ចេញ​ដីការ​ឃុំខ្លួន​មនុស្ស​២​នាក់​នៅ​ស្រុក​អង្គរជុំ ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ​

ថ្ងៃអង្គារ 11 ឧសភា 2021, 11:19

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ធ្វើការ​ចោទប្រកាន់​មនុស្ស​ចំនួន​០២​នាក់​ដែល​ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា គឺ​១. ឈ្មោះ ឈឹង លី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ត្រូវជា​ប្ដី និង ២- ឈ្មោះ អាំ ទ្រាម ភេទ ស្រី អាយុ ៣៦​ឆ្នាំ ត្រូវជា​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​រវៀង​ថ្មី ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ  ព្រមទាំង​បង្គាប់​ឲ្យ​ឃុំខ្លួន​ទៀតផង  ខណៈដែល​អ្នក​ទាំងពីរ​នាក់​នេះ ជាប់​សង្ស័យ​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្តទៅ​កាល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ នៅ​ចំណុច​ម្ដុំ​ច្រក​ចំការចេក ក្នុង​ខេត្តបន្ទាយមានជ័យ ។

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា កាល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រចាំ​ព្រំដែន​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​ដំណើរ​ពលករ​ខ្មែរ​បាន​ចំនួន​០៩​នាក់ ក្នុងនោះ​ប្រុស​ចំនួន​០២​នាក់ ដែល​ធ្វើដំណើរ​ចេញពី​ភូមិ​រវៀង​ថ្មី ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប បំណង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅក្នុង​ទឹកដី​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ ប៉ុន្តែ​ទៅដល់​ម្តុំ​ច្រក​ចំការចេក​បម្រុង​ឆ្លង​ចូល​ទឹកដី​ថៃ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​មក​ទា​ន់ ហើយក៏​បាន​ចាប់បញ្ជូន​ពលករ​ទាំង​០៩​នាក់ បញ្ជូនមក​ខេត្តសៀមរាប​វិញ ដោយ​ឲ្យ​ស្នាក់នៅ​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​បរិវេណ​សាលាបឋមសិក្សា​វត្ត​ស្វាយ ។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្យល់​ដែល​បាន​ដឹកនាំ​ក្រុម​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ជួប​សម្ភាសន៍​ពលករ ហើយ​តាម​កា​បំភ្លឺ​របស់​ពលករ​ក្នុង​ក្រុម​នេះ បាន​ឲ្យ​ដឹងថា ពួកគាត់​គឺ​ពិតជា​មានបំណង​លួច​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ ដើម្បី​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​មនុស្ស​ចំនួន​០២​នាក់​ប្តី​ប្រពន្ធ គឺ​ប្តី​ឈ្មោះ ឈឹង លី អាយុ ៣៧​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ អាំ ទ្រាម អាយុ ៣៦​ឆ្នាំ ដែល​ពួកគេ​បាន​ប្រាប់​ពួកគាត់​ថា ឥឡូវនេះ​គេ​អាចធ្វើ​ដំណើរ​ចូលទៅ​ធ្វើការ​នៅ​ថៃ​បាន​ហើយ គឺ​ការងារ​រើស​ពងមាន់ មួយថ្ងៃ​បាន​៣០០​បាត និង​ក្នុង​មួយខែ ៩.០០០​បាត ដូច្នេះ ផ្អែក​តាម​ការសម្ភាសន៍​ពលករ​ទាំង​០៧​នាក់ និង​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ ពិនិត្យឃើញ​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់​ក្នុង​បទល្មើស​ការនាំ​យកចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ  ហើយ​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្តសៀមរាប បានរៀបចំ​កា​សាង​សំណុំរឿង​បញ្ចូនទៅ​តុលាការខេត្ត​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ប៉ុន្តែ​ដោយសារ​អ្នក​ទាំងពីរ​នាក់​នេះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដូច្នេះ​ត្រូវ​រង់ចាំ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចប់ នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ ទើប​ធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា អនុវត្តតាម​បទបញ្ជា និង អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា  ស្ដីពី​កា​ររ​រឹតបន្តឹង​នៅតាម​ច្រកព្រំដែន ដូចជា​ការនាំចេញ​នាំចូល​ពលករ​ទៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ ក្នុងដំណាក់កាល​ដែល​ប្រទេស​ជាប់​ព្រំដែន​មាន​ការបិទ​ខ្ទប់ ដោយសារ​ការឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ គណៈ​អភិបាលខេត្ត ជាពិសេស​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប និង ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត តែងតែបាន​ធ្វើការ​ណែនាំ​និង​ចង្អុលបង្ហាញ​ដល់​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត និង អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បង្កើន​ការគ្រប់គ្រង ការស្រាវជ្រាវ និង ការបង្ក្រាប​បទល្មើស​នៃ​ការនាំចេញ​នាំចូល​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់ រួមទាំង​ការស្រាវជ្រាវ​រក​មេខ្យល់​ឲ្យ​ឃើញ ដើម្បី​នាំខ្លួន​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​នៃ​ច្បាប់ ។

 

​លោកស្រី យូ សុភា មានប្រសាសន៍​ទៀតថា ក្រោម​កិច្ចសហការ​ល្អ​រវាងរ​ដ្ឋ​បាល​ខេត្តសៀមរាប ជាមួយនឹង​រដ្ឋបាលខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ថៃ​នោះ ជាពិសេស​លទ្ធ​ដែល​សម្រេចបាន​នាពេលនេះ គឺ​ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋបាល​ខេត្តសៀមរាប​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន​ទប់ស្កាត់ និង បង្ក្រាប​ទាន់ពេលវេលា នូវ​ការ​ឆ្លងដែន​ដោយ​ខុសច្បាប់ ដើម្បី​ស្វែងរក​ការងារ​នៅក្រៅ​ប្រទេស ខណៈដែល​កន្លងមក យើង​ស​ម្រ​ច​បានជា​ច្រើន​ករណី និង បញ្ជូន​ជនជាប់សង្ស័យ​ជា​មេខ្យល់​ត្រូវ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ។​

 

​លោកស្រី​អភិបាលរង​ខេត្តសៀមរាប​មានប្រសាសន៍​បន្ថែមទៀត​ថា លទ្ធផល​ដែល​សម្រេចបាន​នូវ​ការបង្ក្រាប​រហូត​ឈានទៅដល់​ការកសាង​សំណុំរឿង​ទៅ​តុលាការខេត្ត​ចំពោះ​មេខ្យល់​ទាំងពីរ​នាក់​នេះ  គឺ​ដោយសារ​ការណែនាំ​និង​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​អភិបាលខេត្ត បាន​ចាត់ចែង​និង​ប្រគល់​ភារកិច្ច​ឲ្យ​ក្រុមការងារ​នៃ​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត ជាពិសេស​បាន​ចាត់តាំង​លោកស្រី ដួង ថាវ​រី ស្នងការរង​នគរបាល​ខេត្ត ឲ្យ​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ និង​សាកសួរ​ពលករ ដើម្បី​ឈានដល់​ការកំណត់​នូវ​អត្ដ​សញ្ញាណ​ជន​ប្រព្រឹត្តល្មើស និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ឲ្យ​បាន​ឆាប់រហ័ស​ជាទីបំផុត ។​

 

​ក្នុងឱកាស​នេះដែរ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​ធ្វើការ​ពិចារណា​ឲ្យ​បាន​ល្អិន​ល្អន់ និង ហ្មត់ចត់​ជាមុនសិន មុននឹង​សម្រេចចិត្ត​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស  ក្នុងដំណាក់កាល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​ឆ្លង​រាលដាល​ជាស​កល​យ៉ាងខ្លាំង​ក្លា​នៅឡើយ​នោះ ចៀសវាង​ការចាញបោក​មេខ្យល់ ព្រោះ​វា​មាន​ហា​នី​ភ័យ​ខ្ពស់​ចំពោះ​ខ្លួន​យើង ហេតុនេះ​ចូរ​ព្យាយាម​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​យើង​វិញ ព្រោះ​វា​មាន​សុវត្ថិភាព​សម្រាប់​ខ្លួន​យើង ។​

 

​សូមបញ្ជាក់ថា នេះ​ជា​ករណី​លើក​ទី​០១ សម្រាប់​ឆ្នាំ​២០២១​នេះ ដែល​សម្រេចបាន​ក្នុង​ការងារ​គ្រប់គ្រង ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស​នៃ​ការនាំចេញ​នាំចូល​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់ រួមទាំង​ការស្រាវជ្រាវ​រក​មេខ្យល់​ឲ្យ​ឃើញ ដើម្បី​នាំខ្លួន​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​នៃ​ច្បាប់ ខណៈដែល​ឆ្នាំ​២០២០​កន្លងទៅនេះ សម្រេចបាន​ចំនួន​០៧​ករណី ៕ ដោយ តាំង ហូ​

ចេញ​ដីការ​ឃុំខ្លួន​មនុស្ស​២​នាក់​នៅ​ស្រុក​អង្គរជុំ ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ​
ចេញ​ដីការ​ឃុំខ្លួន​មនុស្ស​២​នាក់​នៅ​ស្រុក​អង្គរជុំ ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ​
ចេញ​ដីការ​ឃុំខ្លួន​មនុស្ស​២​នាក់​នៅ​ស្រុក​អង្គរជុំ ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ​
ចេញ​ដីការ​ឃុំខ្លួន​មនុស្ស​២​នាក់​នៅ​ស្រុក​អង្គរជុំ ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ​

PLB Banner on article detail