AIREEN Juist Dey Phumi Realthy

ពលរដ្ឋ រស់នៅ​តំបន់​លឿងទុំ និង​តំបន់​លឿង អាចធ្វើ​ដំណើរ​ទៅ​ទិញ​គ្រឿង​បរិភោគបាន​

ថ្ងៃអាទិត្យ 2 ឧសភា 2021, 9:54

​រាជធានី​ភ្នំពេញ ៖ បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ "​តំបន់​លឿងទុំ​” និង "​តំបន់​លឿង​” អាចធ្វើ​ដំណើរ​ទៅ​ទិញ​គ្រឿង បរិភោគ និង អាច​លក់ដូរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​ចល័ត ឬ លក់ដូរ​តាម​លំនៅឋាន ចាប់ពី​ម៉ោង ៣ (​បី​) ទៀបភ្លឺ​តទៅ ប៉ុន្តែ​ត្រូវ​ផ្អាក អាជីវកម្ម នៅ​ម៉ោង ២០ (​ម្ភៃ​) ជា​កំហិត ។​

 

​យោងតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការអនុញ្ញាត​គោលការណ៍​ពិសេស​ចំពោះ​សេវាកម្ម​ផ្គត់ផ្គង់​ទំនិញ ដែលជា តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ ក្នុង "​តំបន់​លឿងទុំ​" និង "​តំបន់​លឿង​" នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា កន្លងមក​រដ្ឋបាល​រាជធានី ភ្នំពេញ បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​លេខ ០១៣/២១ ស​ណន ចុះ​ថ្ងៃទី​២៣​ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការផ្អាក​ដំណើរការ​ជា​បណ្តោះ អាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ថែរក្សា​អាយុជីវិត និង​ការពារ​សុខភាព​របស់​បងប្អូន អាជីវករ ក៏ដូចជា​ដើម្បី​ឈានទៅ​កាត់ផ្តាច់​ប្រភព​ចម្លង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១”​។ សេចក្តីណែនាំ​បានឱ្យដឹង​ទៀតថា ដោយ​អនុលោម​តាម​សេចក្តីសម្រេច​លេខ ០៩៧/២១ សសរ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាគោលការណ៍​សម្រាប់ "​តំបន់​ក្រហម​” ផ្សារ​និង​ទីកន្លែង​លក់​ម្ហូបអាហារ​និង​គ្រឿងឧបភោគ បរិភោគ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។​

 

​ដោយឡែក សម្រាប់ "​តំបន់​លឿងទុំ​” និង តំបន់​លឿង​”​រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​ផ្គត់ផ្គង់​ម្ហូបអាហារ គ្រប់​ប្រភេទ ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ ប៉ុន្តែ​ត្រូវ​ផ្អាក​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង ២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) ក្នុងអំឡុងពេល បិទ​ខ្ទប់​។​

 

​យ៉ាងណាមិញ ដោយ​ពិនិត្យឃើញ​ពី​តម្រូវ​ការចាំបាច់ និង​ស្ថានភាព​អាជីវកម្ម​ជាក់ស្តែង រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ ដូចខាងក្រោម​៖

 

១. រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ការផ្គត់ផ្គង់​ម្ហូបអាហារ​ដែលជា​តម្រូវកា​រ​ចាំបាច់​ប្រចាំថ្ងៃ ក្នុង តំបន់​លឿងទុំ​” និង "​តំបន់​លឿង​” បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ អាចធ្វើ​ដំណើរ​ទៅ​ទិញ​ផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។​ល​។ និង​អាច​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន ដោយ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ចល័ត ឬ លក់ដូរ​តាម​លំនៅឋាន ចាប់ពី​ម៉ោង ៣ (​បី​) ទៀបភ្លឺ​តទៅ ប៉ុន្តែ ត្រូវ​ផ្អាក​អាជីវកម្ម នៅ​ម៉ោង ២០ (​ម្ភៃ​) ជា​កំហិត​ស្របតាម​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ ០៩៧/២១ សសរ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

 

២. រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ការផ្គត់ផ្គង់​ម្ហូបអាហារ​ដែលជា​តម្រូវកា​រ​ចាំបាច់​ប្រចាំថ្ងៃ របស់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង “​តំបន់​លឿងទុំ​” និង​"​តំបន់​លឿង​" ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស់ កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ -៣ ការពារ និង ៣ កុំ​” របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ពលរដ្ឋ រស់នៅ​តំបន់​លឿងទុំ និង​តំបន់​លឿង អាចធ្វើ​ដំណើរ​ទៅ​ទិញ​គ្រឿង​បរិភោគបាន​

PLB Banner on article detail

អត្ថបទពេញនិយម