មេ ធ្វើឱ្យ​ដំណាំ​នេះ​ដុះ​លូតលាស់​យ៉ាង​ល្អ ស្រាប់តែ​ពេល​ដំណាំ​ពោតក្រហម​កំពុង​តែមាន​ត្រួយ​ខៀវខ្ចី​ល្អ បែរជា​មាន​សត្វ​ដង្កូវ​ចូលទៅ​ស៊ី​ស្លឹក និង​បណ្តូល ធ្វើឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។​

 

 ប្រភព​បន្តទៀតថា ពួកគាត់ បាន​ទិញ​ថ្នាំ​នៅ​ផ្សារ ដើម្បី​យកទៅ​កំចាត់​សត្វ​ដង្កូវ ដោយ​អ្នកខ្លះ​បាញ់ស្រោច​ដំណាំ​ចំនួន​២​ទៅ​៣​ដង​មកហើយ តែ​រហូតមក​ដល់ពេលនេះ គឺ​ដង្កូវ​ទាំងនោះ​នៅតែ​បន្ត ស៊ី​បំផ្លាញ​ដំណាំ​ពោតក្រហម ដដែល ពោលគឺ​ទប់ទល់​មិន​ឈ្នះ​នោះឡើយ ។ ហេតុនេះហើយ ធ្វើឱ្យ​ពួកគាត់​ម្នាក់ៗ មានការ​ភ័យព្រួយ ទើប​ទាក់ទង​ហៅ​ខាង​មន្ត្រី​នៃ​មន្ទី​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យមើល​ដំណាំ​ពោតក្រហម និង​ណែនាំ​ពី​របៀប​ថែទាំ ព្រមទាំង​ការបាញ់​ថ្នាំ​កំចាត់​សត្វ​ដង្កូវ​ចេញពី​ចំការ​របស់ខ្លួន​តែម្តង ។

 

​ក្នុង​ការចុះ​ពិនិត្យមើល​ដំណាំ​ពោតក្រហម​ដល់​ក្នុង​ចំការ​ប្រជាពលរដ្ឋ​នេះ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​ណែនាំ​ប្រជាពលរដ្ឋ​ខាងលើ​ឱ្យដឹងថា ៖ ដង្កូវ​ដែល​ចូល​ស៊ី​ដំណាំ​ពោត គឺជា​ប្រភេទ​សត្វ​ដង្កូវ​ហ្វូង​ថ្មី ទើបតែ​ឆ្លង​មកពី​ប្រទេស​ឥណ្ឌា​តាមរយ​:​សត្វ​មេអំបៅ ហើយ​ជា​ប្រភេទ​សត្វ​ដង្កូវ ដែល​លំបាក​ក្នុងការ​កំចាត់​ចេញពី​ដំណាំ​ពោត​ក្រហ ម ព្រោះ​ដង្កូវ​ទាំងនេះ ភាគច្រើន​ពួន​សម្ងំ​នៅក្នុង​បណ្តូល​ដើម​ពោត ហើយ​ពេលខ្លះ ពួកវា​ចូលទៅ​សម្ងំ​នៅក្នុង​ដី លុះដល់​ពេលយប់ ទើប​ចេញមក​ស៊ី​ដំណាំ​ពោត​តែម្តង ។ ដូច្នេះ វិធានការ​កំចាត់​គឺ​យើង សំគាល់​ទៅលើ​ដើម​ពោត ដែល​ឃើញ​សត្វ​ដង្កូវ​ស៊ី​បំផ្លាញ ហើយ​ពេលណា​ឃើញ​សត្វ​មេអំបៅ​ទាំងនេះ ហើរ​ចូលក្នុង​ចំការ កសិករ​ត្រូវតែ​ប្រើ​អន្ទាក់​ភ្លើង ដើម្បី​ចាប់​មេអំបៅ​ឱ្យ​ផុតពី​ចំការ​របស់ខ្លួន ។

 

​លោក​បន្តទៀតថា ម្យ៉ាងវិញទៀត នៅពេល​ឃើញ​សត្វ​ដង្កូវ​កំពុងស៊ី​បំផ្លាញ​ដំណាំ​ពោតក្រហម​ហើយ យើង​ក៏ត្រូវ​ប្រើ​ថ្នាំពុល ប្រភេទ​ជ្រាបចូល​ដើម​ពោត ដោយពេល​យើង​បាញ់ថ្នាំ​រួច គឺ​ថ្នាំពុល​នោះ​នឹង​ជ្រាបចូល​ក្នុង​ដើម​ពោត លុះ​សត្វ​ដង្កូវ​ចេញមក​ស៊ី បណ្តាលឱ្យ​ពុល​ងាប់​តែម្តង តែបើ​កសិករ​ជ្រើសរើស​ថ្នាំ​មិនត្រូវ​នឹង​ប្រភេទ​ដង្កូវ​ទាំងនេះ​ទេ គឺ​មិន​ងាយ​ក្នុងការ​កំចាត់​ពួកវា​ឡើយ ។ លោក​បញ្ជាក់ថា ការប្រើ​ថ្នាំ​បាញ់សម្លាប់​សត្វ​ដង្កូវ ដែលមាន​ប្រសិទ្ធិភាព​បំផុត​គឺ​ធ្វើ​នៅពេល​រសៀល​ចាប់ពី​ម៉ោង​៤ ឬ​៥​ល្ងាច ជាពិសេស​ជិតយប់ ។ លោក​ក៏​សំណូមពរ​ដល់​កសិករ ត្រូវ​ចុះ​ពិនិត្យមើល​ដំណាំ​ចំការពោត​ជាប្រចាំ និង​ត្រូវ​បាញ់ថ្នាំ​កំចាត់​សត្វល្អិត ឬ​ដង្កូវ​ឱ្យបាន​ទាន់ពេលវេលា ។

 

​ក្នុងការ​ប្រើប្រាស់​ថ្នាំ បើសិនជា​មិន​ច្បាស់លាស់ អាចទាក់ទង​សួរនាំ​ទៅខាង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ថែមទៀត  ។ ជា​ចុងក្រោយ​លោក ក៏​បានឱ្យ​មន្ត្រី​ជំនាញ ផ្តល់​ថ្នាំពុល​កំចាត់​សត្វ​ដង្កូវ​ហ្វូង ដល់​ប្រជាកសិករ​ទាំងអស់​ខាងលើ យកទៅ​ប្រើ​ដើម្បី​បាញ់​កំចាត់​ដង្កូវ​នៅក្នុង​ចំការ​របស់ខ្លួន​ផងដែរ ៕​

 

ប្រធាន​មន្ទីរខេត្ត​ប៉ៃលិន ចុះ​ណែនាំ​កសិករ​ពី​វិធី​បាញ់ថ្នាំ និង​ចែក​ថ្នាំ​កម្ចាត់​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​ពោត​របស់​កសិករ​
ប្រធាន​មន្ទីរខេត្ត​ប៉ៃលិន ចុះ​ណែនាំ​កសិករ​ពី​វិធី​បាញ់ថ្នាំ និង​ចែក​ថ្នាំ​កម្ចាត់​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​ពោត​របស់​កសិករ​

PLB Banner on article detail