​រន្ទះបាញ់​ផ្តាច់ជីវិត​កសិករ​ម្នាក់​ពេល​ដាក់​ជី​ដំណាំ​

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 13:59

កសិករ​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ខណ​:​កំពុង​ដាក់​ជី​ដំណាំ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​

 

ខេត្តបាត់ដំបង​! បុរស​ជា​កសិករ​ម្នាក់​ត្រូវបាន​រន្ទះបាញ់​បណ្តាលអោយ​ខ្លោច​រោល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ខណ​:​កំពុង​ដាក់​ជី​ដំណាំ​ស្របពេល​ដែល​មេឃ​ភ្លៀងរលឹម​ផ្សែង​ក្រូច​។​

 

​លោក ស្រី វុ​ឌ្ឍី អធិការនគរបាល​ស្តីទី​ស្រុក​កំរៀង​បាន​ប្រាប់​ឲ្យ​ដឹងថា​÷ ហេតុការណ៍​គ្រោះធម្មជាតិ​ដ៏​អាក្រក់​ខាងលើនេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២១ ក្នុងភូមិ​សាស្ត្រ​ភូមិ​ផ្លូវ​ប្រាំមួយ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​ជនរងគ្រោះ​មានឈ្មោះ ផាត សៅ​ធា ភេទ​ប្រុស  ​អាយុ ៣០​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ ដែល​មុនពេល​កើតហេតុ​ស្របពេល​មេឃ​ស្រទុំ​រលឹម​តិចៗ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ដើម្បី​ទៅ​ដាក់​ជី​ដំណាំ​ពោត​នៅឯ​ចម្ការ មិនយូរប៉ុន្មាន​គ្រា​ដែល​កំពុង​ស្ពាយ​ធុង​ស្ពេ​ក​ត្រូ​ដាក់​ជី​ដើរ​ក្នុង​ចម្ការ​ក៏​ស្រាប់តែ​រន្ទះបាញ់​បណ្តាល​ឲ្យ​ឆេះ​រោល​ខ្លោច​ស្លាប់​នៅនឹងកន្លែង​តែម្តង​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 

គួរបញ្ជាក់​ផងដែរ​ថា​!​ចាប់តាំងពី​ដើមខែ​មេសា រហូតមកដល់​ត្រឹម​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ ២០២១​មកនេះ នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តបាត់ដំបង​គ្រោះធម្មជាតិ​រន្ទះបាញ់ បាន​បាញ់សម្លាប់​មនុស្ស​ប្រុស​ស្រី​កើន​ដល់​ចំនួន ៦​នាក់ ខណ​:​សត្វពាហនៈ​ជាង​១០​ក្បាល​ទៀត​បាន​ងាប់​និង​របួស​ដោយសារ​គ្រោះធម្មជាតិ​មួយ​នេះ​៕​

​រន្ទះបាញ់​ផ្តាច់ជីវិត​កសិករ​ម្នាក់​ពេល​ដាក់​ជី​ដំណាំ​

PLB Banner on article detail

អត្ថបទពេញនិយម