ភ្ញៀវទេសចរ​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​

ថ្ងៃអង្គារ 4 ឧសភា 2021, 14:25

​នៅពេល​ធ្វើដំណើរ​មកដល់​តំបន់​អង្គរ ភ្ញៀវទេសចរ​ពិតជា​បានឃើញ​អំពី​ទិដ្ឋភាព​ដ៏​មមាញឹក មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ភ្នាក់ងារទេសចរណ៍​ចាំ​ទទួល​ស្វាគមន៍​អ្នកទេសចរ ព្រមទាំង​សម្រស់​ធម្មជាតិ​ខៀវខ្ចី មាន​សួនច្បារ​អម​សងខាង​បរិវេណ​ផ្លូវ​ចូល ជាមួយ​ក្លិន​ផ្កា​យ៉ាង​ក្រអូប​ឈ្ងុយ​ឈ្ងុប ក្រោម​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

 

​កញ្ញា ស្រីរ័ត្ន អាយុ​២៥​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប​បានឱ្យដឹង​ថា នៅពេល​បានមក​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ក្រោយ​ការប្រកាស​បើក​ដំណើរ​ការទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ ធ្វើឱ្យ​កញ្ញា បំភ្លេច​អស់​រាល់​ក្តីកង្វល់​នានា ដោយ​នឹក​ឃើញតែ​ភាព​បៃតង​ស្រស់ស្អាត​នៅក្នុង​រមណី​ដ្ឋា​ន​អង្គរ​។ កញ្ញា​បន្តទៀតថា តំបន់​រមណី​ដ្ឋា​ន​អង្គរ​ពិត​ជាមាន​ភាពស្រស់ស្អាត នៅពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អភិវឌ្ឍ និង​អភិរក្ស ដោយមាន​ការរៀបចំ​ជា​សួន និង​មាន​ដាំ​ដើម​ផ្កា ដាំ​ស្មៅ និង​ដាំ​ដើមឈើ​បន្ថែម ដែល​ធ្វើឱ្យ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង​តាម​បណ្តា​ប្រាសាទ​នានា​មាន​ភាព​បៃតង​ស្រស់ស្អាត​។​

 

​ចំណែក​លោក ឌី  រស្មី រស់នៅក្នុង​ក្រុង​សៀមរាប បាន​រៀបរាប់​ដោយ​ក្តីរំភើប ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល​បានប្រកាស​បើក​រមណី​ដ្ឋា​ន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ឡើងវិញ​នេះ ព្រោះ​ក្រោយពេល​សម្រាក​ពី​ការងារ​លោក​តែងតែ​ទៅ​លំហែរ​អារម្មណ៍​នៅ​រមណី​ដ្ឋា​ន​អង្គរ ដោយសារ​ទីនោះ​ប្រជុំ​ទៅដោយ​ទេសភាព​បៃតង​នៅពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការកែលំអ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្សេងៗ​នៅក្នុង​តំបន់​អង្គរ​ទាំងមូល​។ លោក​បន្តថា​នៅពេលដែល​បញ្ចប់​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​នេះ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​រមណី​ដ្ឋា​ន​អង្គរ នឹង​កាន់តែ​ទទួលបាន​ភាព​រីករាយ​នៅ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ដែល​អាជ្ញាធរ​បានរៀបចំ​នេះ​។​

 

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ ជានិច្ចកាល អាជ្ញាធរ​ជាតិ​អប្សរា​បានដាក់​ចេញ​វិធានការ​សម្រាប់​មន្ត្រី ភ្នាក់ងារ​បំពេញ​កិច្ចការ​តាម​ប្រាង្គ​ប្រាសាទ​ទាំងអស់ ត្រូវ​អនុវត្តន៍​ជាប្រចាំ​នូវ​វិធានការ ៣​កុំ និង​៣​ការពារ​ឱ្យបាន​ជាប់​ជាប្រចាំ​។​ចំពោះ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​មុនពេល​ចូល​ទស្សនា​ប្រាសាទ​គឺ តម្រូវឱ្យ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល និង​ស្គេ​ន​កម្មវិធី​QR Code ដើម្បី​ចូលរួម​តាមដាន​និង​ទប់ស្កាត់ ការចម្លង​មេរោគ​កូ​វីដ​-១៩​។ ជាពិសេស​មិនឱ្យ​មានការ​ប្រមូលផ្តុំ និង​ត្រូវ​ដើរ​ឬក៏​ឈរ​ដោយ​រក្សា​គម្លាត​ឆ្ងាយៗ​ពីគ្នា​៕. ដោយ តាំង ហូ​

ភ្ញៀវទេសចរ​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​
ភ្ញៀវទេសចរ​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​
ភ្ញៀវទេសចរ​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​
ភ្ញៀវទេសចរ​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​
ភ្ញៀវទេសចរ​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​
ភ្ញៀវទេសចរ​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​

PLB Banner on article detail