បងប្អូនប្រជាពលរដ្ឋអ្នកបម្រើសេវាកម្មភ្ញៀវដោយតាក់ស៊ី រឺម៉កកង់បី ក្នុងក្រុងសៀមរាបចំនួន៤៤១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 18:54

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋអ្នកបម្រើសេវាកម្មភ្ញៀវដោយតាក់ស៊ី រឺម៉កកង់បី ដែលបានចាក់វ៉ាក់សាំងលើកទី១ នឹងលើកទី២ ក្នុងក្រុងសៀមរាប មានចំនួន៤៤១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋអ្នកបម្រើសេវាកម្មដឹកភ្ញៀវដោយតាក់ស៊ី រឺម៉កកង់បី ក្នុងក្រុងសៀមរាបចំនួន៤៤១គ្រួសារ។ 

 

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម បង្ហាញថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែវាក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖  មី១កេស ទឹកត្រី ១យួរ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យូរ អង្ករ៣០គីឡូក្រាម ហើយដោយឡែក ម្ចាស់បាលិលេយ្យ សមិទ្ធិផលធ្វើដោយសិប្បករខ្មែរក៏បានជូនបាយ១ប្រអប់ ដបបាញ់អាកុល ១ ផងដែរ។ 

 

គួររំលឹកផងដែរថា រដ្ឋបាលខេត្តបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១នាក់ទៀត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ក្នុងខេត្តសៀមរាប គឺឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំនោះ។ ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់បរិវេណមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្សារកណ្តាល និងតំបន់ជុំវិញផ្សារកណ្តាល ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ៕ ដោយ តាំង ហូ

បងប្អូនប្រជាពលរដ្ឋអ្នកបម្រើសេវាកម្មភ្ញៀវដោយតាក់ស៊ី រឺម៉កកង់បី ក្នុងក្រុងសៀមរាបចំនួន៤៤១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
បងប្អូនប្រជាពលរដ្ឋអ្នកបម្រើសេវាកម្មភ្ញៀវដោយតាក់ស៊ី រឺម៉កកង់បី ក្នុងក្រុងសៀមរាបចំនួន៤៤១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
បងប្អូនប្រជាពលរដ្ឋអ្នកបម្រើសេវាកម្មភ្ញៀវដោយតាក់ស៊ី រឺម៉កកង់បី ក្នុងក្រុងសៀមរាបចំនួន៤៤១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
បងប្អូនប្រជាពលរដ្ឋអ្នកបម្រើសេវាកម្មភ្ញៀវដោយតាក់ស៊ី រឺម៉កកង់បី ក្នុងក្រុងសៀមរាបចំនួន៤៤១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

PLB Banner on article detail